សិក្ខាសាលាស្តីពី ការជំរុញការអនុវត្តច្បាប់ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ
ភ្នំពេញ ៖ សិក្ខាសាលាស្តីពីការជំរុញការអនុវត្តច្បាប់ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈវម្រុះ ក្នុងគោលបំណងដើម្បីជំរុញការអនុវត្តវិធានការគ្រប់គ្រងការបំពុលបរិស្ថាន ការបំពេញកាតព្វកិច្ចស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ ក្រោមអធិបតីភាព ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ទីស្ដីការក្រសួងបរិស្ថាន ។
លោក ធីវ សុភារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានឲ្យដឹងថា ក្រសួងបរិស្ថានបានបង្កើតក្រុមការងារអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់លើកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ ដែលមានសមាសភាពពីបណ្ដាអគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន ដោយបានបែងចែកជា ១៦ អនុក្រុម រួមមាន ៤ ផ្នែក ដូចជា៖ (១) គម្រោងតំបន់សេដ្ឋកិច្ចពិសេស និងអាជីវកម្មរ៉ែ (២) គម្រោងរោងចក្រ និងសិប្បកម្ម (៣) គម្រោងវិនិយោគក្នុងតំបន់ការពារធម្មជាតិ និង (៤) គម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម ទា ជុប មានប្រសាសន៍ថា ៖ ក្រសួងបរិស្ថាន បាននឹងកំពុងខិតខំបំពេញភារកិច្ចស្នូលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការចូលរួម អនុវត្តគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រចតុកោណ ដំណាក់ទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (ឆ្នាំ២០១៦-២០៣០) តាមរយៈការ ធ្វើកំណែទម្រង់ស៊ីជម្រៅ សំដៅពង្រឹងការអនុវត្ត និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងបរិស្ថាន និង ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របដោយនិរន្តរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់ ដោយបានកំណត់អាទិភាពគោលនយោបាយរបស់ខ្លួន ឈរលើ សសរស្តម្ភ៤ គឺ ការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយ ចីរភាព។
ដោយឡែក នៅក្នុងក្របខណ្ឌកិច្ចគាំពារបរិស្ថាន ក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើការទប់ស្កាត់ ការកាត់បន្ថយការបំពុលបរិស្ថាន និងការថែរក្សាគុណភាពបរិស្ថានទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរ សម្រាប់ការប្រើប្រាស់ និងការទ្រទ្រង់ជីវិត ជីវៈចម្រុះ ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត តាមរយៈការ ដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាព លិខិតបទដ្ឋានច្បាប់ និងវិធានការគ្រប់គ្រងសំណល់ និងសារធាតុបំពុលបរិស្ថាននានា ប្រកបដោយនិរន្តរភាពបរិស្ថាន ដោយមានតម្រូវការជាចាំបាច់ នូវការចូលរួមគាំទ្រនិងអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ឬ ដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីធានាថា សំណល់និង សារធាតុគីមីពុល ដែលបង្កើត និងបញ្ចេញដោយសកម្មភាពអភិវឌ្ឍន៍ និងភាពរីកចម្រើននៃសង្គមជាតិ គឺត្រូវបានគ្រប់គ្រង និងបានធ្វើប្រព្រឹត្តកម្មសម្អាតមុនបញ្ចេញទៅក្នុងបរិយាកាស ទឹក ឬ ដី។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ក្នុងបរិបទ ដែលប្រទេសកម្ពុជាយើងមានសុខសន្តិភាព និងស្ថិរភាពនយោបាយក្នុងប៉ុន្មានទសវត្ស ចុងក្រោយនេះ កម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាអាទិ៍ វិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ រ៉ែ និងថាមពល ។ល។
ប៉ុន្តែសកម្មភាពនៃការអភិវឌ្ឍន៍ទាំងនេះ ក៏បាននាំឱ្យមានការបញ្ចេញនូវ សំណល់រឹង សំណល់រាវ សារធាតុគីមី និងសារធាតុបំពុលគ្រោះថ្នាក់ផ្សេងៗ ចូលទៅក្នុងបរិស្ថាន ដែល បញ្ហានេះ តម្រូវឱ្យមានការយកចិត្តទុកដាក់លើការគ្រប់គ្រងសំណល់ និងលើកកម្ពស់ផ្នែកកិច្ចគាំពារបរិស្ថាន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលផងដែរ។ ដូច្នេះ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពបរិស្ថាន គឺតម្រូវឱ្យគ្រប់ម្ចាស់អាជីវកម្ម ទាំងអស់ ត្រូវយកចិត្តទុកដាក់គោរព និងអនុវត្តតាមវិធានការតម្រូវលិខិតបទដ្ឋានច្បាប់ ដែលមានជាធរមាន សំដៅជៀសវាងបាននូវការបង្កឱ្យមានបញ្ហាបំពុលទឹក ដី និងខ្យល់ និងប៉ះពាល់ដល់សុខភាព និងការរស់ នៅរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម ទា ជុប សង្ឃឹមយ៉ាងមុតមាំថា តាមរយៈនៃអង្គសិក្ខសាលានេះ នឹងជួយលើកកម្ពស់នៃការយល់ដឹង បន្ថែមទៀតដល់អ្នកពាក់ព័ន្ធទាំងអស់ អំពីបទប្បញ្ញត្តិច្បាប់បរិស្ថាននានា និងការងារគ្រប់គ្រងសំណល់ ប្រកបដោយសុវត្ថិភាពបរិស្ថាននាពេលអនាគត ជាពិសេសធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕ ដោយ / គ្រី សម្បត្តិ


