អ៊ុយក្រែនជំរុញឲ្យអ៊ីរ៉ង់បញ្ឈប់ការផ្គត់ផ្គង់យន្តហោះដ្រូនអត្តឃាតដល់រុស្ស៊ីជាបន្ទាន់ ខណៈពលរដ្ឋអ៊ុយក្រែនផ្ទុះកំហឹងខ្លាំងប្រឆាំងនឹងអ៊ីរ៉ង់

កៀវ៖ ក្រសួងការបរទេសអ៊ុយក្រែនបានជំរុញឲ្យអ៊ីរ៉ង់បញ្ឈប់ជាបន្ទាន់ នូវការផ្គត់ផ្គង់យន្តហោះដ្រូនអត្តឃាតដល់រុស្ស៊ី ខណៈដែលបាតុកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់បានកើតឡើងក្នុងទីក្រុងកៀវ។

ក្រសួងការបរទេសអ៊ុយក្រែន នៅថ្ងៃចន្ទទី១៧ ខែតុលានេះ បានបញ្ជាក់ថា គិតត្រឹមចុងសប្តាហ៍មុននេះ រុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ជាង ១០០គ្រឿង ដើម្បីវាយប្រហារអគារលំនៅដ្ឋាន ស្ថានីយ៍ថាមពល និងកន្លែងផ្សេងទៀតនៅក្នុងទីក្រុងមួយចំនួនរបស់អ៊ុយក្រែន។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួង ការវាយប្រហារដោយយន្តហោះដ្រូនបានសម្លាប់ជីវិតមនុស្សរាប់សិបនាក់ រួមទាំងកុមារ ហើយថា មួយភាគបីនៃហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនត្រូវបានខូចខាត។

សេចក្តីថ្លែងការណ៍ដដែលបន្តថា ការផ្តល់អាវុធដើម្បីធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន និងសម្លាប់ពលរដ្ឋអ៊ុយក្រែន នឹងធ្វើឱ្យអ៊ីរ៉ង់ជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មឈ្លានពាន, ឧក្រិដ្ឋកម្មសង្រ្គាម និងអំពើភេរវកម្មរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ ខូលេបា ក៏បានអំពាវនាវដល់សមភាគីសហភាពអឺរ៉ុបរបស់លោក ឱ្យដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ចំពោះការជួយរុស្ស៊ីប្រព្រឹត្តអំពើភេរវកម្ម។

គួរបញ្ជាក់ថា ពលរដ្ឋអ៊ុយក្រែនជាច្រើនបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុងកៀវ នៅថ្ងៃចន្ទសប្តាហ៍នេះ ដោយអ្នកខ្លះបានលើកទង់ជាតិអ៊ុយក្រែន និងបដាដែលសរសេរថា «ឈប់សម្លាប់យើងទៅ»។ អ្នកផ្សេងទៀតកាន់ទៀនដើម្បីកាន់ទុក្ខជនរងគ្រោះ។ អ្នកចូលរួមតវ៉ាម្នាក់បាននិយាយថា អាជ្ញាធរក្នុងប្រទេសអ៊ីរ៉ង់គួរតែបង្វែរការយកចិត្តទុកដាក់របស់ពួកគេ ចំពោះជនរងគ្រោះស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ហើយឈប់ផ្តល់អាវុធដល់រុស្ស៊ី៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner