វិស័យអប់រំគឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ ធនធានមនុស្ស និងចំណេះដឹងដើម្បីចូលរួមកសាង ប្រទេសជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកណ្តាលស្ទឹង បានថ្លែងនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលជាមួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ដែលបានប្រឡងកាលពីថ្ងៃទី១៩ -២០ ខែសីហា ឆ្នាំ២០១៩ និងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។
ឯកឧត្តម កិត្តិបណ្ឌិត បានបន្តថា ដោយសារប្រទេសជាតិមាន សុខសន្តិភាព ទើបយើងមានលទ្ធភាពកសាងអភិវឌ្ឍន៍ជាតិ និងការកសាងសមត្ថភាពធនធានមនុស្ស។ នេះក៏ដោយសារនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ហើយវិស័យអប់រំត្រូវបានលើកជាអាទិភាពផងដែរ។ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងការកោតសរសើរចំពោះសិស្សនុសិស្ស ដែលបានប្រឡងជាប់នាពេលនេះ ហើយក៏បានសម្តែងនូវអំណរគុណចំពោះលោកគ្រូអ្នកគ្រូ យុវជន និងក្រុមការងារចុះជួយស្រុកកណ្តាលស្ទឹង ដែលយកចិត្តទុកដាក់បង្រៀន និងអប់រំដល់សិស្សានុសិស្ស ដោយទទួលបានលទ្ធផលដ៏ល្អប្រសើរ។ ឯកឧត្តម បានជំរុញដល់ សិស្សានុសិស្ស យុវជន លោកគ្រូអ្នកគ្រូ និងអាជ្ញាធរដែនដី បន្តចូលរួមការពារសុខសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា។
ក្នុង របាយការណ៍ស្វាគមន៍របស់លោក អ៊ូច សៅវឿន អពីបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា ២០១៨-២០១៩នេះ បេក្ខជនដែលបានចូលរួមប្រឡងមានចំនួន ៥៧១នាក់ /ស្រី៣៦២នាក់។
ជាលទ្ធផលសិស្សចំណេះទូទៅ ប្រឡងជាប់ ៤៤៨នាក់/ ស្រី២៨៩ នាក់ ស្មើនឹង ១,៧៥%, ប្រឡងធ្លាក់ ៤៣នាក់/ ស្រី ២៦នាក់ សិស្សបំពេញវិជ្ជាប្រឡងជាប់ ២៣នាក់/ ស្រី១៤នាក់ ប្រឡងធ្លាក់ ១៥នាក់/ ស្រី ០៤នាក់ និងសិស្សស្វ័យរិនប្រឡងជាប់ ១៨នាក់/ ស្រី១១នាក់ ប្រឡងធ្លាក់ ២៨នាក់/ ស្រី១៧នាក់ ក្នុងនោះ សិស្សជាប់និទ្ទេសA ១នាក់, និទ្ទេសB ១៣នាក់, និទ្ទេសC ៤៩នាក់, និទ្ទេសD ១១៩នាក់, និទ្ទេសE មាន ៣០៣នាក់ និងប្រឡងធ្លាក់ ៨៦នាក់ ។
និយាយដោយឡែក វិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពាធិអណ្តែតដើមឬស ក្នុងនៅឆ្នាំសិក្សា២០១៨-២០១៩នេះ មានបេក្ខជនចំនួន ៩២នាក់ ហើយបានប្រឡងជាប់ទាំង ៩២នាក់ និងទទួលបាននិទ្ទេស A ចំនួន០១ នាក់ ផងដែរ គឺកញ្ញា ឡៅ ស្រីលីន រឿន នៅថ្នាក់ទី១២ A។
ក្នុងឪកាសនោះ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់ បេក្ខជនប្រឡងជាប់ ៤៨៥នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល ក្នុងនោះសម្រាប់សិស្សប្រឡងជាប់និទ្ទេសអេ មាន ម៉ូតូ១គ្រឿង, ថវិកា ៥០០ដុល្លា និងប្រាក់រៀល ១លានរៀល។-បេក្ខជនប្រឡងធ្លាក់ មាន ៨២នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល។ -លោកគ្រូ-អ្នកគ្រូ វិទ្យាល័យ ១៧២នាក់ ក្នុងម្នាក់ៗ ថវិកា ២០ម៉ឺនរៀល។ បានឧបត្ថម្ភ វិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពាធិអណ្តែតដើមឬស ថវិកា ២លានរៀល ព្រមទាំងបានចែកជូនដល់ក្រុមប្រឹក្សាស្រុក-ក្រុមប្រឹក្សាឃុំ និងកងកម្លាំងសមត្ថកិច្ចផងដែរ៕