អាមេរិក៖ អ៊ីរ៉ង់ដាក់ពង្រាយអ្នកជំនាញយោធានៅតំបន់គ្រីមេ ជួយរុស្ស៊ីបើកប្រតិបត្តិវាយប្រហារដោយដ្រូនលើអ៊ុយក្រែន
អ៊ុយក្រែន៖ តំបន់គ្រីមេ ដែលជាតំបន់រុស្ស៊ីបានក្រសោបយកពីអ៊ុយក្រែន ត្រូវបានគេដាក់ពង្រាយអ្នកជំនាញយោធាអ៊ីរ៉ង់ជាច្រើននាក់ ក្នុងការបើកការវាយប្រហារដ្រូនមកលើអ៊ុយក្រែន។ នេះជាការឆ្លើយបញ្ជាក់ប្រាប់ទៅអ្នកកាសែតក្នុងស្រុកអាមេរិករបស់អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ខឺប៊ី។
មានអ្នកជំនាញយោធាអ៊ីរ៉ង់ជាច្រើននាក់បានប្រើប្រាស់តំបន់គ្រីមេដើម្បីបង្រៀននិងគាំទ្រផ្នែកបច្ចេកទេសប្រើប្រាស់ដ្រូនអ៊ីរ៉ង់ដល់យោធារុស្ស៊ី។ ចំណែកឯ យោធារុស្ស៊ីដែលទទួលបានការហ្វឹកហ្វឺននោះ គឺជាអ្នកបើកដ្រូនអ៊ីរ៉ង់ដោយផ្ទាល់ ក្នុងប្រតិបត្តិការវាយប្រហារអ៊ុយក្រែនក្នុងពេលកន្លងទៅនេះ។
លោក ចន ខឺប៊ី លើកឡើងថា នៅពេលនេះ ទីក្រុងតេហេរ៉ង់ ត្រូវបានរកឃើញថា បានចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាម តាមរយៈការផ្តល់អាវុធយោធា បំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កផលប៉ះពាល់ដល់ជនស៊ីវិលនៅអ៊ុយក្រែន។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ អះអាងថា អាមេរិកនឹងមិនឱបដៃឈរមើល ដោយត្រូវតែរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីលាតត្រដាងពីមុខមាត់ពិតអ៊ីរ៉ង់ ប្រឈមមុខនឹងទៅរារាំង សកម្មភាពលូកដៃរបស់អ៊ីរ៉ង់ឱ្យបាន។
គួរជ្រាបថា ស្ថានភាពសង្គ្រាមនៅអ៊ុយក្រែននៅពេលនេះ កំពុងឈានដល់ការប្រើប្រាស់អាវុធដោយគ្រាប់មីស៊ីល និងគ្រាប់រ៉ុកែត និងរហូតដល់ការវាយប្រហារដោយយន្តដ្រូនផលិតនៅប្រទេសអ៊ីរ៉ង់ បំផ្លាញហេដ្ឋារចនាអ៊ុយក្រែនជាច្រើន និងបង្កឱ្យមានបញ្ហាផ្គត់ផ្គង់ថាមពលប្រើប្រាស់ដល់ពលរដ្ឋរស់នៅតាមតំបន់ជាច្រើន។
ចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក យោធាអ៊ុយក្រែនបញ្ជាក់ថាបានបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់យ៉ាងតិចណាស់ ក៏២២០ដែរ។ ដ្រូនអ៊ីរ៉ង់ទាំងនោះមានឈ្មោះថា «ស្ហាហ៊េដ-១៣៦» (Shahed-136)។ ដ្រូនអ៊ីរ៉ង់ស្ហាហ៊េដ-១៣៦ ត្រូវបានគេហៅជាដ្រូនអត្តឃាតដែលមានទំហំធំល្មម និងផលិតឡើងក្នុងតម្លៃទាប។ គេត្រូវបញ្ចូលទិន្នន័យ GPS ទៅក្នុងដ្រូនស្ហាហ៊េដ-១៣៦ នេះជាមុនដើម្បីអាចឱ្យវាធ្លាក់ចំផ្ទាំងស៊ីបដែលគេចង់បាន។
នៅចំពោះមុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ រុស្ស៊ីនិងអ៊ីរ៉ង់ បានបដិសេធយ៉ាងដាច់អហង្ការពីការផ្គត់ផ្គង់ដ្រូនដោយក្រុងតេហេរ៉ង់ ចំពោះក្រុងមូស្គូនៅក្នុងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។
តែយ៉ាងណា អ៊ីរ៉ង់ នៅតែជៀសមិនផុតពីការរងសម្ពាធដោយទណ្ឌកម្មពីបស្ចិមប្រទេស ពាក់ព័ន្ធនឹងការបទផ្តល់ដ្រូនឱ្យរុស្ស៊ីប្រើនៅក្នុងសង្រ្គាមអ៊ុយក្រែន។ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ ក្រុមប្រទេសសមាជិកសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាលើទណ្ឌកម្មអ៊ីរ៉ង់ពីបទផ្តល់ដ្រូនឲ្យរុស្ស៊ីប្រើនៅក្នុងសង្រ្គាមអ៊ុយក្រែន ក្រោយជជែកគ្នាអស់ពេល៣ថ្ងៃមក។ នៅក្នុងជំហានដំបូង ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងអ៊ីរ៉ង់ជាទណ្ឌកម្មបង្កកទ្រព្យសម្បត្តិទៅលើឥស្សរជនយោធាជាន់ខ្ពស់ចំនួន ៣នាក់ និងស្ថាប័នមួយ។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងអ៊ុយក្រែនបានសាទរលើការសម្រេចចិត្តដ៏ឆាប់រហ័សរបស់អឺរ៉ុបប្រឆាំងអ៊ីរ៉ង់។ ក៏ប៉ុន្តែ រុស្ស៊ីវិញបានបរិហារពីគំនាបរបស់បស្ចិមប្រទេសលើប្រទេសអ៊ីរ៉ង់ថាជាការដាក់គំនាបលើអ៊ីរ៉ង់ពីអាមេរិក និងសហភាពអឺរ៉ុប៕
ដោយ៖ បណ្តូល ពេជ្រ
https://www.bbc.com/news/world-europe-63329266
https://www.aljazeera.com/news/2022/10/20/eu-agrees-new-sanctions-over-iranian-drones-in-ukraine