ប្រាំមួយព្រឹត្តិការណ៍សំខាន់ៗដែលគួរឱ្យចង់ចាំរបស់លោកស្រី លីហ្ស ត្រាស្ស អំឡុងពេល៦សប្ដាហ៍ដ៏ចម្រូងចម្រាស
អង់គ្លេស៖លោកស្រី លីហ្ស ត្រាស្ស បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស បន្ទាប់ពីបានឡើងកាន់តំណែងមិនទាន់បានពីរខែស្រួលបួលផង។ ចាប់តាំងពីថ្ងៃដែលលោកស្រីបានចូលជួបជាមួយព្រះមហាក្សត្រិយានី និងចូលកាន់តំណែងជាផ្លូវការមកភាពវឹកវរបានចាប់ផ្ដើមកើតមានឡើងដោយសារតែការមិនពេញចិត្តនៅផ្ទៃក្នុងគណបក្សអភិរក្សនិយមអង់គ្លេស ចំពោះគម្រោងច្បាប់ហិរញ្ញវត្ថុរបស់លោកស្រី និងជុំវិញការបង្កឱ្យមានវិបត្តិនយោបាយ។ការចុះចេញពីតំណែងនាយករដ្ឋមន្ត្រីបន្ទាប់ពីកាន់អំណាចបានត្រឹមតែប្រាំមួយសប្តាហ៍នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមិនធ្លាប់មានសម្រាប់អង់គ្លេស។
ខាងក្រោមនេះគឺជាព្រឹត្តិការណ៍ដែលគួរឱ្យចងចាំទាំងប្រាំមួយរបស់លោកស្រី ត្រាស្ស
១. ការចូលជួបជាមួយព្រះមហាក្សត្រិយានី លើកដំបូង ហើយក៏ជាលើកចុងក្រោយ
ទោះបីជាលោកស្រីជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រ ក្នុងនាមជានាយករដ្ឋមន្ត្រីដែលកាន់តំណែងរយៈពេលខ្លីបំផុតរបស់ចក្រភពអង់គ្លេសក៏ដោយ ក៏លោកស្រីបានបន្សល់ទុកនូវរូបថតមួយសន្លឹកចុងក្រោយ ដែលបានថតជាមួយព្រះមហាក្សត្រិយដែលបានកាន់អំណាចយូរជាងគេ។ ដោយពីរថ្ងៃមុនពេលទ្រង់សោយទិវង្គត ព្រះមហាក្សត្រិយានីបានអញ្ជើញលោកស្រី ត្រាស្ស ដែលជានាយករដ្ឋមន្ត្រីអង់គ្លេសទី១៥ ជាផ្លូវការ ដើម្បីបង្កើតរាជរដ្ឋាភិបាលថ្មីមួយ។
គួរបញ្ជាក់ផងដែរថា រូបថតរបស់អ្នកទាំងពីរចាប់ដៃគ្នានៅវិមាន Balmoral បានធ្វើឱ្យសាធារណៈជនមានការព្រួយបារម្ភអំពីសុខភាពរបស់ម្ចាស់ក្សត្រិយ ដោយសារបានមើលឃើញនូវរូបរាងដ៏ទន់ខ្សោយរបស់ទ្រង់។ ក្នុងនោះ លោកស្រី ត្រាស្ស បានពិពណ៌នាអំពីអារម្មណ៍ថាលោកស្រីមានកិត្តិយសយ៉ាងខ្លាំង ដែលបានជួបព្រះមហាក្សត្រិយ នៅក្នុងបេសកកម្មចុងក្រោយរបស់លោកស្រី។
២. បរាជ័យនៃគោលនយោបាយហិរញ្ញវត្ថុ
លោកស្រី លីហ្ស ត្រាស្ស បានធ្វើយុទ្ធនាការលើផែនការកាត់បន្ថយពន្ធចំពោះអ្នកមាន ហើយពីរទៅបីសប្តាហ៍ក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោកស្រីអធិការបតី លោក Kwasi Kwarteng បានបង្ហាញពីចំនួនទឹកប្រាក់ដែលបានកាត់បន្ថយពន្ធនោះស្មើនឹងប្រមាណជា ៥១ ពាន់លានដុល្លារអាមេរិក។ប៉ុន្តែលោក Kwarteng មិនបានពន្យល់ថាតើការកាត់នេះត្រូវបង់ដោយរបៀបណាទេ។ទំហំថវិកានេះត្រូវបានប្រកាសកាលពីថ្ងៃសុក្រ ប៉ុន្តែនៅពេលដែលទីផ្សារបើកឡើងវិញនៅព្រឹកថ្ងៃចន្ទបន្ទាប់ ប្រាក់ផោន (Pound) បានធ្លាក់ចុះដល់កម្រិតទាបខ្លាំងបើធៀបនឹងប្រាក់ដុល្លារ។
ផែនការកំណើនសេដ្ឋកិច្ចតាមរយៈការកាត់បន្ថយពន្ធនេះ បានបង្កឱ្យមានភាពចលាចលក្នុងទីផ្សារ ដោយធនាគារអង់គ្លេសត្រូវបោះពុម្ពប្រាក់រាប់សិបពាន់លានផោន ដើម្បីរក្សាស្ថិរភាពមូលនិធិសោធននិវត្តន៍។ មិនត្រឹមតែប៉ុណ្ណោះ អត្រាកម្ចីទិញផ្ទះក៏បានកើនឡើងខ្លាំងផងដែរ។
យ៉ាងណាក៏ដោយ អធិការបតីរូបនេះបានច្រានចោលផែនការមួយចំនួននៃគម្រោងទាំងមូលនេះ ប៉ុន្តែវាមិនបានធ្វើឱ្យអ្នកនយោបាយក្នុងគណបក្សអភិរក្ស អាចស្ងប់អារម្មណ៍ជាមួយលោកស្រី លីហ្ស ត្រាស្ស នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ វាគឺជាលើកដំបូងហើយដែល អ្នកអត្ថាធិប្បាយសេដ្ឋកិច្ចបានប្រើប្រាស់ពាក្យថា «សេដ្ឋកិច្ចរបស់លោកស្រីត្រាស្ស» ឬ “Trussonomics” បានរលំរលាយហើយ។
៣. សន្និសីទសារព័ត៌មានខ្លី និងគំរោះគំរើយ
លោក Kwarteng ត្រូវបានហៅត្រឡប់ពីកិច្ចប្រជុំមួយនៅទីក្រុងវ៉ាស៊ីនតោន មុនមួយថ្ងៃមុន ហើយនៅពេលដែលលោកត្រលប់មកដល់អង់គ្លេសភ្លាម លោកត្រូវបានគេបណ្តេញចេញពីមុខតំណែង ដោយសារតែរាជរដ្ឋាភិបាលជួបប្រទះបញ្ហារង្គោះរង្គើទីផ្សារធ្ងន់ធ្ងរ និងមានការរំពឹងទុកថាវិបត្តិនេះនឹងអូសបន្លាយពេលយូរបន្តទៀត។
ប៉ុន្មានម៉ោងបន្ទាប់ពីការបណ្ដេញចេញនេះ លោកស្រី ត្រាស្ស បានធ្វើសន្និសីទសារព័ត៌មានដ៏ខ្លីមួយ ក្នុងអំឡុងពេលដែលលោកស្រីត្រូវបានសាធារណៈជនឈប់ជឿជាក់លើលោកស្រី ក្នុងនាមជានាយករដ្ឋមន្ត្រីអង់គ្លេស ហើយនៅពេលនោះមានអ្នកកាសែតម្នាក់បានសួរថា «ហេតុអ្វីបានជាអ្នកនៅបន្តកាន់តំណែងទៅរួច?»។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននោះដែរ ទោះបីជាលោកស្រីបានឆ្លើយនឹងសំណួរត្រឹមតែបួនសំណួរក៏ដោយ ក៏លោកស្រីមានភាពស្ទាក់ស្ទើរ និងត្រលប់ត្រលិននៅក្នុងការឆ្លើយ ដោយទទូចថាលោកស្រីបានព្យាយាមធ្វើយ៉ាងណាដើម្បីរំងាប់ភាពចលាចលនៃសេដ្ឋកិច្ចក្នុងប្រទេសពេលនេះ។ អាការៈដ៏ឆ្គងរបស់លោកស្រី រយៈពេលប្រាំបីនាទី មិនបានបញ្ចុះបញ្ចូលសមាជិកសភានៅក្នុងគណបក្សខ្លួនយល់ព្រមឱ្យលោកស្រីអាចបន្តធ្វើជាមេដឹកនាំទៀតនោះទេ។
៤. វីដេអូពីលោកស្រី ត្រាស្ស ចូលជួបជាមួយព្រះមហាក្រត្សដែលទើបនឹងឡើងគ្រោងរាជថ្មីៗ
រូបភាពវីដេអូពីជំនួបរវាងព្រះមហាក្សត្រអង់គ្លេសគឺស្ដេច ឆាលស៍ ទី៣ ដែលទើបនឹងឡើងគ្រោងរាជថ្មីៗ និងនាយករដ្ឋមន្ត្រីដែលទើបនឹងឡើងកាន់តំណែងមិនយូរប៉ុន្មានផងនោះ គឺពិតជារូបភាពវីដេអូដែលកម្រមានណាស់។ ទន្ទឹមនឹងនោះរូបភាពជាច្រើនដែលត្រូវបានចេញផ្សាយអំពីជំនួបរវាងអ្នកទាំងពីរជាលើកដំបូងនៅក្នុងវិមាន Buckingham មិនបានស្ដារមុខមាត់ឱ្យសាធារណៈជនបានស្ងប់អារម្មណ៍នោះទេ។
នៅពេលដែលលោកស្រីកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីសហសេវិករបស់លោកស្រី ព្រះមហាក្សត្របានចេញផ្សាយនូវវីដេអូមួយដែលក្នុងនោះ ទ្រង់បានរអ៊ូរថា «Dear oh dear» ដែលឃ្លានេះត្រូវបានគេយល់ឃើញថា ជាការបង្ហាញនូវទឹកចិត្តអាណិត ឬសង្រេងដល់លោកស្រីចំពោះកាលវិភាគដ៏មមាញឹករបស់នាយករដ្ឋមន្ត្រីរូបនេះ ខណៈដែលទ្រង់ក៏បានផ្លាស់ប្តូរការពិភាក្សាខ្លីមួយជាមួយលោកស្រី ត្រាស្ស ផងដែរ។
៥. សំបុត្រដ៏គំរោះគំរើយរបស់សមាជិកសភាម្នាក់
មួយថ្ងៃមុនពេលប្រគល់លិខិតលាលែងពីតំណែងលោកស្រី ត្រាស្ស បានទទួលលិខិតមួយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Suella Braverman។ លោកស្រី Braverman គឺជាអតីតគូប្រជែងបេក្ខភាពនាយករដ្ឋមន្ត្រីកន្លងមក ប៉ុន្តែលោកស្រី Braverman បានលាលែងពីតំណែងជុំវិញការរំលោភលើទិន្នន័យចំនួនពីរលើក ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះមិនបានចាកចេញទៅដោយស្ងៀមស្ងាត់នោះទេ ដោយបានសរសេរនៅក្នុងលិខិតលាលែងនោះថា លោកស្រីបានបង្កើតឱ្យមានការ «រំលោភបំពានផ្នែកបច្ចេកទេស» ដោយផ្ញើឯកសារផ្លូវការមួយពីអ៊ីមែលផ្ទាល់ខ្លួន ហើយថាឥឡូវលោកស្រីកំពុងទទួលខុសត្រូវចំពោះទង្វើនេះ។
លោកស្រីបានសរសេរថា៖ «ការខំប្រឹងសម្ដែងថាយើងមិនបានធ្វើខុស ដោយបន្តធ្វើដូចជាមនុស្សគ្រប់គ្នាមើលមិនឃើញថាយើងបានធ្វើវា ហើយសង្ឃឹមថាអ្វីៗនឹងកើតឡើងដោយវេទមន្ត នោះមិនមែនជារបៀបធ្វើនយោបាយច្បាស់លាស់នោះទេ»។ ខ្ញុំបានធ្វើខុស ខ្ញុំទទួលខុសត្រូវ ដោយខ្ញុំលាលែងពីតំណែង»។ សារនេះត្រូវបានគេយកជាការវាយប្រហារជាសាធារណៈទៅលើនាយករដ្ឋមន្ត្រី ដោយរិះគន់លោកស្រី ត្រាស្ស ចំៗ និងការដឹកនាំរបស់លោកស្រីទាំងស្រុង។
៦. រយៈពេលឡើងកាន់តំណែងស្មើនឹងអាយុបន្លែសាឡាត់
អ្នកអត្ថាធិប្បាយនយោបាយនិយាយលេងសើចថាលោកស្រី ត្រាស្ស មានអាយុកាលប្រហាក់ប្រហែលនឹងបន្លែសាឡាត់។ លើសពីនេះ កាសែតអង់គ្លេសដែលមានឈ្មោះថា Daily Star ដែលមានមនុស្សរាប់ពាន់នាក់បានចូលមើល និងចែកចាយបន្ត បានកាត់តរូបភាពបន្លែសាឡាត់ ជាមួយលោកស្រី ត្រាស្ស ដោយពាក់សក់ពណ៌ទង់ដែងនៅលើបន្លែសាឡាត់ ហើយដាក់ឱ្យនៅក្បែរនឹងរូបថតនាយករដ្ឋមន្ត្រីដែលទើបប្រកាសលាលែងពីតំណែងរូបនេះ។ នៅពេលដែលបន្លែស្រពោនបន្តិចម្តងៗ មានន័យថាការក្តាប់អំណាចរបស់លោកស្រី ត្រាស្ស ក៏ត្រូវបញ្ចប់ដូចគ្នា។
នៅពេលដែលនាយករដ្ឋមន្ត្រីបានប្រកាសលាលែងពីតំណែងមានមនុស្សជិត ២០ ០០០ នាក់ បានចូលរួមអបអរសាទរបែបចំអក ចំពោះសាឡាត់ដែលមានអាយុកាលយូរ។ ទន្ទឹមនឹងនោះ ភ្លេងជាតិត្រូវគេលេងអមជាមួយនឹងបទភ្លេងញាក់ឈ្មោះថា Kool and the Gang’s Celebration។
មិនត្រឹមតែប៉ុណ្ណោះ ពាក្យថា «សាឡាត់រីករាយ» ត្រូវបានចេញផ្សាយលើទំព័រមុខកាសែត ក្រោយថ្ងៃដែលលោកស្រី ត្រាស្ស បានចុះចេញពីតំណែង។ លើសពីនេះ ថ្ងៃដ៏ច្របូកច្របល់នៅក្នុងនយោបាយអង់គ្លេសបានខិតជិតមកដល់ កាសែតដដែលនេះបានផ្សព្វផ្សាយមាតិកាចំអកចុងក្រោយមួយ គឺការបញ្ចាំងរូបភាពបន្លែសាឡាត់ដ៏ធំនៅលើនៅខាងក្រៅវិមាន Westminster មុនពេលប្រកាសនៅលើបណ្តាញសង្គមធ្វីតធ័រថា៖ «សាឡាត់បានបញ្ជូនទៅសភាហើយ»៕ ដោយ៖ ធា សុខណា