ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន PTT លាលែងពីតំណែងដោយសារសម្ពាធនយោបាយ

ថៃ៖ កាសែតដឹណេសិននៃប្រទេសថៃផ្សាយដោយដកស្រង់ប្រភពពីវិមានរដ្ឋាភិបាលដែលបាននិយាយកាលពីថ្ងៃអង្គារទី១៨ខែតុលាថា ប្រធានក្រុមប្រឹក្សាភិបាលរបស់ PTT លោក Thosaporn Sirisumphand បានលាលែងពីតំណែងដោយសារតែសម្ពាធនយោបាយ។

ប្រភពបានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីលោក Thosaporn Sirisumphand ដែលជានាយកឯករាជ្យមួយរូបនៃក្រុមហ៊ុនPTT បានផ្ញើលិខិតលាលែងពីដំណែងដោយចូលជាធរមានចាប់ពីថ្ងៃទី១៥ខែតុលា គឺរយៈពេលប្រាំពីរខែប៉ុណ្ណោះបន្ទាប់ពីការតែងតាំងគាត់ឱ្យកាន់តំណែងកំពូលនេះកាលពីថ្ងៃទី៨ខែមេសាឆ្នាំ២០២២។

ប្រភព​បន្ត​ថា លោក Thosaporn ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការបំពេញការងាររបស់ខ្លួន ខណៈដែលលោក​ប្រឈមមន្ត្រី​រដ្ឋាភិបាល​ដែល​កាន់​អំណាច​នយោបាយក្នុងដៃ។

ប្រភពបាននិយាយថា៖«លោក Thosaporn មានទំនាស់ធ្ងន់ធ្ងរជាមួយក្រុមការងាររដ្ឋាភិបាល” គាត់ត្រូវបានគេដាក់សម្ពាធឱ្យលាលែងពីមុខតំណែងជាច្រើនដែលគាត់កាន់»។

ប្រភព​បាន​បន្ថែម​ថា លោក Thosaporn គ្រោង​លាលែង​ពី​គ្រប់​មុខ​តំណែង​ក្នុង​រដ្ឋាភិបាលថៃទៀត ។ បច្ចុប្បន្ន​លោក​​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ ហើយលោកត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទីប្រឹក្សា​ដែល​លោកប្រាយុទ្ធទុក​ចិត្ត។លោកធ្លាប់ត្រូវតែង​តាំងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមផងដែរ៕ ដោយ៖ វណ្ណ ស័ក្តិ

ads banner