វៀតណាមមានករណីមនុស្សឆ្លងផ្តាសាយបក្សីលើកដំបូង ក្នុងរយៈពេល ៨ឆ្នាំ
ហាណូយ៖ ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ នៅខេត្ត Phu Tho ភាគខាងជើងបានក្លាយជាករណីឆ្លងមកមនុស្សដំបូងគេបង្អស់ នៃជំងឺផ្តាសាយបក្សី A/H5 នៅក្នុងប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ ២០១៤មក។
លោក Tran Nhu Duong អនុប្រធានវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាត បាននិយាយថា ក្រុមជំនាញត្រូវបានបញ្ជូនទៅកាន់កន្លែងដែលក្មេងស្រីរស់នៅ ហើយដោយមានការសហការជាមួយនាយកដ្ឋានសុខភាពសត្វ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរមូលដ្ឋាន ដោយបានធ្វើការស៊ើបអង្កេតផ្នែកវេជ្ជសាស្ត្រ ទាក់ទងនឹងករណីនេះ។
សំណាកចំនួន ៦៥ នៃអ្នកដែលបានទាក់ទងជាមួយអ្នកជំងឺ សុទ្ធតែបានត្រឡប់មកអវិជ្ជមានជាមួយនឹងមេរោគ A/H5 ហើយសុខភាពរបស់ពួកគេគឺធម្មតា។ ប៉ុន្តែគេមិនត្រូវបានគេបញ្ជាក់ថា តើក្មេងស្រីនោះឆ្លងដំបូងដោយរបៀបណានោះទេ។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Nguyen Thi Lien Huong បានស្នើឱ្យអាជ្ញាធរសុខាភិបាលបង្កើនវិធានការត្រួតពិនិត្យ និងរកឃើញករណីជំងឺគ្រុនផ្តាសាយបក្សីឱ្យបានឆាប់ ដើម្បីទប់ស្កាត់ការរីករាលដាល។
ការណែនាំអំពីការការពារជំងឺគ្រុនផ្តាសាយបក្សីក៏ចាំបាច់ត្រូវត្រួតពិនិត្យឡើងវិញផងដែរ ខណៈដែលផែនការការពារការផ្ទុះឡើង ចាំបាច់ត្រូវធ្វើសេចក្តីព្រាង៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត
