បស្ចិមលោក ព្រួយបាម្ភពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងតួកគីនិងរុស្ស៊ី
តួកគី៖មេដឹកនាំតួកគីលោក អ៊ែរដូហ្កាន និងលោក ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែបន្តបង្កើនទំនាក់ទំនងកាន់តែល្អូកល្អូននឹងគ្នានៅខណៈដែលទីក្រុងម៉ូស្គូកំពុងបង្កើនការវាយប្រហារលើអ៊ុយក្រែន។ ការជួបប្រជុំជាញឹកញាប់ និងទំនាក់ទំនងកាន់តែជិតស្និទ្ធរបស់មេដឹកនាំទាំងពីរ បានធ្វើឲ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់តួកគី កើតចិត្តបារម្ភថាតួកគី កំពុងគេចវេះចេញពីការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី។
ប្រធានាធិបតីតួកគី លោក រេសេប តាយីប អ៊ែរដូហ្កាន បានជួបសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីសប្តាហ៍មុន ជាលើកទីបួនក្នុងរយៈពេលប៉ុន្មានខែមកនេះ។
លោក អ៊ែរដូហ្កាន និង ពូទីន បានញញឹម និងស្វាគមន៍គ្នាទៅវិញទៅមក ដោយការចាប់រលាក់ដៃយ៉ាងកក់ក្តៅ។ ការជួបគ្នាចុងក្រោយរបស់មេដឹកនាំទាំងពីរគឺកាលពីថ្ងៃព្រហស្បតិ៍ទី១៣ តុលា ឆ្នាំ២០២២ នៅរដ្ឋធានីអាស្តាណា (Astana) ប្រទេសកាហ្សាក់ស្ថាន នៅខាងក្រៅកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។
ក្រោយពិភាក្សាជាមួយលោក ពូទីនបិទបញ្ចប់ ប្រមុខដឹកនាំតួកគី បានប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា លោកចង់កសាងភាពជោគជ័យនៃកិច្ចព្រមព្រៀងអន្តរការីរបស់អង្គការសហប្រជាជាតិ។កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យគ្រាប់ធញ្ញជាតិអ៊ុយក្រែនដែលរារាំងដោយកងកម្លាំងទ័ពជើងទឹករុស្ស៊ី អាចចូលក្នុងទីផ្សារពិភពលោកបាន។
លោក ហ្គាលីប ដាឡាយ (Galip Dalay) ដែលជាអ្នកវិភាគមួយរូប បាននិយាយថាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន ត្រូវបានគេមើលឃើញថាជាហេតុផលដែលលោកប្រធនាធិបតីតួកគី អ៊ែរដូហ្កាន យកមកជាសំអាងដើម្បីលាងជម្រះមន្ទិលសង្ស័យលើគោលនយោបាយរបស់លោក ក្នុងការរក្សាទំនាក់ទំនងស៊ីជម្រៅជាមួយលោកពូទីន។
ដោយសង្កត់ធ្ងន់លើតម្រូវការដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងម៉ូស្គូ ក្រុងអង់ការ៉ា បានបដិសេធ មិនអនុវត្តទណ្ឌកម្មដូចដែលប្រទេសលោកខាងលិចដាក់ដើម្បីប្រឆាំងនឹងរុស្ស៊ីឡើយ។
តាមរយៈរបាយការណ៍មួយដែលចេញផ្សាយកាលពីសប្តាហ៍មុន សហភាពអឺរ៉ុប បានរិះគន់យ៉ាងខ្លាំងចំពោះតួកគី ដែលមិនព្រមអនុវត្តទណ្ឌកម្ម និងបានព្រមានថាក្រុមហ៊ុនអឺរ៉ុប អាចប្រើប្រាស់ប្រទេសតួកគី ដើម្បីជាទីតាំងគេចផុតពីវិធានការរឹតបន្តឹងនេះ។ សហរដ្ឋអាមេរិក ក៏បានសម្តែងក្តីព្រួយបារម្ភពីបញ្ហានេះផងដែរ។
ការបែកខ្ញែកគ្នាក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប
ការបារម្ភថាក្រុមហ៊ុនអឺរ៉ុប និងក្រុមហ៊ុនរុស្ស៊ីមួយចំនួន អាចប្រើប្រទេសតួកគីដើម្បគេចផុតពីទណ្ឌកម្ម បានកើនឡើង នៅពេលដែលលោក ពូទីន និយាយក្នុងសប្តាហ៍នេះដោយបញ្ជាក់ជាថ្មីនូវសំណើដែលរុស្ស៊ី ចង់បង្កើតមជ្ឈមណ្ឌលសម្រាប់ផ្គត់ផ្គង់ឧស្ម័ននៅក្នុងទឹកដីតួកគី សម្រាប់ការចែកចាយបន្តទៅកាន់ទឹកដីអឺរ៉ុប។
កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក អ៊ែរដូហ្កាន គូសបញ្ជាក់ថា ប្រទេសតួកគីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងគម្រោងនេះ។ក្រុងអង់ការ៉ា កំពុងប្រឹងប្រែងចរចានូវកិច្ចព្រមព្រៀងជាមួយមូស្គូ ព្រោះវានឹងអាចជួយកំណត់ ក៏ដូចជាកាត់បន្ថយតម្លៃឧស្ម័នដែលកំពុងហក់កើនឡើងខ្ពស់នៅទីផ្សារអន្តរជាតិ។
ទាក់ទងចំណុចនេះអ្នកវិភាគនិយាយថា លោក ពូទីន កំពុងស្វះស្វែងរកវិធីដើម្បីធ្វើឱ្យមានការបែកបាក់គ្នាក្នុងចំណោមប្រទេសលោកខាងលិចដែលជាក្រុមអ្នកប្រឆាំងនឹងរុស្ស៊ី។ទន្ទឹមគ្នានេះលោក ពូទីន ក៏កំពុងតែស្វែងរកផងដែរនូវដៃគូដែលមានឆន្ទៈ ហើយគោលដៅរបស់លោកនោះគឺប្រធានាធិបតីតួកគីអ៊ែរដូហ្កាន នេះឯង។
«សម្រាប់លោក ពូទីន ទំនាក់ទំនងជាមួយតួកគីមានសារៈសំខាន់ [ព្រោះ] វាទាក់នឹងនឹងការធ្វើអឺរ៉ុបបែកបាក់»។ នេះគឺជាប្រសាសន៍របស់អ្នកជំនាញផ្នែកយុទ្ធសាស្រ្តលោក ទីម៉ូធី អាស (Timothy Ash)។ « តួកគី គឺជាសមាជិកសំខាន់របស់អង្គការអូតង់។ បើលោក ពូទីន កាន់តែអាចទាញលោក អ៊ែរដូហ្កាន និងតួកគីឱ្យដើរងាកចេញឆ្ងាយពីបស្ចិមលោក នោះវាជាការប្រសើរណាស់សម្រាប់វិមានក្រឹមឡាំង»។
យ៉ាងណាក៏ដោយ ចូរកុំភ្លេចថា ការងាកទៅបង្កើនទំនាក់ទំនងកាន់តែជិតស្និទនឹងរុស្ស៊ីរបស់តួកគី អាចបង្កឱ្យមានការសងសឹកពីសហរដ្ឋអាមេរិក និងអឺរ៉ុប។ ដូច្នោះ ទីក្រុងអង់ការ៉ា អាចប្រឈមនឹងទណ្ឌកម្មពីក្រុមប្រទេសលោកខាងលិចផងដែរ៕ ដោយ៖ លី លីយ៉ា