សុន្ទរកថា​របស់​លោក ស៊ី ជីនពីង ក្នុងសមាជបក្សបានផ្ដល់​តម្រុយថាតើ​​ ៥ ឆ្នាំ​ខាង​មុខ ចិន​នឹង​មាន​ទំនាក់​ទំនង​ជាមួយ​ពិភពលោកយ៉ាងដូចម្ដេច?

ចិន៖ សាស្ត្រាចារ្យម្នាក់ បានបង្ហាញទស្សនៈយល់ឃើញតាមរយៈសុន្ទរកថារបស់ប្រធានាធិតីចិនលោក ស៊ី ជីនពីង នៅក្នុងសមាជបក្សកុម្មុយនីស្តលើកទី ២០ ថា ប្រទេសចិនទំនងជាមិនប្រកាន់ខ្ជាប់នូវការផ្លាស់ប្តូរគោលនយោបាយការបរទេសឆាប់រហ័សនោះទេ ប៉ុន្តែក៏នឹងមិនបណ្ដោយឱ្យឆាកអន្តរជាតិមានភាពស្ងប់ស្ងាត់នោះដែរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃព្រហស្បតិ៍ ទី២០ខែតុលាឆ្នាំ២០២២ សមាជជាតិលើកទី២០ នៃបក្សកុម្មុយនីស្តចិន កំពុងប្រព្រឹត្តនៅទីក្រុងប៉េកាំង ហើយវាគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុតរបស់ប្រទេសចិនក្នុងរយៈពេលកន្លះទសវត្សរ៍ម្ដង។

ដូចទៅនឹងការជជែកដេញដោលរវាងមេដឹកនាំមុនការបោះឆ្នោតនៅបណ្ដាប្រទេសលទ្ធិប្រជាធិបតេយ្យលោកខាងលិចដែរ សមាជបក្សកុម្មុយនីស្ដចិនដែលធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង បានផ្តល់ឱកាសឱ្យគេបានស្វែងយល់បន្ថែមអំពីមេដឹកនាំនយោបាយរបស់ប្រទេសចិន និងគោលនយោបាយផ្សេងៗរបស់ពួកគេ។

ទោះជាយ៉ាងណា វាមិនមែនជាការជជែកដេញដោលនយោបាយបែបក្តៅគគុកនោះទេ ដោយសារ​តែអ្វីគ្រប់យ៉ាងនៃសមាជបក្សនេះភាគច្រើនត្រូវបានរៀបចំឡើងនៅក្រោយឆាកជាមុនរួចស្រេចទៅហើយ។ដោយឡែកការកំណត់នូវទិសដៅដឹកនាំប្រទេសរបស់ថ្នាក់ដឹកនាំប្រទេសចិន ក៏ដូចជាការផ្តល់អាទិភាពនូវគោលនយោបាយផ្សេងៗក្នុងប៉ុន្មានឆ្នាំខាងមុខ នឹងត្រូវបានរំលេចឡើងក្នុងរបាយការណ៍របស់អគ្គលេខាធិកាបក្ស គឺលោកប្រធានាធិបតី ស៊ី ជីនពីង។

ពីរថ្ងៃនៃចុងសប្តាហ៍កន្លងផុតទៅលោក ស៊ី ជីនពីង បានថ្លែងសុន្ទរកថាទៅកាន់សមាជបក្សរយៈពេលជាង ១០៤ នាទី ដោយលោកបានសង្ខេបនូវ «សមិទ្ធផលដ៏អស្ចារ្យជាច្រើន» នៃទសវត្សរ៍ដំបូងរបស់លោក ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន ហើយបានបង្កើតឃ្លាមួយថា «ទំនើបកម្មតាមបែបចិន»។ លោកបានដាក់ចេញនូវចក្ខុវិស័យសម្រាប់ប្រទេសចិនរយៈពេល៥ឆ្នាំខាងមុខ និងលើសពីនេះលោកក៏បានបង្ហាញពីរបៀបដែលប្រទេសចិនមានទំនាក់ទំនងជាមួយពិភពលោកខាងក្រៅផងដែរ។

ការបន្តរក្សាគោលនយោបាយការបរទេសចាស់ជាគន្លឹះដ៏សំខាន់

កាលពី ៥ ឆ្នាំមុន របាយការណ៍របស់ប្រធានាធិបតីរូបនេះ បានបង្ហាញទៅកាន់សមាជបក្សឱ្យដឹងថា ប្រទេសចិននឹងក្លាយទៅជាអ្នកតំណាងដ៏រឹងមាំនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ការអត្ថាធិប្បាយនៅក្នុងគោលនយោបាយការបរទេសជាច្រើននៅក្នុងរបាយការណ៍អាណត្តិនេះ ត្រូវបានលើកឡើងស្រដៀងៗគ្នា ឬដូចគ្នាទៅនឹងរបាយការណ៍កាលពីឆ្នាំ២០១៧។ ក្នុងនោះ រួមមានឃ្លាសំខាន់ៗដូចជា «ការលើកកម្ពស់សន្តិភាពពិភពលោក» «ការលើកកម្ពស់ការអភិវឌ្ឍន៍ជារួម» និង «ការប្រឹងប្រែងកសាងសហគមន៍ជាមួយនឹងអនាគតរួមគ្នាសម្រាប់មនុស្សជាតិទាំងមូល»។

ការបន្តប្រើប្រាស់ឃ្លាដដែលនេះបានបង្ហាញថា ប្រទេសចិនទំនងជាមិនទទួលយកការផ្លាស់ប្តូរគោលនយោបាយការបរទេសយ៉ាងឆាប់រហ័សនាពេលអនាគតដ៏ខ្លីខាងមុខនោះទេ។ ហើយការរក្សានូវគោលនយោបាយការបរទេសដដែលនេះ ក៏អាចជាជម្រើសដែលបានគ្រោងទុកជាមុនដោយចេតនាផងដែរ។ យ៉ាងណាមិញ លោក ស៊ី ជីនពីង ត្រូវបានគេរំពឹងទុកថានឹងបន្តដឹកនាំក្នុងអាណត្តិទី ៣ បន្ថែមទៀត ដែលនេះជាប្រវត្តិសាស្ត្រក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន ដូច្នេះហើយ គោលនយោបាយរបស់លោក អាចនឹងមិនមានការផ្លាស់ប្ដូរច្រើននោះទេ។

យោងតាមប្រធានាធិបតីដដែលនេះ ប្រទេសចិននឹង «រក្សាជំហររឹងមាំក្នុងការបន្តគោលនយោបាយការបរទេសឯករាជ្យនៃសន្តិភាព» ហើយលោកក៏បានសន្យាថា «ប្រទេសចិននឹងមិនស្វែងរកអនុត្តរភាព ឬក៏ពង្រីកដែនអធិបតេយ្យភាពឡើយ»។

យ៉ាងណាក៏ដោយ លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ចិននឹងមិនសម្របសម្រួលជុំវិញបញ្ហាកោះតៃវ៉ាន់នោះទេ។ តាម​គន្លង​ផ្លូវដើររបស់បក្ស​ លោក ស៊ី ជីនពីង បាន​បញ្ជាក់​ក្នុង​របាយការណ៍​របស់​លោក​ថា «ការ​ដោះស្រាយ​បញ្ហាកោះ​តៃវ៉ាន់​គឺ​ជា​បញ្ហា​របស់​ប្រជាជន​ចិន ហើយ​វាត្រូវ​អាស្រ័យ​លើ​ប្រជាជន​ចិន​ជាអ្នក​សម្រេច»។

លោកក៏បានសម្តែងការគាំទ្រសម្រាប់ «ការបង្រួបបង្រួមដោយសន្តិវិធី» ជាមួយនឹង «ភាពស្មោះត្រង់ និងកិច្ចខិតខំប្រឹងប្រែងជាទីបំផុត»។ ប៉ុន្តែ​លោក​ក៏​បាន​លើកឡើងផង​ដែរ​ថា ចិន​នឹង​មិន​សន្យា​ថា​នឹង​បោះបង់​ការ​ប្រើប្រាស់​កម្លាំងយោធា​នោះ​ទេ។

ប្រទេសចិននឹងមិនក្លាយជា «អ្នកជោគជ័យដោយស្ងៀមស្ងាត់» នៅក្នុងសង្វៀនអន្តរជាតិនោះទេ

ទោះជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាមិនត្រឹមត្រូវនោះទេដែលសន្មត់ថាគោលនយោបាយការបរទេសរបស់លោក ស៊ី ជីនពីង គ្មានពាក្យគន្លឹះថ្មីៗ ដែលនេះមានន័យថាប្រទេសចិននឹងត្រលប់ទៅជា «អ្នកជោគជ័យដោយស្ងៀមស្ងាត់» នៅក្នុងឆាកអន្តរជាតិ។ ផ្ទុយទៅវិញ ដោយសារសមត្ថភាពសេដ្ឋកិច្ច យោធា និងបច្ចេកវិទ្យាដ៏ខ្លាំងរបស់ចិន ប្រទេសនេះបានក្លាយជាអ្នកបង្កើតនិងកែប្រែសណ្ដាប់ធ្នាប់អន្តរជាតិដ៏មានឥទ្ធិពលមួយរួចទៅហើយ តាមរយៈអ្នកការទូតរបស់ខ្លួនដែលបានដើរតួជា «អ្នកចម្បាំងចចក» ឬការបន្ទាបខ្លួនដោយការឱនលំទោន។

ទោះបីជាមិនមែនជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់ក៏ដោយ របាយការណ៍របស់លោកដដែល បានបង្ហាញសញ្ញាថា ប្រទេសចិននឹងមិនប្រកាន់ខ្ជាប់នូវ «សណ្តាប់ធ្នាប់អន្តរជាតិដែលមានច្បាប់ជាមូលដ្ឋានគ្រឹះ» នោះទេ ដែលគោលការណ៍នេះត្រូវបានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចតែងតែខិតខំប្រឹងប្រែងលើកស្ទួយកន្លងមក។ ផ្ទុយ​ទៅ​វិញ បើ​យោងតាមការលើកឡើងរបស់​លោក ស៊ី ជីនពីង ចិន​នឹង ​«លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ»។

គោលនយោបាយការបរទេសថ្មីដែលគួរឱ្យកត់សម្គាល់មួយចំនួននៅក្នុងរបាយការណ៍ដដែលនោះគឺ ប្រទេសចិននឹង «ធ្វើការសម្រេចចិត្តដោយប្រកាន់ខ្ជាប់នូវគោលជំហររបស់ចិន និងគោលនយោបាយរបស់ចិនលើបញ្ហាផ្សេងៗ ដោយផ្អែកលើអង្គសេចក្ដីនៃបញ្ហាទាំងនោះ”។ គួររម្លឹកផងដែរថា រដ្ឋមន្ត្រីការបរទេស និងអ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រើប្រាស់ឃ្លានេះជាញឹកញាប់ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃជំហររបស់ប្រទេសចិន ក្នុងការបដិសេធមិនថ្កោលទោសរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែន។

យ៉ាងណាក៏ដោយ វាហាក់បីដូចជាការបង្ហាញថាប្រទេសចិនទំនងជារក្សាជំហរមិនច្បាស់លាស់ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដោយចិននឹងមិនដើរតាមលោកខាងលិចក្នុងការកាត់ចំណងមិត្តភាពជាមួយរុស្ស៊ី ហើយក៏មិនបានគាំទ្រចំពោះប្រតិបត្តិការយោធារបស់រុស្ស៊ីនោះដែរ។ ការប្រកាសឃ្លាថ្មីៗមួយចំនួននៃគោលនយោបាយនេះ ក៏បានផ្តល់សេរីភាពដល់អ្នកបង្កើតគោលនយោបាយការបរទេសចិន ក្នុងការដោះស្រាយបញ្ហាស្មុគស្មាញនាពេលអនាគតជាច្រើនផងដែរ។

សន្តិសុខជាតិ ការផ្តោតលើបញ្ហាចម្បងៗ

យោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ( Reuters) ដោយផ្អែកលើរបាយការណ៍ជាលាយលក្ខណ៍អក្សរពេញលេញដែលមិនទាន់បានចេញផ្សាយ ដែលមានប្រវែងវែងជាងសុន្ទរកថារបស់លោក ស៊ី ជីនពីង ពាក្យថា «សន្តិសុខ» និង ពាក្យថា«សុវត្ថិភាព» ត្រូវបានសរសេរឡើងចំនួន ៨៩ ដង។ បើប្រៀបធៀបទៅនឹងរបាយការណ៍របស់លោកកាលពី ៥ ឆ្នាំមុន ភាពញឹកញាប់នៃការប្រើប្រាស់ពាក្យទាំងពីរនេះបានកើនឡើងជាង ៦០ ភាគរយ។

គួរបញ្ជាក់ថា ជំពូកទាំងមូលនៃរបាយការណ៍របស់លោកប្រធានាធិបតី គឺផ្តោតលើរឿងសន្តិសុខជាតិជាចម្បង។ របាយការណ៍នេះក៏អំពាវនាវឱ្យមាន«យុទ្ធសាស្ត្ររួមមួយចំពោះសន្តិសុខជាតិ»ដែលពាក់ព័ន្ធនឹងការសម្របសម្រួលរវាង សន្តិសុខខាងក្រៅ និងខាងក្នុងប្រទេសចិន។

របាយការណ៍របស់គាត់ក៏បានបង្ហាញផងដែរថា ប្រទេសចិននឹងមិនត្រឹមតែផ្ដោតលើការរក្សាសន្តិសុខរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតលើ «សន្តិសុខរួម» តាមរយៈគំនិតផ្តួចផ្តើមសន្តិសុខសកលដែលបានលើកឡើងដោយលោក ស៊ី ជីនពីង កាលពីខែមេសា។ គំនិតផ្តួចផ្តើមនេះ ទោះបីជានៅមានការខ្វះព័ត៌មានលម្អិតក៏ដោយ ក៏បានសង្កត់ធ្ងន់ថា រដ្ឋមួយមិនគួររក្សាសន្តិសុខរបស់ខ្លួន ដោយបំផ្លាញសន្តិសុខរបស់រដ្ឋផ្សេងទៀតនោះទេ។

បើយើងពិនិត្យមើលទៅ វាទំនងជានឹងក្លាយទៅជាក្របខ័ណ្ឌគោលនយោបាយការបរទេសថ្មីរបស់ចិន ដើម្បីតទល់ជាមួយយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ៊្វិករបស់សហរដ្ឋអាមេរិក ដែលចិនជឿថា «យុទ្ធសាស្ត្រនេះមានបំណងរាំងខ្ទប់ចិន និងព្យាយាមធ្វើឱ្យបណ្តាប្រទេសអាស៊ីប៉ាស៊ីហ៊្វិក «ពឹងពាក់» លើអនុត្តរភាពរបស់សហរដ្ឋអាមេរិក។

មិនត្រឹមតែប៉ុណ្ណោះ ប្រទេសចិននឹងការពារ «សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់» នៃ «ពលរដ្ឋដែលរស់នៅបរទេស និងនីតិបុគ្គល” របស់ខ្លួននៅឯបរទេស។ របាយការណ៍ក៏បានសង្កត់ធ្ងន់លើការធានាខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន ហើយប្រទេសចិននឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រីកការការពាររបស់ខ្លួនលើបណ្ដាក្រុមហ៊ុន សហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ និងឯកជននៅឯបរទេស។

ដោយសារប្រទេសនេះរងការវាយប្រហារយ៉ាងខ្លាំងពីជំងឺកូវីដ១៩ នៅពាក់កណ្តាលឆ្នាំ២០២០ អ្នកសង្កេតការណ៍ជាច្រើនបានប៉ាន់ប្រមាណថា ប្រទេសចិននឹងកាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាបណ្តើរៗជាមួយទីផ្សារខាងក្រៅ ដោយត្រលប់ទៅពឹងផ្អែកលើសេដ្ឋកិច្ចខ្លួនឯងផ្ទាល់វិញ។

យ៉ាង​ណា​ក៏​ដោយ របាយការណ៍​របស់​លោក ស៊ី ជីនពីង បានបញ្ជាក់​ជា​ថ្មី​ថា សេដ្ឋកិច្ចចិន​នៅតែ​រក្សា​ទ្វារ​ចំហ​របស់​ខ្លួនជានិច្ច។ លើសពីនេះរបាយការណ៍របស់លោក Xi Zhao Chenxin អនុប្រធានទីភ្នាក់ងារគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសចិន នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ បានឱ្យដឹងថា ប្រទេសចិននឹងមិនអនុវត្តគោលនយោបាយសេដ្ឋកិច្ចដែលមានលក្ខណៈបិទទ្វានោះទេ។

យោងតាមរបាយការណ៍របស់លោក ស៊ី ជីនពីង ដដែល ប្រទេសចិនក៏មានបំណង «បង្កើតឱកាសថ្មីសម្រាប់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ខ្លួន»។ ខណៈការចូលរួមពីឆាកអន្តរជាតិដែលជំរុញការអភិវឌ្ឍន៍របស់ប្រទេសចិននៅតែបន្ត គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ទំនងជានៅតែជាវេទិកាគោលនយោបាយដ៏សំខាន់សម្រាប់ទំនាក់ទំនងការបរទេសរបស់ប្រទេសចិនផងដែរ៕

ដោយ៖ ធា សុខណា

https://www.channelnewsasia.com/commentary/china-party-congress-xi-jinping-speech-foreign-policy-taiwan-us-3014641

ads banner