ក្រុមហ៊ុន​រថយន្ត​កូរ៉េ Hyundai កំពុង​បើកការស៊ើបអង្កេត​ករណី​ពលកម្ម​កុមារ​នៅ​អាមេរិក

សេអ៊ូល៖ក្រុមហ៊ុន Hyundai Motor Co ដែលជាក្រុមហ៊ុនផលិតរថយន្តកំពូលរបស់កូរ៉េខាងត្បូងកំពុងបើកស៊ើបអង្កេតជុំវិញករណីរំលោភលើកម្លាំងពលកម្មកុមារក្នុងក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួននៅទឹកដីអាមេរិក។ Hyundai ក៏គ្រោងនឹងផ្តាច់ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ក្នុងរដ្ឋ Alabama ជុំវិញរឿងអាស្រូវនេះ។ នេះបើតាមការបញ្ជាក់របស់លោក Jose Munoz ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន ដែលប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី១៩ ខែតុលា។

របាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មាន Reuters ក្នុងខែកក្កដាបានរកឃើញថាមានកុមារ រួមទាំងក្មេងអាយុ១២ឆ្នាំម្នាក់ផងបានធ្វើការនៅរោងចក្រផលិតគ្រឿងដែក(គ្រឿងបង្គុំ)ដែលគ្រប់គ្រងដោយក្រុមហ៊ុន Hyundai នៅតំបន់ជនបទនៃតំបន់Luverne រដ្ឋ Alabama។ រោងចក្រនេះ ត្រូវបានគេស្គាល់ឈ្មោះ SMART Alabama, LLC ។

បន្ទាប់ពីមានសេចក្តីរាយការណ៍របស់សារព័ត៌មាន Reuters នាយកដ្ឋានការងារនៃរដ្ឋ Alabama រួមជាមួយភ្នាក់ងារសហព័ន្ធបានបើកការផ្តើមស៊ើបអង្កេតលើរោងចក្រខាងលើ។ ជាបន្តបន្ទាប់ អាជ្ញាធរក៏បានចាប់ផ្តើមការស៊ើបអង្កេតករណីពលកម្មកុមារ នៅរោងចក្រផ្គត់ផ្គង់ក្នុងតំបន់មួយទៀត ដែលមានឈ្មោះថា SL Alabama។ ការស៊ើបអង្កេតនេះក៏បានរកឃើញថាមានកុមារអាយុចាប់ពី១៣ឆ្នាំបានបម្រើការងារនៅទីនោះ។

នៅក្នុងបទសម្ភាសន៍មួយនាទីក្រុង Detroit កាលពីថ្ងៃពុធ ទី១៩​ ខែតុលា លោក Munoz បានថ្លែងថា ក្រុមហ៊ុន Hyundai មានបំណងផ្តាច់ទំនាក់ទំនងជាមួយរោងចក្រផ្គត់ផ្គង់ទាំងពីរក្នុងរដ្ឋ Alabama ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតករណីរំលោភបំពានលើពលកម្មកុមារ។

លើសពីនេះទៀត លោក Munoz បានប្រាប់សារព័ត៌មាន Reuters ថាលោកបានបញ្ជាឱ្យមានការស៊ើបអង្កេតទ្រង់ទ្រាយធំលើបណ្តាញផ្គត់ផ្គង់របស់ក្រុមហ៊ុន Hyundai ទូទាំងសហរដ្ឋអាមេរិក។ ជាការស៊ើបអង្កេតរកមើលថា តើក្រុមហ៊ុនទាំងនោះ បានរំលោភច្បាប់ការងារឬយ៉ាងណា និងដើម្បីធានាបាននូវការអនុលោមតាមច្បាប់។

ការអត្ថាធិប្បាយរបស់លោក Munoz ត្រូវបានគេចាត់ទុកថាតំណាងឱ្យការទទួលស្គាល់ជាសាធារណរបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េមួយនេះ ដែលថាមានការរំលោភលើកម្លាំងពលកម្មកុមារ ប្រហែលជាបានកើតឡើងនៅក្នុងរោងចក្រផ្គត់ផ្គង់របស់ខ្លួននៅសហរដ្ឋអាមេរិក។

រោងចក្រដំឡើងរថយន្ត Hyundai ដែលមានតម្លៃ ១​.៨ប៊ីលានដុល្លារនៅទីក្រុង Montgomeryនៃរដ្ឋ Alabama បានផលិតរថយន្តជិតពាក់កណ្តាលនៃរថយន្តជា ៧៣៨,០០០គ្រឿង ដែលក្រុមហ៊ុនបានលក់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខរបស់ក្រុមហ៊ុន។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ ក៏បានសន្យាថាក្រុមហ៊ុន Hyundai នឹងជំរុញឱ្យបញ្ឈប់ការពឹងផ្អែកលើអ្នកផ្គត់ផ្គង់ការងារ ដែលជាភាគីទីបី នៅអាមេរិកភាគខាងត្បូង។

សេចក្តីរាយការណ៍របស់ Reuters រកឃើញថាកុមារអន្តោប្រវេសន៍ពីហ្គាតេម៉ាឡាធ្វើការក្នុងក្រុមហ៊ុន SMART Alabama និងរោងចក្រ SL Alabama គឺត្រូវបានជ្រើសរើស ដោយក្រុមហ៊ុនផ្នែកស្វែងរកការងារក្នុងតំបន់។ តាមរយៈសេចក្តីថ្លែងការណ៍ដែលសារព័ត៌មានទទួលបាន ក្រុមហ៊ុន Hyundai បានកាត់ផ្តាច់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនស្វែងរកការងារមួយ ក្នុងចំណោមក្រុមហ៊ុនដែលរកកម្លាំងពលកម្មឲ្យរោងចក្រទាំងពីរខាងលើ៕  ដោយ៖យ៉ាន អាន/ CPA

ads banner