ប្រធានាធិបតីបេឡារូស៖ បេឡារូសមិនចង់បានសង្គ្រាមទេ លុះត្រាតែប្រទេសផ្សេងចង់បង្កសង្គ្រាមប្រឆាំងនឹងខ្លួន

មីនស្ក៍៖ ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko បានប្រាប់អ្នកសារព័ត៌មានក្នុងថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសរបស់លោកមិនចង់បានសង្រ្គាមទេ លុះត្រាតែប្រទេសផ្សេងទៀតចង់បង្កសង្គ្រាមប្រឆាំងនឹងខ្លួន។ ការលើកឡើងនេះបានកើតឡើងចំពេលដែលមានការចោទប្រកាន់ថា ទាហានបេឡារូសអាចនឹងចូលរួមជាមួយរុស្ស៊ី ក្នុងយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។

សារព័ត៌មានរដ្ឋ Belta បានដកស្រង់សម្តីលោក Lukashenko ដែលកំពុងបំពេញទស្សនកិច្ចទៅកាន់កន្លែងហ្វឹកហ្វឺនយោធានៅតំបន់ Brest ភាគខាងលិចនៃប្រទេសបេឡារូសថា មិនមានសង្រ្គាមទេនៅពេលនេះ… យើងមិនត្រូវការវាទេ។ ទន្ទឹមគ្នា លោកក៏បានដាស់តឿនជនរួមជាតិរបស់លោក ឲ្យរក្សាភាពស្ងប់ស្ងាត់ ហើយបន្តសកម្មភាពធម្មតារបស់ពួកគេ លុះត្រាតែយើងចង់ធ្វើសង្គ្រាម។

ប្រធានាធិបតីបេឡារូសរូបនេះ ក៏បានច្រានចោលនូវលទ្ធភាពផ្ទុះសង្គ្រាមលោកលើកទី៣ ដែលអាចនឹងកើតឡើងនាពេលអនាគតដ៏ខ្លីនេះផងដែរ ដោយហេតុថា ជម្លោះបែបនេះទំនងជាមានន័យថា ជាការវិនាសអន្តរាយដល់មនុស្សជាតិទាំងអស់។ កាលពីដើមខែនេះ រដ្ឋាភិបាលបេឡារូសបានចោទប្រកាន់អ៊ុយក្រែនថា មានផែនការ និងកំពុងរៀបចំការវាយប្រហារដែលនឹងធ្វើឱ្យមានការរឹបអូសយកតំបន់មួយចំនួន នៃទឹកដីបេឡារូស។

ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានច្រានចោលការអះអាងរបស់បេឡារូស ដោយចោទប្រកាន់វិញថា តាមពិតទៅ បេឡារូសអាចនឹងមានគម្រោងវាយប្រហារលើអ៊ុយក្រែន។ បន្ថែមលើនេះ លោក ហ្សេលេនស្គី ក៏បានអំពាវនាវឱ្យក្រុមប្រទេស G7 បញ្ជូនអ្នកសង្កេតការណ៍អន្តរជាតិទៅកាន់ព្រំដែនរបស់ប្រទេសទាំងពីរ ដើម្បីការពារការបង្កហេតុណាមួយផងដែរ៕ ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner