អ៊ុយក្រែនរុស្ស៊ីបានដោះដូរអ្នកទោសជាស្រ្តីដ៏ច្រើនមិនធ្លាប់មាន
រុស្ស៊ី:ប្រទេសរុស្ស៊ីនិងអ៊ុយក្រែននៅថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ ២០២២ បានដោះដូរអ្នកទោសទៅឱ្យ គ្នាទៅវិញទៅមកសរុបចំនួន ២១៨នាក់។ តាមការបញ្ជាក់ពី ប្រទេសអ៊ុយក្រែន អ្នកទោសជាស្ត្រីអ៊ុយក្រែនចំនួន ១០៨នាក់ បាន ស្គាល់សេរីភាពជាថ្មី។នេះគឺ ជាការដោះដូរអ្នកទោសជាស្ត្រីដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោះដូរជាមួយរុស្ស៊ី។
ប្រទេសរុស្ស៊ីនិងអ៊ុយក្រែន បានបញ្ជាក់ ពីការ ផ្លាស់ប្តូរការដោះលែងអ្នកទោស ក្នុងចំនួនដ៏ច្រើនមួយ កាលពីថ្ងៃ ទី ១៧ ខែតុលា ឆ្នាំ ២០២២។ អ៊ុយក្រែនបានដោះលែងអ្នកទោសរុស្ស៊ី ចំនួន ២១៨នាក់ ចំណែកឯរុស្ស៊ីវិញបានដោះលែងអ្នកទោសអ៊ុយក្រែន ដែលជាស្ត្រីចំនួន ១០៨នាក់។
លោក Andriy Yermak ជា ទីប្រឹក្សា ប្រធានាធិបតី អ៊ុយក្រែនបានឱ្យដឹងថា ការដោះដូរអ្នកទោសជាមួយរុស្ស៊ីលើកនេះ គឺជាការដោះលែងអ្នកទោសសង្គ្រាមជា ស្ត្រីអ៊ុយក្រែនពីប្រទេសរុស្ស៊ីដ៏ច្រើនមិនធ្លាប់មាន។
តាមរយៈរូបថតបង្ហោះដោយ លោក Andriy Yermak បង្ហាញឱ្យឃើញរូបស្ត្រីរាប់សិបនាក់ ខ្លះពាក់អាចធំ និងកម្លាំងយោធា ចុះដំណើរពីលើឡានក្រុងពណ៌ស។ អ្នកទោសអ៊ុយក្រែន ដោះលែងទាំងនោះ មានអាយុច្រើនបំផុត៦២ឆ្នាំ និងតិចបំផុត ២១ឆ្នាំ។
តាមការបញ្ជាក់របស់ លោក Andriy Yermak ក្នុងចំណោមអ្នកទោសស្ត្រីទាំងនោះមាន ១២នាក់ជាជនស៊ីវិល ៣៧នាក់ទៀត ជាស្ត្រីដែលត្រូវបានចាប់ខ្លួនដោយរុស្ស៊ី ក្រោយរុស្ស៊ី ចូល កាន់កាន់ទីតាំងរោងចក្រស្លរដែក Azovstal នៅទីក្រុង Mariupol កាលពីខែឧសភាកន្លងទៅ ។ ចំណែកអ្នកសេសសល់ គឺជាអ្នកជាប់ទោសតាំងតែពីឆ្នាំ ២០១៩មក ដែលជាប់ឃុំខ្លួន ដោយរុស្ស៊ីនៅក្នុងតំបន់ភាគខាងកើត។
ចំណែកក្រសួងការពារជាតិរុស្ស៊ីវិញ បានឱ្យដឹងថា ក្នុងចំណោមជនជាតិរុស្ស៊ីដោះលែងដោយអ៊ុយក្រែនទាំងជាង១១០នាក់នោះ គឺមាន៧២ នាក់ជានាវិកកប៉ាល់ពាណិជ្ជកម្មខុសច្បាប់ និង៣០នាក់ជាបុគ្គលិក សេវាកម្ម ដែលត្រូវបានចាប់ខ្លួនដោយអ៊ុយក្រែន កាលពីខែកុម្ភៈមក។
នៅក្រោយទទួលបានការដោះលែង មូស្គូបាន បញ្ជាក់ថា ពួកគេ នឹងត្រូវហោះហើរត្រលប់ទៅទីក្រុងមូស្គូវិញ ហើយរដ្ឋរុស្ស៊ីនឹងផ្តល់ជំនួយ ផ្នែកវេជ្ជសាស្ត្រនិងផ្លូវចិត្តទៅកាន់ពួកគេដែរ។
គួរជ្រាបថា រុស្ស៊ីនិងអ៊ុយក្រែនបាន យល់ព្រមដោះដូរអ្នកទោសទ្រង់ទ្រាយធំនេះ ទោះបីមានភាពចលាចលក៏ដោយ។ ស្ថានការណ៍សង្គ្រាមឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែនតាំងពីខែកុម្ភៈ នៅតែបន្តមានភាពតានតឹងនៅឡើយ។ ក្នុង រយៈពេល ចុង ក្រោយ នេះ ទាំង ទ័ពអ៊ុយក្រែន និងរុស្សុី បានឈានដល់ ការ ប្រើ ដ្រូន ដើម្បី វាយប្រហារ គ្នា ទៅ វិញ៕ ដោយ:បណ្តូល ពេជ្រ / CPA