កសិកររងគ្រោះដោយទឹកជំនន់នៅ៣ស្រុក /ក្រុង នៃខេត្តបន្ទាយមានជ័យនឹងទទួលស្រូវពូជ”សែនក្រអូប”អំណោយសម្តេចតេជោ ហ៊ុន សែន
បន្ទាយយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យត្រៀមលក្ខណ:ទទួលសម្តេចជោហ៊ុន សែន ក្នុងពិធីសំណេះសំណាលនិងចែកពូជស្រូវស្រាលមិនប្រកាន់រដូវ”សែនដល់កសិកររងគ្រោះដោយទឹកជំនន់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី២៣ខែតុលាឆ្នាំ២០២២ ខាងមុខ នៅផ្សារបុរីជ័យ(អ៊ឹង វ៉ាន់ម៉ៅ) ភូមិចម្ការតាដោកឃុំឬស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។
នេះបើតាម ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងក្នុងកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំកម្មវិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងពិធីសំណេះសំណាល ចែកស្រូវពូជដល់កសិកររងគ្រោះដោយទឹកជំនន់នាថ្ងៃទី២២-២៣ខែតុលា ដ៏ខ្លីខាងមុខនេះ ។
ឯកឧត្ដម បានបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២២ខែតុលា នឹងអញ្ជើញទៅជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រីរាជការស៊ីវិល កងកម្លាំង។ លុះព្រឹកបន្ទាប់នាថ្ងៃទី២៣ខែតុលា សម្តេចនាយករដ្ឋមន្ត្រីនឹងអញ្ជើញទៅជួបសំណេះសំណាលនុងចែកស្រូវពូជដល់បងប្អូនប្រជាកសិករ ដែលរងគ្រោះទឹកជំនន់៥.២២០គ្រួសារលើ៣ស្រុកក្នុងខេត្តបន្ទាយមានជ័យ
ស្រុកមង្គលបូរីជាង៣.០០០គ្រួសារ ក្រុងសិរីសោភ័ណជិត៦០០គ្រួសារ និងស្រុកភ្នំស្រុកចំនួនជាង១០០០គ្រួសារ ។
ចំពោះពូជស្រូវប្រភេទស្រាលមិនប្រកាន់រដូវប្រភេទ”សែនក្រអូប” ក្រអូប” របស់អង្គភាពប្រព័ន្ធស្បៀងបម្រុងកម្ពុជានៃរាជរដ្ឋាភិបាល ដែលផលិតចេញពីកសិដ្ឋានពូជស្រូវទួលសំរោងស្រុកថ្មគោលខេត្តបាត់ដំបងនៃអគ្គនាយកដ្ឋានកសិកម្ម។ស្រូវពូជដែលកសិករនឹងទទួលបានគឺចំនួន១០០គក្រ/១គ្រួសារ (ដាំដុះបានលើផ្ទៃដី១ហិចតា ) ហើយសម្រាប់តែអ្នករងគ្រោះខូចខាត ហើយមានប្រភពទឹកអាចដាំដុះបានប៉ុណ្ណោះ ។
គួររំលឹកថា ស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យពីខែសីហា កញ្ញា ដល់ពាក់កណ្តាលខែតុលាបានបង្កប៉ះពាល់ចំនួន៣៤៨ភូមិ, ៤៩ឃុំ សង្កាត់ នៃទាំង០៩ស្រុកក្រុង ។ក្នុងនោះ លំនៅឋាន ១៥.៥០៦ខ្នងផ្ទះ ។ ពលរដ្ឋជន្លៀសពីទឹកជំនន់មាន១.៤៣១គ្រួសារ ស្មើមនុស្សរាយ ៣.២៦៧នាក់ /ស្រី១.៧៧៨នាក់ /កុមារ៦៥២នាក់ ។
ជន្លៀសសត្វពាហន:២.៨៦៧ក្បាល ប៉ះពាល់ស្រូវ៣៦.០៥៩ហិចតា ខូចខាត ៥.៦៤៦ហិចតា ៕ដោយ៖ឃិន គន្ធា

