តើ​នរណា​អាច​ជា​នាយក​រដ្ឋ​មន្រ្តី​​អង់គ្លេស​បន្ទាប់​ ជំនួស​លោក​ស្រី​ លីហ្ស ត្រាស់​?

អង់គ្លេស៖កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២០ ខែ​តុលា​​​ នាយករដ្ឋ​មន្រ្តីអង់គ្លេស​ លោក​ស្រី​ លីហ្ស ត្រាស់​ ដែ​ល​ប្រឈម​មុខ​នឹង​ភាព​ចលាចលនៃ​​សេដ្ឋកិច្ច​និង​នយោបាយនៅ​​ក្នុង​ប្រទេស​ដ៏ស្មុគស្មាញ​នោះ​​ បាន​ប្រកាស​លាលែង​ចេញ​ពី​មុខ​តំណែងជា​ផ្លូវ​ការ​​ ដែល​ធ្វើ​ឱ្យ​អ្នក​នយោបាយ​រូប​នេះ​ ​ក្លាយ​ជា​នាយករដ្ឋ​មន្រ្តី​​​​អង់គ្លេស​កាន់​តំណែង​ខ្លី​ជាង​គេ​​​ក្នុង​ប្រវត្តិសាស្រ្ត​​​​ ពោល​គឺ​ត្រឹម​តែ​រយៈពេល​ ៤៥ ថ្ងៃ​ប៉ុណ្ណោះ​។

នា​ពេល​នេះ​ ​ដំណើរ​ការ​នៃ​ការ​ជ្រើស​រើស​មេដឹកនាំបន្ទាប់​​ដើម្បី​​ជំនួស​​​លោក​ស្រី​ ត្រាស់​ កំពុង​តែ​ប្រព្រឹត្ត​ទៅ​ ហើយ​​​​​គ្រោង​ថា​នឹង​បញ្ចប់​​ឱ្យ​រួច​រាល់​​នៅ​សប្ដាហ៍​នេះ។ លោក​ Graham Brady ​​​ដែល​ជា​មន្ត្រី​នៃ​គណបក្ស​អភិរក្ស​និយម​ ​ទទួល​បន្ទុក​លើ​ការ​រៀប​ចំ​កិច្ច​ការ​នេះ​ បាន​ប្រកាស​ថា​ ​​បេក្ខជន​ឈរ​ឈ្មោះ​ជា​នាយករដ្ឋ​មន្រ្តី​បន្ទាប់​ ​នឹង​ត្រូវ​ការ​​សំឡេង​គាំទ្រតែង​តាំង​​​យ៉ាង​ហោច​ណាស់​​ចំនួន​ ១០០​ ពី​សមាជិក​សភា​របស់​គណបក្ស​នៅ​ត្រឹម​​​​​រសៀល​ម៉ោង​២​ថ្ងៃ​ចន្ទ (ម៉ោង​នៅ​អង់គ្លេស​)​។  ​

​​ប្រសិន​បើ​មាន​តែ​បេក្ខជន​ម្នាក់​ ដែល​ទទួល​បាន​​សំឡេង​​ច្រើន​តាម​លក្ខខណ្ឌ​នេះ​​ បេក្ខជន​រូប​នោះ​នឹង​ក្លាយ​ជា​មេដឹកនាំ​បន្ទាប់​ភ្លាម​ៗ​ ប៉ុន្តែ​ប្រសិន​បើ​មាន​លើស​ពី​មួយ​រូប​ នោះ​ពួក​គេ​នឹង​ត្រូវ​ឆ្លង​កាត់ដំណើរ​​ការ​បោះ​ឆ្នោត​ក្នុង​បក្ស​ ដែល​​នឹង​​ត្រូវ​បញ្ចប់​​​​សព្វ​គ្រប់​​ថ្ងៃ​សុក្រ​ជាមុន​សិន​​​។ រួច​មក​​ ឈ្មោះ​នាយក​រដ្ឋមន្រ្តី​អង់គ្លេស​​ថ្មី​ នឹង​ត្រូវ​ប្រកាស​ឡើង​​ ហើយ​អ្នក​នយោបាយ​រូប​នោះ​ ​​នឹង​ក្លាយ​ជា​​​​នា​យករដ្ឋ​មន្រ្តី​នៃ​​បក្ស​អភិរក្ស​និយម​​ទី​៥​​ដែល​កាន់​អំណាច​ត្រឹម​តែ​​​រយៈ​ពេល​៦​​ឆ្នាំ​ ​និង​​ជា​​នាយក​រដ្ឋ​មន្ត្រី​​ទី​​៣ គិត​តែ​​​ក្នុង​​អាណត្តិ​​​សភា​​នេះ​។​​

ប៉ុន្តែ​សំណួរ​ដែល​សំខាន់​ជាង​គេ​នៅ​ពេល​នេះនោះ​​គឺ​ថា​ តើ​នរណា​​អាច​នឹង​ក្លាយ​ជា​នាយករដ្ឋ​​មន្រ្តី​អង់គ្លេស​បន្ទាប់?

១. លោក​ រីស្ស៊ី​ ស៊ូណាក់​

​អតីត​រដ្ឋ​មន្ត្រីនៃ​ក្រសួង​​ហិរញ្ញ​វត្ថុ​​​អង់គ្លេស​ លោក​ ស៊ូណាក់​ គឺ​ជា​បេក្ខជន​ដ៏​មាន​ប្រជាប្រិយ​​ភាព​បំផុតមួយ​ ​ក្នុង​ចំណោម​សមាជិក​សភាទាំង​អស់​​​នៃ​គណបក្ស​អភិរក្ស​និយម។ ​ក្នុង​​​ការ​ប្រកួត​ប្រជែងយក​​តំណែង​ជា​នាយករដ្ឋ​មន្រ្តី​​​បន្ត​​ពី​លោក​ ប៊ូរីស​ ចនសុន​ ​ដែល​បញ្ចប់​ទៅ​នៅ​ដើម​ខែ​​កញ្ញា​ ​លោក​ ស៊ូណាក់​​ ​បាន​ចាញ់​ការ​បោះឆ្នោត​​ទៅ​លោក​ស្រី​ ត្រាស់​ ​តែ​ប៉ុន្មាន​សម្លេង​​​ប៉ុណ្ណោះ​។

យ៉ាង​ណា​មិញ​ អ្វី​ដែល​សំខាន់​នោះ​គឺ​ថា​ លោក​ ស៊ូណាក់​ បាន​ព្រមាន​អំពី​ផែន​ការ​កាត់​បន្ថយ​ពន្ធ​របស់​លោក​ស្រី​ ត្រាស់​ ដោយ​អះ​អាង​​ថាវា​​នឹង​ធ្វើ​ឱ្យ​​ភាព​​ចលាចលនៃ​ទីផ្សារ​​ និង​ការ​ហក់​ឡើង​នៃ​អតិផរណា​ក្នុង​ប្រទេស​​​កាន់​តែ​អាក្រក់​ទៅៗ​។ អ្វី​ដែល​អ្នក​នយោបាយ​​វ័យ​ ៤២ រូប​នេះ​​​បាន​ព្រមាន​ បាន​កើត​ឡើង​ពិត​មែន​ ​​ហើយ​នា​ពេល​នេះ​ សន្ទុះ​នៃ​ការ​គាំទ្រ​លើ​រូប​លោក​ពី​ចំណោម​សមាជិក​សភា​ក្នុង​បក្ស​ក៏​កើន​ឡើង​ក្រោយ​លោក​ស្រីនាយករដ្ឋ​មន្រ្តី​​ ត្រាស់​ ដែល​លុប​ចោល​ផែន​ការ​កាត់​ពន្ធ​នោះ​ បាន​​ចុះ​ចេញ​ពីតំណែង​។

មុខ​មាត់​របស់​លោក ស៊ូណាក់​​ ប្រហែល​ជា​មាន​លើស​ពី​នេះ​ទៀត​ បើ​គេ​រាប់​បញ្ជូល​ទាំង​ការ​ដឹក​នាំ​របស់​លោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​សេដ្ឋកិច្ច​​​នៅ​ពេល​ពិភព​លោក​​កំពុង​ជួប​​វិបត្តិកូវីដ​។  ប៉ុន្តែការ​​​ដឹក​នាំ​របស់​លោក​​នា​ពេល​នោះ​ ក៏​ប្រឈម​មុខ​នឹង​ការ​​មិន​ពេញ​ចិត្ត​ផង​ដែរ​ ជាពិសេស​ជុំ​វិញ​ការ​ចំណាយលុយ​​ក្នុង​​សម័យ​​កូវីដ​ និង​ការ​តំឡើង​ពន្ធ​ ដែល​មាន​ឥទ្ធិពល​លើ​វិបត្តិ​​តម្លៃ​នៃ​ការ​រស់​នៅ​អង់គ្លេស​​។

លើស​ពី​នេះ​ លោក​ ស៊ូណាក់​ ក៏​មាន​ចំណែក​ក្នុង​ការ​ដឹក​នាំ​​សមាជិក​សភានៃ​បក្ស​អភិរក្ស​និយម​ផ្សេង​​ទៀត​ ឱ្យ​ប៉ះ​បោរ​ប្រឆាំង​នឹង​លោក​ ចន​សុន​ ​តាម​រយៈ​ការ​លាលែង​ចេញ​ពី​ដំណែង​ជា​​រដ្ឋ​មន្ត្រីនៃ​ក្រសួង​​ហិរញ្ញ​វត្ថុរបស់​លោក​នៅ​ដើម​ខែ​កក្ដដា​។ នេះ​មាន​ន័យ​ថា​ ​អ្នក​គាំទ្រ​លោក​ ចនសុន​ ក្នុង​​​​សមាជិក​សភា​ និង​សមាជិក​នៃ​បក្ស​​​អភិរក្ស​និយម​ ប្រហែល​ជា​នៅ​ខឹង​នឹង​លោក​ ស៊ូណាក់​ នៅ​ឡើយ​ទេ​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ​​ទិន្នន័យ​តាម​ដាន​របស់​សារព័ត៌មាន​ BBC ​គិត​ត្រឹម​​ថ្ងៃ​សៅរ៍នេះ​​ បាន​បង្ហាញ​ថា​ លោក​ ស៊ូណាក់​ បាន​ក្លាយ​ជា​បេក្ខជន​​ដំបូង​គេ​​​​ដែល​ទទួល​បាន​សម្លេង​គាំ​ទ្រ​តែង​តាំង​ពី​សមាជិក​សភា​បក្ស​អភិរក្ស​និយម​​​ស្រប​ទៅ​តាម​លក្ខខណ្ឌ​ ដោយ​​មាន​ការ​គាំទ្រ​​លើស​ពី​ ១២០ សមាជិក​សភា​។

. លោក​ ប៊ូរីស​ ចន​សុន​

ភ្លាម​ៗ​​បន្ទាប់​ពី​លោក​ស្រី​ ត្រាស់​ ប្រកាស​លា​លែងចេញ​តំណែង​​ជា​នាយក​រដ្ឋ​មន្រ្តី​​​​​​ អ្នក​គាំទ្រ​របស់​លោក​ ចនសុន​ បាន​អំពាវ​នាវ​ឱ្យ​លោក​វិញ​​ត្រឡប់​មក​​​កាន់​តំណែង​នេះ​ឡើង​​វិញ។ ការ​អំពាវ​នាវ​នេះ​ ​ធ្វើ​ឡើង​បើ​ទោះ​បី​​ជា​លោក​ ចនសុន​ ទើប​តែ​​​​​ប្រកាស​​​ចុះ​ចេញ​​​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​​ក្ដី​​ ជុំ​វិញ​​រឿង​អាស្រូវ​បន្ត​បន្ទាប់​គ្នា​ រួម​ទាំង​ការ​ជប់​លៀង​នៅ​វិមាន​​ Downing Street ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​កូវីដ​។

ថ្វី​ត្បិត​តែ​ថា​ លោក​ ចនសុន​ ​បាន​​ឈ្នះ​ការ​បោះឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ក្នុង​​ឆ្នាំ​ ២០១៩​ ក៏​ដោយ​ចុះ​ ​​​ប៉ុន្តែ​មាន​ការ​លើក​ឡើង​ថា​ ការ​ដំឡើង​លោក​ឱ្យ​ក្លាយ​ជា​​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ម្តង​ទៀត​ នឹង​ក្លាយ​ជា​ហានិភ័យ​ធំ​សម្រាប់​គណបក្ស​អភិរក្ស​និយម​របស់​លោក​។ ខណៈ​គេ​មិន​ប្រាកដ​ថា​ ការ​វិល​ត្រឡប់​របស់​លោកអាច​​នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​សេដ្ឋកិច្ច​ និង​ធ្វើ​ឱ្យ​ទី​ផ្សារ​មាន​ភាព​ស្ថិរភាព​ គេ​មើល​ឃើញ​ថា​ អ្នក​គាំទ្រ​របស់​លោក​ ចនសុន​ មាន​ការ​បាក់​បែក​គ្នា​ ស្រប​ពេល​ដែល​អតីត​នាយករដ្ឋ​មន្រ្តីវ័យ​ ៥៨ ឆ្នាំ​ ​រូប​នេះ​ ក៏​រង​ការ​ស៊ើប​អង្កេត​​ជុំ​វិញ​ការ​​ជប់​លៀង​​អំឡុង​ពេល​បិទ​ខ្ទប់​​ផង​ដែរ​។

ប៉ុន្តែ​ គេ​នៅ​តែ​សង្កេត​ឃើញ​ថា​ មាន​​សមាជិក​សភា​បក្ស​អភិរក្ស​និយម​ជាច្រើន​ បន្ត​​គាំទ្រ​លោក​ ចនសុន​។ ​សមាជិក​សភា​ម្នាក់​​​ បាន​​​​អះ​អាងប្រាប់​បណ្ដាញ​ព័ត៌មាន​ CNN ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ​លោក​ ចន​សុន​ គឺ​ជា​បេក្ខជន​តែ​មួយ​គ​ត់​ដែល​អាច​យក​ឈ្នះ​បាន​ទាំង​សមាជិកសភា​អភិរក្ស​និយម​ និង​សមាជិក​នៃ​គណបក្ស​អភិរក្ស​។​​ ទន្ទឹម​ជា​មួយ​គ្នា​នោះ​​ រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​​​ថ្មី​​ លោក​ James Duddridge ​បាន​សរសេរ​នៅ​លើ​ធ្វីតធឺរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​ថ្ងៃ​ដែល​លោក​ស្រី​ ត្រាស់​ លា​លែង​ចេញ​ពី​តំណែង​ថា​៖ «​​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ (លោក​ ចនសុន​) នឹង​រីក​រាយ​ថ្ងៃ​ឈប់​សម្រាក​ លោក​ចៅហ្វាយ​​​។ ​ដល់​ពេល​ត្រលប់​មក​វិញ​ហើយ​។​ មាន​បញ្ហា​​មួយ​​ចំនួន​​នៅ​​ការិយាល័យ​ដែល​ត្រូវ​ការ​ដំណោះ​ស្រាយ​​​»។

​យ៉ាង​ណា​មិញ​ ខណៈ​សន្ទុះ​ការ​គាំ​ទ្រ​លោក​ក៏​ខ្លាំង​ ​​​មាន​​មតិ​ខ្លះ​លើក​ឡើង​​​​ថា​ លទ្ធ​ភាព​ដែល​លោក ចនសុន​ ​ប្រមូល​សំឡេង​គាំទ្រ​ពី​ក្នុងសមាជិក​សភា​របស់​​បក្ស​ឱ្យ​បាន​តាម​លក្ខខណ្ឌ​​ ​គឺ​មិន​អាច​ទៅ​រួច​​​នោះ​ទេ​។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ ​អាច​នឹង​ខុស​ពី​ការ​រំពឹង​ទុក​​។​ ​សារព័ត៌មាន និង​កាសែត​​អង់គ្លេស​ធំ​ៗ​ដូច​ជា​ BBC, Sky News និង​ The Sunday Times បាន​រាយការណ៍ដោយ​ស្រង់​សម្ដីអះ​អាង​ពី​​ប្រភព​ជិត​ស្និទ្ធ​នឹង​លោក​ ចន​សុន​ ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ ចំនួន​គាំទ្រ​តែង​តាំងលោក​ ចនសុន​ ពីសំណាក់​​សមាជិក​សភា​​​បក្ស​អភិរក្ស​និយម​​ បានកើន​​ឡើង​ដល់​ ១០០ សម្លេងហើយ​​។ នេះ​មាន​ន័យ​ថា​ លោក​ ចន​ សុន​ ​មាន​លទ្ធ​ភាព​ប្រកួត​ជា​មួយ​លោក​ ស៊ូណាក់​ និង​អាច​ក្លាយ​ជា​នាយករដ្ឋ​មន្រ្តី​អង់គ្លេស​ជា​ថ្មី​ម្ដង​ទៀត​ក៏​ថា​បាន​។ ប៉ុន្តែ​ទិន្ន​ន័យ​តាម​ដាន​របស់​ BBC បង្ហាញ​ថា​ សំឡេង​គាំទ្រ​លោក​ ចនសុន​ គិត​ត្រឹម​ថ្ងៃ​សៅរ៍​នេះ​ មាន​ត្រឹម​ជាង​ ៥០ ប៉ុណ្ណោះ​។

៣. លោក​ស្រី ផេននី​ ម៉ូដនត៍ (Penny Mordaunt)

លោក​ស្រី​ ម៉ូដនត៍ វ័យ​ ៤៩​ ឆ្នាំ​បាន​ក្លាយ​ជា​មេដឹក​នាំ​សភា​ជាន់​ទាប​របស់​សភា​អង់គ្លេស​ បន្ទាប់​ពី​លោក​ស្រី​ ក្លាយ​ជា​​បេក្ខ​ជន​ដ៏​លេច​ធ្លោ​មួយ​ ក្នុង​ការ​ប្រកួត​ប្រជែង​យក​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​បន្ត​ពី​​លោក​ ចនសុន​។​ ​នៅ​ពេល​នោះ​ សន្ទុះ​នៃ​ការ​គាំទ្រ​របស់​លោក​ស្រី​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ​ប៉ុន្តែ​​អ្នក​​រិះ​គន់​អះ​អាង​ថា​ លោក​ស្រី​​មិន​សូវ​ជា​មាន​​​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​នាយក​រដ្ឋ​មន្ត្រី​។

ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​​​ ​លោក​ស្រី ម៉ូដនត៍ ធ្លាប់​បម្រើ​ការ​​ជា​​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​​​ការពារ​ជាតិ​ក្នុង​​ឆ្នាំ​ ២០១៩ ​ហើយ​សព្វ​ថ្ងៃ​នេះ​ លោក​ស្រី​ក៏​​ជា​​​កង​ទ័ព​បម្រុង​នៃ​កង​ទ័ព​ជើង​ទឹក​របស់​ចក្រភព​អង់គ្លេស​។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ញូវយ៉ក​ថែមស៍​ ​មនុស្ស​ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោកស្រី​ ​ម៉ូដនត៍ បាន​ពិពណ៌នា​លោក​​ស្រី​រូប​នេះ​ ថា​មាន​ភាព​ទាក់​ទាញ​ និង​​ស្មោះត្រង់​ ប៉ុន្តែ​មិន​ចាប់​អារម្មណ៍​លើ​ភាព​​ស្មុគ​ស្មាញ​នៃ​គោល​នយោបាយ​ទេ​។ បន្ថែមពី​​នេះ​ លោក​ស្រី​ក៏​មាន​បទ​ពិសោធន៍​តិច​តួច​លើ​វិស័យ​សេដ្ឋកិច្ច​ ​ខណៈនា​ពេល​នេះ​ ​អង់គ្លេស​កំពុង​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ​។

គួរ​កត់​សម្គាល់​ថា​​ ​មុខ​មាត់​របស់​លោក​ស្រី​ ម៉ូដនត៍ បាន​ឡើង​ស្រឺត​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ បន្ទាប់​លោក​ស្រី​​ត្រូវ​បាន​គេ​បញ្ជូន​ឱ្យ​ឡើង​និយាយក្នុង​សភា​​ជំនួស​លោក​ស្រី​ ត្រាស់​ កាល​ពី​ថ្ងៃ​ចន្ទ​​ដើម​សប្ដាហ៍​មុន​   ដើម្បី​បក​ស្រាយ​សំណួរ​បន្ទាន់​​មួយ​ទាក់​ទង​នឹង​ភាព​​​ចលាចល​ផ្នែក​សេដ្ឋកិច្ច​។ ​ឆ្លើយ​តប​នឹង​ការ​ទាម​ទារ​​ឱ្យ​លោក​ស្រី​ ត្រាស់ ចុះ​ចេញ​ពី​ដំណែង​ និង​ការ​ចោទ​ប្រកាន់​ថា​​លោក​ស្រី​ ត្រាស់​ ​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​​សមាជិក​សភា​ដទៃ​ទៀត​ លោក​ស្រី​ ម៉ូដនត៍ បាន​​​​ថ្លែង​​​​នៅ​ពេល​នោះ​ថា​៖ «​នាយក​រដ្ឋ​មន្រ្តី​ មិន​​​ពួន​ក្រោម​តុ​នោះ​ទេ​។  ​​​ខ្ញុំ​​​សុំ​ទោស​​​មេ​ដឹក​នាំ​​គណបក្ស​ប្រឆាំង ​និង​​សភា​​ទាំង​អស់​ ព្រោះ​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​ការ​ជាមួយ​អ្នក​ទាំង​អស់​គ្នា​ ដោយ​សារ​តែ​នាយក​រដ្ឋ​មន្រ្តី​មាន​កិច្ច​ការ​បន្ទាន់​ដែល​ត្រូវ​ធ្វើ​»។ ​

យ៉ាង​ណា​មិញ​​ គិត​ត្រឹម​ថ្ងៃ​សៅរ៍​នេះ​ សន្ទុះ​នៃ​ការ​គាំទ្រលោក​ស្រី​ ម៉ូដនត៍ ​ពី​សមាជិក​សភា​បក្ស​អភិរក្ស​និយម​​ ហាក់​​ចាញ់​លោក​ ស៊ូណាក់​ និង​លោក​ ចនសុន​ ឆ្ងាយ​ ដោយ​ទិន្នតាមដាន​របស់​ BBC បង្ហាញ​ថា​ សំឡេង​គាំ​ទ្រ​​ចំពោះ​លោក​ស្រី​ មាន​ត្រឹម​ជាង​ ២០ ប៉ុណ្ណោះ​។

៤. លោក​ បិន វ៉ាលេសស៍​ (Ben Wallace)

​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ លោក​  វ៉ាលេសស៍​មិន​សូវ​ជា​​​បង្ហាញ​មុខ​ប៉ុន្មាន​ទេ​ នៅ​ពេល​ដែល​គបណបក្ស​អភិរក្ស​និយម​របស់​លោក​ជ្រួល​ច្របល់​គ្នា​ ខណៈ​លោក​ ក៏​ទទួល​បាន​​ការ​កោត​សរសើរ​ និង​ការ​គោរព​ចំពោះ​ការ​ដឹក​នាំ​ក្រសួង​របស់​លោក​ ជា​ពិសេស​លើ​ការ​គាំទ្រ​អ៊ុយក្រែន​ ដែល​រុស្ស៊ី​ឈ្លាន​ពាន​។ ​អតីត​ទាហាន​រូប​នេះ​ ក៏​មាន​ភាព​លេច​ធ្លោ​ក្នុង​ចំណោម​សមាជិក​សភា​ ប៉ុន្តែ​​លោក​បាន​ច្រាន​ចោល​​​សំណើ​ឱ្យ​លោក​ចូល​រួម​ការ​ប្រកួត​ប្រជែង​រក​មេដឹកនាំ​ជំនួស​លោក​ ចនសុន​ កាល​ពី​ប៉ុន្មាន​ខែ​មុន​។

ឥឡូវ​នេះ​ គេ​មិន​ទាន់​ច្បាស់​ទេ​ថា​លោក វ៉ាលេសស៍ ​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ជា​មួយ​បេក្ខ​ជន​ដទៃ​ទៀត​ ដោយ​លោក​ផ្ដល់​បទ​សម្ភាសន៍​ឱ្យ​កាសែត​ឌឹថែមស៍​ថា​ លោកចង់​រក្សា​តំណែង​បច្ចុប្បន្ន​របស់​លោក​។ ប៉ុន្តែ​លោក​បាន​ផ្ដល់​សញ្ញា​ថា​ លោក​​​នឹង​លា​ឈប់​ពី​ការងារ​នេះ​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ធ្វើ​តាម​គោលដៅ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​​តាម​ការ​ស្នើ​សុំ​របស់​លោក​ទេ​។ សូម​បញ្ជាក់​ថា​ ​លោក​ Wallace ​ដែល​ជា​​​អ្នក​ប្រឆាំង​​នឹង​ការ​ចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​ (Brexit) ​ធ្លាប់​បម្រើ​ការ​ជា​​រដ្ឋ​មន្ត្រី​សន្តិសុខ​ និង​ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច​ និង​រដ្ឋ​​មន្ត្រី​អៀរឡង់​ខាង​ជើង​។​

៥. ​អ្នក​នយោបាយ​​សំខាន់​ៗ​ផ្សេង​ទៀត​

ក្រៅ​ពី​លោក​ ស៊ូណាក់​ ក៏​ដូច​ជា​លោក​ ចន​សុន​ ឬ​លោក​ស្រី​ ម៉ូដនត៍ នៅ​មាន​សមាជិក​គណបក្ស​អភិរក្ស​និយម​ជា​ច្រើន​ផ្សេង​ទៀត​។ ​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ថ្មី​របស់​ចក្រភព​អង់គ្លេស​លោក​ ចេរ៉េមី ហាន់ថ៍​ (Jeremy Hunt)​ ដែល​ឡើង​មក​ជំនួស​លោក​ Kwasi Kwarteng ដែល​​​លោក​ស្រី​ ត្រាស់​ ដក​ដំណែង​ ត្រូវបាន​គេ​មើល​ឃើញ​ថា​ជា​ឥស្សរជន​នយោបាយ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​នៅ​ក្នុង​រដ្ឋាភិបាល​អង់គ្លេស​បច្ចុប្បន្ន​ បន្ទាប់​ពី​លោក​ជួយ​កែ​លម្អ​ផែន​ការ​សេដ្ឋកិច្ច​របស់​លោក​ស្រី​ ត្រាស់​ និង​ទី​ផ្សារ​ដែល​ពោពេញ​ដោយ​ភាព​វឹក​វរ​ មាន​ភាព​ស្ងប់​ស្ងាត់​។ យ៉ាង​ណា​ក៏​ដោយ​ អ្នក​នយោបាយ​រូប​នេះ​ ធ្លាប់​ទទូច​ថា​ លោក​មិនចង់​បាន​ដំណែង​កំពូល​របស់​ប្រទេស​នោះ​ទេ​។ បន្ថែម​ពី​លើ​នេះ​ លោក​ស្រី ស៊ូអេឡា ប្រេវើមិន​ (Suella Braverman) ក៏​គេ​ចាត់​ទុក​ថា​ជា​អ្នននយោបាយ​ជើង​ខ្លាំង​មួយ​រូប​ដែរ​។​ លោក​ស្រី​ ប្រាវឺមិន ត្រូវ​បាន​លោក​ស្រី ​ត្រាស់​ បណ្ដេញ​ចេញ​​ពី​មុន​តំណែង​ជា​​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការងារ​សន្តិសុខ​ និង​គោល​នយោបាយ​ជាតិ​ កាល​ពី​ថ្ងៃ​ពុធ​ បន្ទាប់​ពី​រក​ឃើញ​ថា​លោក​ស្រី​​បំពាន​​បច្ចេកទេស​​​នៃ​​ច្បាប់​​សុវត្ថិភាព​​អ៊ីមែល​។​ ​​​ក្នុង​​លិខិត​​លា​លែង​​ពី​​តំណែង​ លោក​ស្រី​ ប្រេវើមិន បាន​ទទួល​ស្គាល់​កំហុស​នេះ​ ប៉ុន្តែ​អះ​អាង​ថា​ ខ្លួន​​មាន​​ការ​​ព្រួយ​​បារម្ភ​​អំពី​​ការ​​ដឹក​នាំ​​របស់​​រដ្ឋាភិបាល​​របស់​លោក​ស្រី​ ត្រាស់​។

៦. តើ​នឹង​​អាច​មាន​ការ​បោះ​ឆ្នោត​សកល​មុន​កាល​កំណត់​ដែរ​ឬ​ទេ​?  ​

​គេ​មើល​ឃើញ​ថា​ គណបក្ស​អភិរក្ស​និយម​នឹង​ធ្វើ​យ៉ាង​​ណា​ជៀស​វាង​ការ​បោះឆ្នោត​សកល​មុន​កាល​កំណត់​ ដែល​តាម​ធម្មតា​នឹង​រៀប​ចំ​នៅ​ឆ្នាំ​ ២០២៥​ ហើយ​បញ្ហា​នេះ​​ទំនង​ជា​មិន​កើត​ឡើង​ទេ​។ ប៉ុន្តែ​ប្រសិន​បើ​ការ​ជ្រើស​រើស​​មេដឹកនាំ​ថ្មី​មិន​សម្រេច​បាន​ ឬ​ព្រះមហាក្សត្រ​រំលាយ​សភា​បច្ចុប្បន្ននោះ​​​​ វា​អាច​ទៅ​រួច​ដែល​ថា​ការ​បោះឆ្នោត​មុន​កាល​កំណត់​នឹង​ត្រូវ​បាន​រៀប​ចំឡើង​។

​មេ​ដឹក​នាំ​បក្សការងារ​ ដែល​ជា​គណបក្ស​​ប្រឆាំង​លោក​ Keir Starmer ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​អំពាវ​នាវ​ជា​ថ្មី​ឱ្យ​មាន​ការ​បោះឆ្នោត​​សកល​ជា​បន្ទាន់​ ដោយ​និយាយ​ថា​រដ្ឋាភិបាល​មាន​ការ​ជាប់​គាំង​ក្នុង​​ជម្លោះ​នយោបាយ​​ ដើម្បី​ដឹក​នាំ​ប្រទេស​។​ រដ្ឋ​មន្ត្រី​​ទី​១​​របស់​ស្កុតឡេន​ លោក​ Nicola Sturgeon ​បាន​គាំទ្រ​ការ​​​​អំពាវ​នាវ​​នេះ​​ ដោយ​លើក​ឡើង​ថា​​ការ​បោះឆ្នោត​ មាន​ភាព​ចាំ​បាច់​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​​៕ ដោយ៖ ហួន ឌីណា

ads banner