អ.ស.ប អំពាវនាវឱ្យមានការស៊ើបអង្កេតករណីរកឃើញជនអន្តោប្រវេសន៍អាក្រាតកាយនៅព្រំដែនក្រិក-តួកគី
អ.ស.ប៖អង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកជនភៀសខ្លួននៅថ្ងៃទី១៦ ខែតុលាឆ្នាំ២០២២ បានថ្កោលទោស និងសម្តែងអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ចំពោះហេតុការណ៍រកឃើញជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៩២នាក់ ដោយរូបភាពគ្មានសំលៀកបំពាក់ និងខ្លះមានស្នាមរបួសនៅលើដងខ្លួន នៅព្រំដែនគោករវាងប្រទេសក្រិកនិងតួកគី។
ជារឿងឃោរឃៅនិងជារឿងដ៏គួរឱ្យខ្មាស់អៀនជាទីបំផុត ចំពោះករណីរកឃើញជនអន្តោប្រវេសន៍នៅព្រំដែនក្រិកនិងតួកគី នៅក្នុងរូបភាពដែលមិនគួរកើតមាន។ នេះគឺជាការលើកឡើងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននិងដោយបានអំពាវនាវឱ្យមានការស៊ើបអង្កេតច្បាស់លាស់ចំពោះឧប្បទេវហេតុនេះ។
ភ្នាក់ងារការពារព្រំដែនអឺរ៉ុប Frontex តាមរយៈទីភ្នាក់សារព័ត៌មានបារាំង AFP បានបញ្ជាក់ពីស្ថានភាពរបស់ជនភៀសខ្លួនទាំងជិត ១០០នាក់នោះថា កំពុងមានស្នាមរបួសនៅលើដងខ្លួនស្ទើរតែគ្រាប់គ្នា។ តាម Frontex ពួកគេភាគច្រើនជាជនភៀសខ្លួនមកពីប្រទេសអាហ្វហ្គានីស្ថាននិងស៊ីរី ដែលអាចងាយរងការរំលោភបំពានសិទ្ធិខ្លាំងណាស់។
ភ្នាក់ងារ Frontex ក៏បានហៅការផ្សព្វផ្សាយដំណឹងអមដោយរូបភាពអាក្រាធរបស់ជនភៀសខ្លួនទាំងនោះរបស់រដ្ឋមន្ត្រីក្រិកថាសកម្មភាពអមនុស្សធម៌។
គួរជ្រាបថា រូបភាពជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើនសន្លឹក ដែលមានសុទ្ធតែជាបុរសក្នុងរូបអាក្រាត ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិក្រិក លោក Takis Theodorikakos បានយកមកបង្ហោះផ្សាយនៅលើនៅលើសារ Twitter ផ្ទាល់ខ្លួនរបស់លោក។
លោក Takis Theodorikakos បានទម្លាក់កំហុសទៅប្រទេសតួកគី និងបានហៅហេតុការណ៍នោះថាជាភាពអាម៉ាស់ផ្នែកមនុស្សធម៌របស់ប្រទេសតួកគី។ ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ជនភៀសខ្លួនទាំងនោះត្រូវបានគេដឹកជញ្ជូនទៅកាន់ទន្លេ Evros តាមរថយន្តកម្មសិទ្ធរបស់អាជ្ញាធរតួកគី ដើម្បីចម្លងចូលទៅទឹកដីប្រទេសក្រិក។
អាជ្ញាធរនៃប្រទេសក្រិកបញ្ជាក់ថា បច្ចុប្បន្ននេះ ពួកគេ កំពុងត្រូវបានសង្គ្រោះបន្ទាន់ ផ្តល់ជាអាហារ និងសម្លៀកបំពាក់ភ្លាមៗ។
ចំណែកតួកគីបានប្រកាសបដិសេធការជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុខាងលើនេះ។អនុរដ្ឋមន្ត្រីមហាផ្ទៃរបស់ប្រទេសតួកគី លោក Ismail Catakli បកស្រាយថា ជាឧបាយកលនិងជាការចោទប្រកាន់របស់ក្រិកតែប៉ុណ្ណោះ។ ចំពោះតួកគី ការបង្ហោះផ្សាយដំណឹងដោយមានអមរូបភាពអាក្រាធកាយរបស់ជនអន្តោប្រវេសន៍រដ្ឋមន្ត្រីតួកគី ជាការបំផ្លាញសេចក្តីថ្លៃថ្នូរបស់ជនភៀសខ្លួន ពុំគួរកើតមាន។
សូមរំលឹកថា មានជនភៀសខ្លួនរាប់សិបពាន់នាក់ ពិសេសជនភៀសខ្លួនស៊ីរី បាននាំគ្នាសម្រុករត់ឆ្លងព្រំដែនតួកគីនិងក្រិក នៅរវាងពីខែកុម្ភៈដល់ខែមីនាឆ្នាំ២០២០ បន្ទាប់ពីលោកប្រធានាធិបតីតួកគី អ៊ែរដូហ្កាន បានគំរាមបើកចំហច្រកព្រំដែនជាមួយអឺរ៉ុប។ កាលពីឆ្នាំ២០១៥ មនុស្សជិតមួយលាននាក់ ភាគច្រើនជាជនភៀសខ្លួនស៊ីរី បានផ្សងព្រេងធ្វើដំណើរ តាមតួកគី មកដល់អឺរ៉ុប តាមកោះតូចៗរបស់ក្រិក៕
ដោយ៖បណ្តូល ពេជ្រ / CPA
https://www.bbc.com/news/world-europe-63278122
https://edition.cnn.com/2022/10/16/europe/unhcr-greece-turkey-migrants/index.html