ផ្លូវមួយខ្សែ ស្ថិតនៅក្នុងភូមិ អន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ ចង្អើរ ខេត្តកែប ត្រូវបានសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
ខេត្តកែប ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រេីប្រាស់ផ្លូវលេខ 1KEK7 (អតីតផ្លូវ ១៣៣៣A) ប្រវែងសរុប ៣,៥០០ម៉ែត្រ ដោយដីល្បាយថ្មភ្នំ និងគម្រោងគូសាណូណិ រួមមានការងារសាងសង់លូប្រអប់ ០១កន្លែង លូមូលទទឹងផ្លូវ ០២កន្លែង ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ពិធីនេះក៏បានការចូលរួមពី លោក TOKITO HIROYUKI (តុគិតុ ហ៊ិរុយឹគិ) តំណាងស្ថានទូតជប៉ុន ផងដែរ ។
លោក ម៉ម ទូច ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកែប បានអោយដឹងថា ផ្លូវលេខ1KEP7 (អតីតផ្លូវ ១៣៣៣A) មានប្រវែងសរុប៣,៧៥០ម៉ែត្រ ដោយបំបែកចេញពីផ្លូវលេខ១៣៣៣ ត្រង់PK4+136 រហូតដល់ផ្លូវលេខ១៣៣៥ ត្រង់គ.ម១+៩៥០ ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ផ្លូវនេះចែកជាពីរផ្នែក៖
១- រដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់ជំនួយឥតសំណងនៃគម្រោងគូសាណូណិ ដោយចាក់ដីល្បាយថ្មប្រវែង២៥០ម ទទឹង៧ម, លូប្រអប់១កន្លែង ប្រវែង៣ម ទទឹង៧ម និងលូមូលកាត់ផ្លូវអង្កត់ផ្ចិត១ម ១ជួរ ប្រវែង១០ម ចំនួន ០២កន្លែង ចន្លោះគ.ម៣+០៥០ ដល់ គ.ម៣+៣០០(លើខ្នងទំនប់) ជាលទ្ធផលសម្រេចបាន១០០%នៃគម្រោងការងារ។
២-ផ្លូវដែលនៅសល់ប្រវែង៣,៥០០ម៉ែត្រទទឹង១០ម៉ែត្រ ចន្លោះគ.ម០+០០ ដល់ គ.ម៣+០៥០និងគ.ម៣+៣០០ ដល់គ.ម៣+៧៥០ ក្នុងគម្រោងផែនការប្រចាំឆ្នាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប គឺជាគម្រោងដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្តល់ជូនខេត្តកែប តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្ត ដោយត្រូវពង្រីក និងលើកកំពស់តួថ្នល់រួចចាក់ក្រាលដីល្បាយថ្ម ដែលមានរយៈពេលសាងសង់ចំនួន១២ខែ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា៖ ផ្លូវខាងលើនេះ ជាផ្នែកមួយយ៉ាងសំខាន់ដែលមានភាពប្រទាក់ក្រឡាគ្នា ពិសេសជាការតភ្ជាប់សៀគ្វីទេសចរណ៍ ពីតំបន់នានា មកកាន់តំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ និងជាតំបន់កសិឧស្សាហកម្មដ៏មានសក្តានុពល។ ជាមួយគ្នានេះ ក៏បានជួយពង្រីកដល់មុខព្រួញវិស័យដទៃទៀតក្នុងការរួមចំណែកអភិវឌ្ឍខេត្ត និងបង្កើតមុខរបរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យមានជីវភាពកាន់តែធូរធាឆ្លងផុតពីបន្ទាត់ភាពក្រីក្រ។
ឯកឧត្តម បន្តថា សមិទ្ធផលខាងលើនេះ គឺកើតចេញពីនយោបាយ ឈ្នះ ឈ្នះ! របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងដឹកនាំអនុវត្តប្រកបដោយ ជោគជ័យដ៏ត្រចះត្រចង់ ហើយបាននាំមកនូវសុខសន្តិភាពពេញលេញ ការឯកភាពជាតិ ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងរក្សាបានទាំង ស្រុងនូវអធិបតេយ្យភាព និងបូរណភាពទឹកដី។ កត្តាទាំងនេះ គឺជាបច្ច័យដ៏ល្អសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសការដាក់ចេញ និងអនុវត្តនូវគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។
ក្នុងនាមឯកឧត្ដមផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជំនួយឥតសំណងនៃគម្រោងគូសាណូណិ សម្រាប់គម្រោងចាក់ដីពង្រីកតួផ្លូវ សាងសង់លូប្រអប់០១កន្លែង និងលូមូល០២កន្លែង លើផ្លូវលេខ1KEP7 (អតីតផ្លូវលេខ១៣៣៣A) ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាពេល នេះ ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ការធ្វើចរាចរណ៍ដឹកជញ្ជូន កសិផល សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ពុទ្ធបរិស័ទ ទៅកាន់ទីវត្តអារ៉ាម អង្គភាពផ្តល់សេវាសាធារណៈផ្សេងៗ និងការបញ្ជូនអ្នកជម្ងឺ ឬស្រ្តីឆ្លងទន្លេទៅមណ្ឌលសុខភាពឱ្យកាន់តែមានភាពល្អប្រសើជាងមុន ៕ Sila Sarin

