រដ្ឋ​តិចសាស់ ប្តឹងក្រុមហ៊ុន ហ្គូហ្គលដែលលួចទិន្នន័យរបស់អ្នកប្រើប្រាស់រាប់លាននាក់

អាមេរិក៖ រដ្ឋតិចសាស់ (Texas) របស់សហរដ្ឋអាមេរិក បានដាក់ពាក្យប្តឹងក្រុមហ៊ុនហ្គូហ្គល( Google )ក្រោម​ការចោទ​ប្រកាន់​ថា​បាន​ប្រមូល​ទិន្នន័យ​ជីវ​មាត្រ​ (biometric) របស់​អ្នករស់នៅក្នុងរដ្ឋនេះ​រាប់លាន​នាក់​ ដោយ​មិន​ទទួល​បាន​ការ​យល់​ព្រម​ត្រឹមត្រូវ ពីអ្នកប្រើប្រាស់ឡើយ។ នេះបានបើតាម​ការិយាល័យ​មេធាវី​រដ្ឋតិចសាស់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលាឆ្នាំ២០២២។

ពាក្យបណ្តឹងទៅកាន់តុលាការ បានលើកឡើងថាក្រុមហ៊ុនបច្ចេកវិទ្យានានា ដែលកំពុងប្រតិបត្តិការ​នៅ​ក្នុង​រដ្ឋ​តិច​សាស់​ ត្រូវបានហាមឃាត់​អស់រយៈពេល​ជាង​មួយ​ទស្សវត្សរ៍មកហើយ​ ចំពោះ​​កា​រ​ប្រមូល​ព័ត៌មាន​​​រូបថត​ផ្ទៃមុខ សំឡេង ឬ​ទិន្នន័យជីវមាត្រផ្សេងទៀតរបស់អ្នកប្រើប្រាស់​ ដោយ​គ្មាន​ការ​យល់​ព្រម​។

ពាក្យបណ្តឹងដដែលឲ្យដឹងថានៅចំពោះការមិនគោរពច្បាប់ និងឥតលាក់លៀម Google បាន​ប្រមូល​ទិន្នន័យ​ជីវមាត្រពី​ឆ្នាំ២​០១៥ ពី​ប្រជាជន​ក្នុង​រដ្ឋតិច​សាស់ សឹង​តែរា​ប់​មិន​អស់​ ហើយ​ថែម​ទាំង​បាន​ប្រើ​ប្រាស់​ទិន្នន័យ​ផ្ទៃមុខ និងសំឡេង ដើម្បីបម្រើផលប្រយោជន៍បែបពាណិជ្ជកម្មរបស់Google។ ជាការពិត​ណាស់ ​ប្រជា​ជន​នៅ​ទូទាំងរដ្ឋ ជារៀងរាល់ថ្ងៃ បានក្លាយជាជនរងគ្រោះដោយមិនដឹងខ្លួន ពោលគឺពួកគេត្រូវ​បាន Google បោក​បញ្ឆោតដើម្បី​រក​ប្រាក់ចំណេញ​។

Google មិនបានឆ្លើយតបភ្លាមៗ​ចំពោះ​សំណើ​សុំយោបល់ ពាក់ព័ន្ធនឹងករណីខាងលើនេះ​ឡើយ។​ សេចក្តីថ្លែងការណ៍​មេធាវីឲ្យដឹងថា ​ការប្រមូលទិន្នន័យរបស់ Google ធ្វើឡើងតាមរយៈផលិតផល និង​សេវាកម្ម​ដូចជា Google Photos, Google Assistant និង Nest Hub Max ជាដើម។

គួរជ្រាបថា បណ្ដឹង​ខាងលើនេះ​គឺ​ជា​បណ្ដឹង​មួយ​ក្នុង​ចំណោម​រដ្ឋ​មួយ​ចំនួនទៀតរបស់សហរដ្ឋអាមេរិក​​ ដែល​​បា​ន​ប្ដឹង​​ប្រឆាំង​នឹង Google ដោយ​​ចោទ​ប្រកាន់​​​ពី​ការ​​អនុវត្ត​មិន​​យុត្តិធម៌​ទាក់​ទង​​នឹង​​ឯកជនភាព។ រដ្ឋអារីហ្សូណាជារដ្ឋមួយ ដែលទទួលបានការទូទាត់សំណងនៅដើមខែតុលាក្នុ​ង​ទំហំទឹកប្រាក់ ៨៥លានដុល្លារ។

រដ្ឋតិចសាស់ រដ្ឋអ៊ីនឌីយ៉ាណា រដ្ឋវ៉ាស៊ីនតោន ក៏បានដាក់ពាក្យប្តឹង Google កាលពីខែមករា ឆ្នាំ ២០២២ កន្លងទៅ​ដែរ។ ជា​ការ​ប្តឹង​ដោយចោទប្រកាន់​ថា Google ការអនុវត្តការកម្មវិធីតាមដានទីតាំងរបស់អ្នកប្រើប្រាស់​ដែលទង្វើនេះគឺ​ជា​ការឈ្លានពាន​ឯកជនភាព​របស់​អ្នក​ប្រើប្រាស់​។

ជុំវិញការចោទប្រកាន់ដោយរដ្ឋទាំង ៣ខាងលើ កាលពីដើមឆ្នាំ ត្រូវបានអ្នកនាំពាក្យក្រុមហ៊ុនឆ្លើយតបថា ជាការ​ចោទប្រកាន់ដោយសំអាងលើទិន្នន័យខុស។ លោក Jose Castaneda អ្នកនាំពាក្យក្រុមហ៊ុន Google បាន​បញ្ជាក់​ថា៖ «យើងតែងតែបង្កើតមុខងារឯកជនភាពទៅក្នុងផលិតផលរបស់យើង និង​ផ្តល់​ការ​គ្រប់​គ្រង​ដ៏រឹង​មាំ​សម្រាប់​ទិន្នន័យ​ទីតាំង​។ យើង​​នឹង​ការពារ​ខ្លួន​ឯង​យ៉ាង​ម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ទាំងនេះ​»។

ដោយ៖ យ៉ាន អាន

ប្រភព៖ https://www.reuters.com/legal/texas-sues-google-allegedly-capturing-biometric-data-millions-without-consent-2022-10-20/?utm_source=pocket_mylist

ads banner