ហ្វាំងឡង់គ្រោងសង់របងបន្លាលួសនៅតាមព្រំដែនជាប់រុស្ស៊ី​ ដោយប្រើប្រាស់​ថវិការាប់លានអឺរ៉ូ

ហ្វាំងឡង់៖ ប្រឈមនឹងលំហូរជនអន្តោប្រវេសន៍រុស្ស៊ី​ ប្រទេសក្បែរខាងគឺ ប្រទេសហ្វាំងឡង់ បានបង្ហាញពីគម្រោងសាងសង់របងបន្លាលួសនៅតាមព្រំដែន​ជាប់រុស្ស៊ី។ ហ្វាំងឡង់ ចង់សង់របងនៅព្រំដែនជាមួយរុស្ស៊ី​នេះ គឺចង់ទប់ស្កាត់លំហូរអន្តោប្រវេសន៍មកពីរុស្ស៊ីដែលកើនឡើងខ្លាំង ក្រោយពីលោកពូទីនប្រកាសកេណ្ឌទ័ពកាលពីពេលកន្លងទៅ។

ហ្វាំងឡង់ដែលត្រៀមចូលជាសមាជិកអង្គការអូតង់ពេញសិទ្ធក្នុងពេលខាងមុខ ទើបបាន​ប្រកាសការ​គាំទ្រ​ពីសភាក្នុងសប្តាហ៍នេះ​ ក្នុងការ​សាងសង់របងបន្លាលួស ជំនួសឱ្យរបងឈើចាស់ៗ ក្នុងកម្មវត្ថុ​កាត់​បន្ថយ​ហានិភ័យ​សន្តិសុខ​ដែល​អាច​កើត​ចេញ​ពី​លំហូរ​ជនជាតិ​រុស្ស៊ី​ភ្លូកទឹក ភ្លូកដី​ចូលប្រទេស​ហ្វាំងឡង់។

លោកស្រី​នាយករដ្ឋមន្ត្រីហ្វាំងឡង់​ Sanna Marin បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Helsinki ថាហ្វាំងឡង់សង្ឃឹមគម្រោងនេះនឹងអាចចេញរូបរាងឆាប់ៗនេះ។ វាជាគម្រោង​ដែលចំណាយថវិកាអស់រាប់លានអឺរ៉ូ និងត្រូវការពេល​បញ្ចប់ការសាងសង់​ទៅក្នុងរយៈពេល៣ទៅ៤ឆ្នាំ។

ជារបងសង់មិនរុំព័ទ្ធ​គ្របដណ្តបព្រំដែននៃប្រទេសទាំងពីរទាំងអស់នោះទេ តែជារបង់ដែលដាក់បន្ថែម​កិច្ចការពារ​នៅតំបន់ដីព្រៃដាច់ស្រយាលដែលនៅឆ្ងាយពីតំបន់ប្រជាជនរស់នៅតែប៉ុណ្ណោះ។

គួរដឹងថា ខ្សែព្រំដែន​ដែល​ខ័ណ្ឌ​ចែក​រវាង​ប្រទេស​ហ្វាំងឡង់ និង​ប្រទេស​រុស្ស៊ី​មាន​ប្រវែង ១ ៣០០គីឡូម៉ែត្រ។ ឆ្មាំព្រំដែន​ហ្វាំង​ឡង់ បានលើកឡើងថា ហ្វាំងឡង់ចាំបាច់តែមានរបងការពារម៉ត់ចត់​នៅតាម​កន្លែងប្រវែង​ ​​ចម្លោះពី​ ១៣០-២៦០គីឡូម៉ែត្រ ដែលជា​ទីតាំង​​សំខាន់ក្នុងការទប់ស្កាត់លំហូរជនអន្តោប្រវេសន៍្តឱ្យកាន់តែមានប្រសិទ្ធភាពនិងងាយជាងមុន​ ជាពិសេស នៅភាគអាគ្នេយ៍នៃប្រទេសហ្វាំងឡង់ ដែលចរាចរណ៍តាមព្រំដែនច្រើនតែង​កើតឡើង។

ក្រៅតែពីហ្វាំងឡង់ ក៏មានដែរប្រទេស អេស្តូនី ឡេតូអានី និងប៉ូឡូញ ដែលកំពុងស្នើចូលជាសមាជិកអូតង់ ក៏បានប្រកាសផែនការស្រដៀងគ្នា ដើម្បីទប់ស្កាត់លំហូរជនភៀសខ្លួនរុស្ស៊ីនេះ។

គួរជ្រាបថា ចំណាត់ការទប់ស្កាត់ជនអន្តប្រវេសន៍រុស្ស៊ីនេះ គឺក្រោយ​ប្រធានាធិបតីរុស្ស៊ី លោកពូទីន កាលពីខែកញ្ញា បាន​ប្រកាស​កេណ្ឌទ័ពមួយភាគសម្រាប់បំពេញកាតព្វកិច្ច ទៅ​ធ្វើប្រតិបត្តិការយោធា ពិសេសនៅអ៊ុយក្រែន​។

ពលរដ្ឋរុស្ស៊ីជាច្រើនបាន​រត់គេចចេញពីយុទ្ធនាការកេណ្ឌទ័ពរបស់លោកពូទីននេះ ត្រូវធ្វើដំណើរចាកចោលប្រទេសជាបន្តបន្ទាប់ សំដៅប្រទេសជិតខាង ដែលនៅក្នុងនោះមានផងដែរប្រទេសសមាជិកអឺរ៉ុប ដោយកាលនោះ នៅទឹកដីហ្វាំងឡង់ បាន​កើនឡើងចំនួន​ពីរដង នៅក្រោយ​ការប្រកាស​កេណ្ឌទ័ព​របស់​លោកពូទីន ពីជាង ៣.០០០នាក់ ទៅ ៦.៤០០នាក់ ក្នុងមួយថ្ងៃ៕ ដោយ៖ បណ្តូល ពេជ្រ

ads banner