អឺរ៉ុប ងាករកយានរបស់ SpaceX ព្រោះមិនអាចប្រើប្រាស់យានរបស់រុស្ស៊ីបាន

អឺរ៉ុប៖អឺរ៉ុប នឹងជ្រើសរើសប្រើរ៉ុកែតអវកាសរបស់ SpaceX ក្នុងបេសកកម្មចំនួន២ បន្ទាប់ពីជម្លោះអ៊ុយក្រែនរុស្ស៊ី បានរារាំងអឺរ៉ុបក្នុងការប្រើប្រាស់យាន Soyuz របស់រុស្ស៊ី។ នេះបើតាមទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ដែលបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា។

ការបាញ់បង្ហោះរ៉ុក្កែតអវកាស នឹងធ្វើឡើងដើម្បីបញ្ជូនកែវយឺតអវកាស Euclid និងផ្កាយរណប Hera។ បេសកកម្មពេលនេះ គឺជាបេសកកម្មបន្ត ក្រោយពីបេសកកម្មរបស់ DART នៃទីភ្នាក់ងារអវកាសអាមេរិក NASA។ DART គឺយានអវកាសមួយ ដែលកាលខែមុនបានបំពេញតួនាទីការពារផែនដីដោយជោគជ័យក្នុងការបង្វែរអាចម៍ផ្កាយ ដែលហោះមកក្បែរផែនដី។

អគ្គនាយកទីភ្នាក់ងារអវកាសអឺរ៉ុប លោក Josef Aschbacher បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៃក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់ទីភ្នាក់ងារអវកាសអឺរ៉ុបថា៖ «រដ្ឋជាសមាជិកអឺរ៉ុប២២ បានសម្រេចជាគោលការណ៍ថា Euclid និង Hera នឹងត្រូវស្នើបាញ់បង្ហោះតាមរ៉ុក្កែតអវកាស Falcon 9»។ ការបាញ់បង្ហោះនឹងត្រូវធ្វើឡើងនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤។

កាលពីខែសីហាកន្លងទៅសារព័ត៌មាន រ៉យទ័រ(Reuters) បានរាយការណ៍ថា ទីភ្នាក់ងារអវកាសអឺរ៉ុបបានចាប់ផ្តើមកិច្ចពិភាក្សាលើផ្នែកបច្ចេកទេសបឋម ជាមួយក្រុមហ៊ុន SpaceX។ ការជជែកនេះ នឹងអាចនាំទៅរកការប្រើប្រាស់ជាបណ្តោះអាសន្ន នូវឧបករណ៍បាញ់បង្ហោះរបស់ក្រុមហ៊ុនអវកាសអាមេរិក បន្ទាប់ពីជម្លោះអ៊ុយក្រែនរុស្ស៊ីបានរារាំងមិនឲ្យអឺរ៉ុបអាចប្រើប្រាស់រ៉ុកែ្កតអវកាស Soyuz របស់រុស្ស៊ី។

ប្រភពដែលធ្វើការនៅក្នុងវិស័យអវកាសបានបញ្ជាក់ថា បេសកកម្មនៃការបាញ់បង្ហោះចំនួន២ នឹងរងប៉ះពាល់នៅពេលដែលភ្នាក់ងារអវកាសអឺរ៉ុប ផ្លាស់ប្តូរពីរ៉ុកែ្កតអវកាសរបស់រុស្ស៊ី ទៅប្រើរ៉ុកែតអវកាសរបស់ក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនអវកាសរបស់មហាសេដ្ឋីអាមេរិក លោក Elon Musk។

អគ្គនាយកទីភ្នាក់ងារអវកាសអឺរ៉ុបបានបញ្ជាក់ថា ការបញ្ជូនបេសកកម្មមួយទៀតឈ្មោះថា EarthCARE ដែលនឹងត្រូវប្រើរ៉ុកែ្កតអវកាសរុស្ស៊ី គឺនឹងជំនួសមកវិញដោយរ៉ុកែតអវកាសអឺរ៉ុបផ្ទាល់។ បេសកកម្មបញ្ជូនផ្កាយរណប EarthCARE នឹងត្រូវធ្វើឡើងនៅឆ្នាំ២០២៤ខាងមុខ។ ផ្កាយរណបនេះ ត្រូវបានអភិវឌ្ឍដោយក្រុម Airbus ក្រោមជំនួយឧបត្ថមរបស់សហភាពអឺរ៉ុប និងប្រទេសជប៉ុន ក្នុងគោលដៅតាមដាន និងកំណត់ពីការប្រែប្រួលអាកាសធាតុរបស់ភពផែនដី។

ក្នុងពេលបច្ចុប្បន្ននេះ ទីភ្នាក់ងារអវកាសអឺរ៉ុប កំពុងតែស្វែងរកអ្នកជំនួយ សម្រាប់បេសកកម្មអវកាស២ទៀតរបស់ខ្លួន ដែលកន្លមកពឹងផ្អែកលើរ៉ុកែ្កតអវកាសរបស់រុស្ស៊ី ដើម្បីបញ្ជូនយានទៅក្នុងលំហអាកាស៕ ដោយ៖ យ៉ាន អាន

ads banner