ក្រសួង​បរិស្ថាន៖ គ្មាន​ភាព​ចាំ​បាច់​ក្នុង​ការ​ឆ្លើយ​តប​នឹង​របាយ​ការណ៍​របស់​ភាគី​ទី៣ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ បន្ទាប់ពីសមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់ បាន​ចេញសេចក្តីថ្លែងការណ៍មួយស្តីអំពីការកើន​ឡើង​ច្រើននៃបទល្មើស​ព្រៃឈើនោះ មន្រ្តីជានើខ្ពស់នៃក្រសួង​បរិស្ថានបានបញ្ជាក់​ថាគ្មាន​ភាព​ចាំ​បាច់​ក្នុង​ការ​ឆ្លើយ​តប​នឹង​របាយ​ការណ៍​របស់​សហគមន៍​ព្រៃឡង់ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ឡើយ។

​តាមសេចក្ដី​ថ្លែង​ការណ៍​ដែល​ចុះ​ថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០២២ សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ទាំង​បួន​ខេត្ត​មាន៖ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្តក្រចេះ រកឃើញ​ថា បទ​ល្មើស​ព្រៃ​ឈើ​មាន​ការ​កើន​ឡើង​ច្រើន​ជាងការ​គ្រប់​គ្រង​របស់​រដ្ឋ​បាល​ព្រៃ​ឈើ តាំង​ពី​ក្រសួង​បរិស្ថាន​បាន​ហាម​ឃាត់​បណ្ដាញ​សហគមន៍​ព្រៃឡង់​មិន​ឲ្យ​ចុះ​ល្បាត ហើយជនប្រព្រឹត្ត​បទ​ល្មើស​មាន​សេរីភាព​ចេញ​​ចូល​ព្រៃឡង់​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​យ៉ាង​រលូន ដោយ​គ្រាន់​តែ​បង់​ប្រាក់​ជូន​មន្រ្ដី​តាម​ស្នាក់​ការ​ត្រួត​ពិនិត្យ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រព្រឹត្ដ​បទ​ល្មើស​ក្នុង​ព្រៃឡង់។

​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២២​មក សកម្មភាព​ល្មើស​ច្បាប់ នៅ​ជុំ​វិញ​តំបន់​ព្រៃ​ឡង់ បន្ដ​កើត​មាន​យ៉ាង​អនា​ធិប​តេយ្យ​ដូច​ជា៖ ការ​កាប់​បំផ្លា្ញញ​ដើម​ឈើ​ធំៗនៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ដោយ​ជន​អនា​ធិប​តេយ្យ និង​ក្រុមហ៊ុន អង្គរ​ផ្លាយវ៉ូត និង​ក្រុមហ៊ុន Think Biotech Co., Ltd ស្ថិត​ក្នុង​ខេត្ដ​ក្រចេះ ក្រុមហ៊ុន Thy Nha Co., Ltd Development, and Investment ក្រុមហ៊ុន​ម៉ាយ​ខលឡូជីស្ទីក និង​ក្រុមហ៊ុន PNT ស្ថិត​ក្នុង​ខេត្ដ​ព្រះវិហារ។ នេះបើតាមសេចក្ដី​ថ្លែង​ការណ៍ដដែល។

ទន្ទឹមនេះ របាយការណ៍រកឃើញទៀតថា ការ​ដឹក​ជញ្ជូន​ឈើ​ជា​ច្រើន​តាម​រទេះ​ក្របី រថយន្ដ​កែ​ច្នៃ និង​គោ​យន្ដ​ក្នុង​មួយ​ថ្ងៃៗ និង​ឧបករណ៍​សម្រួល​ដល់​ការ​កាប់​ឈើ ចូល​ទៅ​ក្រុមហ៊ុន ដោយ​ពុំ​មាន​ចំណាត់​ការ​ច្បាស់​លាស់​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ។

ជុំ​វិញ​បញ្ហា​នេះ​ឯកឧត្តម  នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​ប្រាប់​ថា​បច្ចុប្បន្ន​បទ​ល្មើស​ព្រៃឈើ​ទ្រង់​ទ្រាយ​ធំ​លែង​កើត​មាន​ទៀត​ហើយ នៅ​មាន​បទ​ល្មើស​ខ្នាត​តូច ដែល​មន្ត្រី​ជំនាញ​ជា​ពិសេស​មន្ត្រី​ឧទ្យា​នុរក្ស​នៃ​ក្រសួង​បរិស្ថាន បន្ត​ទប់​ស្កាត់​និង​បង្ក្រាប​ជា​ប្រចាំ។

ឯកឧត្តមបានបញ្ជាក់ថា៖ «ក្រសួង​បរិស្ថាន​គ្មាន​ភាព​ចាំ​បាច់​ក្នុង​ការ​ឆ្លើយ​តប​លើ​របាយ​ការណ៍​របស់​ភាគី​ទី​៣ ណា​មួយ​ទេ។ ក្រសួង​បរិស្ថាន​សូម​គូស​បញ្ជាក់​ថា ​ក្រសួង​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​គ្រប់​គ្រង និង​អភិរក្ស​ធន​ធាន​ធម្មជាតិ​ក្រោម​ដែន​យុត្តាធិការ​របស់​ខ្លួន​​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​និង​វិជ្ជា​ជីវៈ»។

ដោយ​សារ​តែ​កត្តា​សុខ​សន្តិ​ភាព​ពេញ​លេញ លោកថា​ មាន​ឱកាស​គ្រប់​គ្រាន់ និង​មាន​ធន​ធាន​សម្រាប់​ការ​ងារ​អភិរក្សហើយ​ដោយ​សារ​តែ​ភាព​ប្រសើរ​ឡើង​នៃ​ការ​អភិ​រក្ស​នេះ បាន​ធ្វើ​​ឲ្យ​កម្ពុជា​អាច​រក​ចំណូល​បាន​ពី​ការ​អភិរក្ស​របស់​ខ្លួន​តាម​រយៈ​ការ​លក់​ឥណ​ទាន​កាបូន (Carbon Credit) ក្នុង​គម្រោង​រេដបូក ​ គម្រោង​កាត់​​បន្ថយ​​ការ​​បញ្ចេញ​​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​វិស័យ​ព្រៃ​ឈើ  និង​ការ​បង់​សេវា​ប្រព័ន្ធ​អេកូឡូស៊ី (Payment Ecosystem Service)។

ក្រៅ​ពី​នេះ​ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើង​ថា  ក្រសួង​បរិស្ថាន​កំពុង​រៀប​ចំ គម្រោង​រេដបូក​បន្ថែម​ទៀត លើ​ផ្ទៃ​ដី​ចំនួន ១,១៩ លាន​ហិកតា ដែល​នឹង​ធ្វើ​​ឲ្យ​ផ្ទៃ​ដី​គម្រោង​រេដបូក​សរុប​នឹង​មាន​ចំនួន ២,៤៦លានហិកតា (ស្មើនឹង ៣៤,១ ភាគ​រយ​នៃ​ផ្ទៃ​ដី​តំបន់​ការ​ពារ​ធម្មជាតិ​ទាំង​អស់)។

លោក​បន្ថែម​ថា ការ​ដែល​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​លើ​ការ​លក់​ឥណ​ទាន​កាបូន​នេះ បាន​លើក​តម្កើង​នូវ​កិត្យានុភាព​ជាតិ​កម្ពុជា លើ​ឆាក​អន្តរ​ជាតិ ដែល​មិន​មាន​ប្រទេស​ច្រើន​ទេ​ក្នុង​ពិភព​លោក​អាច​ធ្វើ​បាន និង​បាន​ទប់​ទល់​ជា​មួយ​នឹង​យុទ្ធនា​បង្ខូច​កេរ្តិ៍​​ឈ្មោះ​កម្ពុជា​ក្នុង​រូប​ភាព​ថា​កម្ពុជា​មាន​បទ​ល្មើស​ព្រៃឈើ​ច្រើន​ជាង​គេ​លើ​ពិភព​លោក។

សូម​បញ្ជាក់​ថា យោង​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ការ​អភិរក្ស​ធន​ធាន​ធម្មជាតិ សម្រាប់​រយៈ​ពេល​ ៨ខែឆ្នាំ ២០២២ មន្ត្រី​ឧទ្យា​នុរក្ស​នៃ​ក្រសួង​បរិស្ថាន បាន​ចុះ​ល្បាត​ចំនួន ១៤៦៩២ លើក បង្ក្រាប​បាន​បទល្មើស​ចំនួន ៤២៥០ ករណី ​ដែល​ភាគ​ច្រើន​ជា​បទល្មើស​កាប់​រុន​រាន​ទន្ទ្រាន​កាន់​កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់ បទ​ល្មើស​ព្រៃឈើ និង​បទល្មើស​សត្វ​ព្រៃ។ ​

មន្ត្រី​ឧទ្យា​នុរក្សបាន​ដក​ហូត​វត្ថុ​តាង​ជា​ឈើ​អារ​ចម្រុះ​ចំនួន ៧៥៨ ម៉ែត្រ​គូប ដក​ហូត​វត្ថុ​តាង​ជា​មធ្យោបាយ ឧបករណ៍​សម្ភារ​ក្នុង​នោះ​រួម​​មាន​​រណា​យន្ត​ចំនួន ១៧២៤គ្រឿង រថយន្ត ៥១គ្រឿង ត្រាក់ទ័រ​ចំនួន ៧គ្រឿង គោយន្ត​កន្ត្រៃ​ចំនួន ១៣៨គ្រឿង ម៉ូតូ ១៥២គ្រឿង ដោះ​អន្ទាក់​សត្វ​ចំនួន ២៦៥៨៨អន្ទាក់ ដក​ហូត​អាវុធ​កែ​ច្នៃ​ចំនួន ៣៤៤ដើម។ ហើយនិងបាន​ធ្វើ​ការ​អប់​រំ​កិច្ច​សន្យា​ចំនួន​ ១១៦៧ករណី បាន​ធ្វើ​ពិន័យ​អន្តរ​ការណ៍​ចំនួន ២៥៨ករណី និង​បញ្ជូន​សំណុំ​រឿង​ទៅ​តុលា​ការ ៣៥៣ករណី៕

ដោយ៖ ជា សុខនី

ads banner