កិច្ចប្រជុំ​កំពូល៖ មេដឹកនាំ​សហភាពអឺរ៉ុបនៅ​ជាប់គាំង​ត្រឹមសេចក្តី​ព្រមព្រៀងកំណត់​តម្លៃ​ឧស្ម័ន​

អន្តរជាតិ៖បន្ទាប់ពីមានការជជែក​ពិភាក្សាគ្នាដ៏យូរក្នុង​កិច្ចប្រជុំកំពូលក្នុងទីក្រុង​​ព្រុចសែល មេដឹកនាំសហភាពអឺរ៉ុបទាំង ២៧ប្រទេស នៅតែមិនទាន់ត្រូវរ៉ូវគ្នាលើកិច្ចព្រមព្រៀងកំណត់​តម្លៃឧស្ម័ននៅឡើយ។ មានសមាជិក ១៥ប្រទេស​យល់ស្របលើការ​កំណត់តម្លៃឧស្ម័នជារួម​ តែអាល្លឺម៉ង់​​ដែលជាប្រទេសនាំចូលឧស្ម័​នរុស្ស៊ី​ច្រើនគេ បានរុញច្រានចោលគំនិតនេះ។

ប្រទេស​នៅអឺរ៉ុបផ្ទាល់ ​ដែលកំពុងជួបការលំបាកក្នុងការស្វែងរកប្រភពថាមពលឧស្ម័នពីរុស្ស៊ី ​កំពុងបន្តមានតម្លៃឧស្ម័នកើនឡើង ពិសេសការខ្វះខាត​ឧស្ម័នប្រើប្រាស់នៅ​​​រដូវត្រជាក់ខាងមុខ។ ភាពជាប់គាំង​ក្នុងការ​​រកដំណោះស្រាយបញ្ហាថាមពល ដែល​បង្កចេញពីសង្គ្រាមនៅអ៊ុយក្រែននេះ គឺដោយតែមានមេដឹកនាំជាច្រើននៃប្រទេស​ជាសមាជិក​ នៅ​មិនទាន់ឯកភាពគ្នាលើ​វិធានការកំណត់តម្លៃឧស្ម័នទប់ទល់នឹង​យុទ្ធសាស្ត្ររុស្ស៊ី ដែលមានចេតនាបិទការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួន​ទៅឱ្យប្លុកអឺរ៉ុប។

មានមេដឹកនាំមកពីបណ្តាប្រទេសជាសមាជិក​​យ៉ាងហោចណាស់ ១៥ប្រទេស បានលើកដៃយល់ស្របឱ្យកំណត់​តម្លៃ​ឧស្ម័នរួមមួយ​ នៅពេលដែលមានបាតុកម្មតវ៉ា​​ខ្លាំងក្លា​ នៅតាមបណ្តាប្រទេសមួយចំនួនរួមមាន​បារាំងនិងបែលហ្ស៊ិក ដោយការកើនឡើងតម្លៃទំនិញ ​ជួបអតិផរណាជាតិ​ជាដើម។

ផ្ទុយទៅវិញ អាល្លឺម៉ង់​ដែលជាប្រទេសសេដ្ឋកិច្ចនាំមុខមួយនៅអឺរ៉ុប​ យល់ឃើញថា ការកំណត់តម្លៃ​ឧស្ម័ន​នោះ ជា​រឿង​ប្រថុយគ្រោះថ្នាក់​ខ្លាំងណាស់​ព្រោះថា ឧស្ម័ន​អាច​ប្រឈម​នឹងការស្ទះនៅលើទីផ្សារ​អឺរ៉ុប​និងបានបន្ថែមថា ​​ចំណាត់ការនេះនឹងប៉ះពាល់ដល់​​​យុទ្ធនាការ​​កាត់បន្ថយការប្រើប្រាស់ថាមពល​របស់សហភាពអឺរ៉ុបដែលទើប​បានដាក់ចេញ។

គួរបញ្ជាក់ថា បញ្ហាខ្វះឧស្ម័នប្រើប្រាស់ពីប្រទេសមួយទៅប្រទេសមួយនៅអឺរ៉ុបនេះ មានកម្រិតមិនដូចគ្នាទេ។ ជាក់ស្តែង ​បារាំងនិងអេស្ប៉ាញដែល​មិនរំពឹងខ្លាំងលើឧស្ម័នរុស្ស៊ី មានស្តុកគ្រប់គ្រាន់ដើម្បីប្រើប្រាស់។ ខុសពីនោះ អាល្លឺម៉ង់កំពុងប្រឈមខ្លាំងជាងគេ ព្រោះបច្ចុប្បន្នអាល្លឺម៉ង់នៅបន្តទិញឧស្ម័នពីរុស្ស៊ីចំនួនជាង ៣៥​% នៃតម្រូវការរបស់ខ្លួន​។

តែយ៉ាងណា ការសាមគ្គីរបស់​ក្រុមប្រទេសអឺរ៉ុប គឺសំដៅជួយអាល្លឺម៉ង់ ដែលជា​កម្លាំងចលករនៃសេដ្ឋកិច្ចអឺរ៉ុប​។​ ថ្លែង​នៅក្នុងកិច្ចប្រជុំកំពូល​លើកនេះ​ លោក Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបបាន​អះអាង ការ​តាងចិត្តជាធ្លុងមួយរបស់អឺរ៉ុប​ដើម្បីសម្រេចគោលដៅដែលកំណត់លើថាមពលឧស្ម័ននោះគឺ ការបញ្ចុះតម្លៃ ការធានាការផ្គត់ផ្គង់ដោយសុវត្ថិភាព​ និងការបន្តធ្វើការកាត់បន្ថយ​តម្រូវការប្រើប្រាស់។

ទោះជា​នៅពុំទាន់មានលទ្ធផលជាដុំកំភួនក្នុងកិច្ចប្រជុំកំពូលលើកនេះ តែយ៉ាងណាមេដឹកនាំនៃបណ្តាប្រទេសអឺរ៉ុបទាំងនោះ បានសម្រេចចេញនូវផែនទីបង្ហាញផ្លូវ​ដើម្បីបន្ត​ការងារជជែកពីប្រធានបទតម្លៃថាមពលបន្តទៀត។ នេះបើតាមការឆ្លើយប្រាប់អ្នកកាសែតរបស់​​ប្រធានគណៈកម្មការអឺរ៉ុប អួរស៊ូឡា វ៉ុនឌែរ ឡេយែន។

គួរជ្រាបថា ក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន សហភាពអឺរ៉ុបចោទរុស្ស៊ីថាមានចេតនា ​​ឆ្លៀត​ឱកាស​ផ្អាក​ការ​បង្ហូរ​ឧស្ម័ន​មក​អឺរ៉ុប ដើម្បី​​សងសឹក​នឹង​ទណ្ឌកម្ម​របស់​ក្រុមបស្ចិមលោក។ តាំង​ពី​បើក​ប្រតិបត្តិការ​យោធា​ចូល​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃទី ២៤​កុម្ភៈ​២០២២​មក រុស្ស៊ី​បាន​ឈប់​ផ្គត់ផ្គង់​ហ្កាស​ឱ្យ​ប៊ុលហ្ការី ដាណឺម៉ាក ហ្វាំងឡង់ ហូឡង់ ​ប៉ូឡូញនិងបារាំងជាដើម៕  ដោយ៖ បណ្តូល ពេជ្រ

ads banner