រដ្ឋបាលខណ្ឌឫស្សីកែវ តម្រូវលោក នួន សុន (អាជីវករជួលដីពីកំពង់ផែស្វយ័តភ្នំពេញ) និងតតីយជនជួលបន្តពីលោករុះរើឃ្លាំងស្តុកទំនិញ និងសំណង់ចេញរយៈពេល១៥ថ្ងៃ

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ តម្រូវឲ្យលោក នួន សុន (អាជីវករជួលដីពីកំពង់ផែស្វយ័តភ្នំពេញ) និងតតីយជនដែលជួលដីបន្តពីលោក ធ្វើការរុះរើឃ្លាំងស្តុកទំនិញ និងសំណង់ផ្សេងៗចេញពីទីតាំងដីច្រាំងទន្លេសាប ក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

នេះបើតាមលិខិតផ្លូវការមួយរបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជម្រាបមកលោក នួន សុន (អាជីវករជួលដីពីកំពង់ផែស្វយ័តភ្នំពេញ) ស្ថិតនៅច្រាំងទន្លេសាប ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលភ្នាក់ងារព័ត៌មានទទួលបាននៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

ការតម្រូវឲ្យលោក នួន សុន (អាជីវករជួលដីពីកំពង់ផែស្វយ័តភ្នំពេញ) និងតតីយជនដែលជួលដីបន្តពីលោក ធ្វើការរុះរើឃ្លាំងស្តុកទំនិញ និងសំណង់ផ្សេងៗចេញពីទីតាំងដីចំណីច្រាំងទន្លេសាបនេះ បានធ្វើឡើងយោងលិខិតលេខ ៣០០ សជណ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ របស់រដ្ឋបាលខណ្ឌឫស្សីកែវ, ដីកាសម្រេចរក្សាការពារលេខ ០១ “ឃ” ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១២ របស់សាលាដំបូងរាជធានីភ្នំពេញ, កម្មវត្ថុ: ស្ដីពីការតម្រូវឲ្យអនុវត្តបញ្ចប់កិច្ចសន្យាជួលដីក្នុងបរិវេណផែក្នុងស្រុករបស់លោក នួន សុន ជាមួយកំពង់ផែស្វយ័តភ្នំពេញ។

លើសពីនេះ រដ្ឋបាលខណ្ឌឫស្សីកែវ ព្រមានចាត់វិធានការបើលោក នួន សុន (អាជីវករជួលដីពីកំពង់ផែស្វយ័តភ្នំពេញ) មិនអនុវត្តតាមការណែនាំខាងលើ គឺដើម្បីចុះរុះរើឃ្លាំងស្តុកទំនិញ និងសំណង់ផ្សេងៗចេញ ដោយមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់ប្រយោជន៍អ្វីឡើយ ក្នុងករណីរឹងរូស និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ជាធរមាន។

ក្នុងលិខិតរបស់លោក ជា ពិសី អះអាងយ៉ាងដូច្នេះថា៖ ទីតាំងឃ្លាំងស្តុកទំនិញរបស់លោក នួន សុន ដែលបានជួលពីកំពង់ផែស្វយ័តភ្នំពេញ ស្ថិតនៅច្រាំងទន្លេសាប ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានកំពង់ផែស្វយ័តភ្នំពេញ បញ្ចប់កិច្ចសន្យាជួលជាមួយ លោក ចាប់តាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១០។

អំឡុងឆ្នាំ២០១១ និងឆ្នាំ២០១២ កំពង់ផែស្វយ័តភ្នំពេញ និងរដ្ឋបាលខណ្ឌឫស្សីកែវ បានជូនដំណឹងលោក នួន សុន ជាច្រើនលើកច្រើនសារ ដោយតម្រូវឲ្យលោក អនុវត្តបញ្ចប់កិច្ចសន្យា និងបញ្ឈប់សកម្មភាពសាងសង់សំណង់គ្រប់រូបភាព ហើយរុះរើនូវឃ្លាំងស្តុកទំនិញ និងសំណង់ផ្សេងៗចេញពីទីតាំងខាងលើ រហូតមានវិធានការផ្លូវច្បាប់ពីសាលាដំបូងរាជធានីភ្នំពេញ តាមរយៈដីកាសម្រេចរក្សាការពារលេខ ០១ “ឃ” ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១២ របស់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែ លោក មិនត្រឹមតែមិនអនុវត្តទេ ថែមទាំងបានសាងសង់សំណង់ថ្មីៗ និងជួលដីនេះបន្តឲ្យទៅតតីយជនដោយឯកតោភាគីថែមទៀត៕ ដោយ ហាស់ កំសាន្ដ

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner