កងទ័ពមួកខៀវកម្ពុជា១០នាក់ពលីជីវិត ខណៈកម្ពុជាបញ្ជូនកម្លាំងជាងប្រាំបីពាន់នាក់ទៅក្រៅប្រទេសក្នុងនាមអ.ស.ប នារយៈពេល១៦ឆ្នាំចុងក្រោយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ចាប់តាំងពីពេលនៃការបង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពនៅខែមេសា ឆ្នាំ២០០៦មក ពោលគឺក្នុងរយៈពេល១៦ឆ្នាំ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវចំនួនប្រាំបីពាន់នាក់ទៅតាមបណ្ដាប្រទេសមួយចំនួន ដែលស្ថិតក្រោមបេសកកម្មរបស់អង្គការសហប្រជាជាតិ(អ.ស.ប)។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ផល សាម៉ន អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព។

ឧត្តមសេនីយ៍ឯក ផល សាម៉ន បញ្ជាក់ថា បើគិតពី ២០១៨ ដល់ឆ្នាំ ២០២២ កម្ពុជាបានទទួលការបញ្ជូនកម្លាំងជាង ៣ ០០០ពាន់នាក់រួចហើយ ខណៈដែលក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ កងទ័ពមួកខៀវកម្ពុជាបានបាត់បង់ជីវិតចំនួន ១០នាក់។

លោកឧត្តមសេនីយ៍ឯក ផល សាម៉ន មានប្រសាសន៍ថា៖ « មជ្ឈមណ្ឌលជាតិឆ្លើយតបនឹងអនុសាសន៍របស់សម្ដេចតេជោ បានបង្កើតក្រុមការងារមួយដែលជាទីបញ្ជាការគ្រប់គ្រងនៅលើចំនួនប្រាំប្រទេសដែលយើងកំពុងធ្វើការងារជាមួយរាល់ថ្ងៃ។»

លោកបន្តថា បច្ចុប្បន្នកម្ពុជាយើងមានកងទ័ពឈរជើងជាង ៨០០នាក់លើប្រាំប្រទេស ដែលរួមមាន៖សូដង់ សូដង់ខាងត្បូង ម៉ាលី អាហ្វ្រីកកណ្ដាល និងលីបង់ ដែលកម្លាំងទាំង ៨០០នាក់នេះ បច្ចប្បន្នកំពុងប្រតិបត្តិការដែលប្រឈមនឹងគ្រោះថ្នាក់ជាច្រើន។ ទាំងនេះក៏ជាអ្វីដែលកម្ពុជាក្នុងនាមជាប្រទេសធ្លាប់មានសង្រ្គាមអាចធ្វើបានក្នុងការជួយប្រទេសដែលកំពុងមានសង្រ្គាម។

ឧត្តមសេនីយ៍ឯក ផល សាម៉ន បន្ថែមថា សម្រាប់កងទ័ពមួកខៀវកម្ពុជាដែលបានបាត់បង់ជីវិតនៅក្រៅប្រទេសក្នុងរយៈពេលប្រាំឆ្នាំចុងក្រោមនេះ​មានចំនួន១០នាក់ នៅអាហ្វ្រីកកណ្ដាលប្រាំនាក់ និងនៅប្រទេសម៉ាលីប្រាំនាក់។ ចំណែកឯមូលហេតុនៃការស្លាប់របស់កងទ័ពកម្ពុជាក្នុងពេលបំពេញការងារមនុស្សធម៌ និងសន្តិភាព គឺដោយសារព្យុះខ្សាច់ និងដោយសារជំងឺកូវីដ១៩។

លោកបន្តថា ដើម្បីគ្រប់គ្រង និងចែកចាយព័ត៌មាន ព្រមទាំងអាចធានាសុវត្ថិភាពរបស់កងទ័ពកម្ពុជាដែរនោះ មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបានចែកការងារជាពីរធំៗគឺ៖ ទី១. ខាងក្រៅ​ និងខាងក្នុងប្រទេស ទោះបីជាមានគម្លាតពេលវេលាឆ្ងាយគ្នាក៏ដោយ ប៉ុន្តែការគ្រប់គ្រងព័ត៌មានត្រូវបានកំណត់ច្បាស់លាស់ ដើម្បីធានាថាហេតុការណ៍ដែលកើតឡើងក្នុងតំបន់ដែលកម្ពុជាឈរជើង គឺត្រូវដឹងមកកម្ពុជាឱ្យបានលឿនបំផុតតាមរយៈបច្ចេកវិទ្យា។ ទី២. មជ្ឈមណ្ឌលជាតិបានធ្វើការណែនាំ ហើយគ្រប់គ្រងចំពោះអ្វីដែលជាឧបសគ្គនៅក្នុងតំបន់ឈរជើងជាក់ស្ដែង ដែលកន្លងមកមានការប្រឈមនឹងព្យុះខ្សាច់ និងជំងឺកូវីដ១៩ជាដើម៕ ដោយ៖ កែវ បុស្បា

ads banner