កម្មវិធី «រត់ជាមួយសាយ ៤ សែន ជំហាន» ចាប់​ផ្ដើមជា​ផ្លូវ​ការ ដើម្បី​រៃ​អង្គាស​ថវិកា​ជូន​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖កម្មវិធី «រត់ជាមួយសាយ ៤ សែន ជំហាន» របស់​តារាចម្រៀង លោក អ៊ួន បឋម ហៅ សាយ បាន​ចាប់​ផ្ដើមជា​ផ្លូវ​ការហើយនៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែ​តុលា ឆ្នាំ​២០២២។ ជាកម្មវិធី​ដែលលោក អ៊ួន បឋម នឹង​រត់​ពី​រាជធានីភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​សៀមរាប ក្នុងរយៈចម្ងាយ ៣០៣ គីឡូម៉ែត្រ ដោយ​ប្រើ​រយៈ​ពេល​ប្រាំបួន​ថ្ងៃ គឺ​ចាប់​ពីថ្ងៃទី​២២ ដល់​ថ្ងៃទី​៣០ ​ខែតុលា ឆ្នាំ​ ២០២២។

គោលបំណង​សំខាន់​នៃ​កម្មវិធី «រត់ជាមួយសាយ ៤ សែន ជំហាន» ធ្វើ​ឡើង​ដើម្បីប្រមូលថវិកាចំនួន ៤០ ម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ សម្រាប់ទ្រទ្រង់ព្យាបាលផ្នែកមហារីក ដែល​មន្ទីរ​ពេទ្យ​សង្កេតឃើញ​ថាមាន​និន្នាការ​កើន​ឡើង​គួរ​ឱ្យព្រួយ​បារ​ម្ភ​។

សូម​ជម្រាប​ជូន​ថា មន្ទីរ​ពេទ្យ​កុមារ​អង្គរ ចាប់​ផ្ដើម​បើក​ទទួល​ការពិនិត្យ​ព្យាបាល​និង​ថែទាំកុមារ​ដែល​មាន​ជំងឺមហារី​កតាំងពី​ឆ្នាំ ២០១២​ មក។​ ក្នុង ​១ ​ឆ្នាំៗ មន្ទីរ​ពេទ្យ​កុមារ​អង្គរ ត្រូវ​ការ​ថវិកា​ពី ៣៥០ ០០០ ដុល្លារ​ទៅ ៤៥០ ០០០ ដុល្លារ​ដើម្បី​ទ្រទ្រង់​ការ​ពិនិត្យ​ព្យាបាល និង​ថែទាំ​កុមារ ដែល​មាន​ជំងឺ​មហារីក​ហើយ​បើគិត​មក​ទល់​ពេល​នេះ ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​បាន​ព្យាបាល​កុមា​រ​ដែល​មាន​ជំងឺមហា​រីកចំនួន​៥​០៨​នាក់​រួច​មក​ហើយ​។

លោក​ស្រី ស៊ិ​ន កេត​អរុណ ប្រធាន​ការិយា​ល័យ​ទំនាក់​ទំនង​សាធារណៈ​នៃ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​បាន​ថ្លែង​ថា មន្ទីរ​ពេទ្យ​កុមារ​អង្គរ បាន​ធ្វើរោគ​វិនិច្ឆ័យ​ឃើញ​ជំងឺ​មហារីក​លើកុមារ​មាន​ដូច​ជា ជំងឺ​មហារីក​បាត​ភ្នែក​ មហារីក​ឆ្អឹង​ខ្នង មហារីក​ជាលិកា មហារីក​ខួរ​ក្បាល និងជំងឺ​មហារីក​គ្រាប់​ឈាម។

ដ្បិតតែ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ មាន​វេជ្ជបណ្ឌិត​ដែលមាន​ជំនាញ​ក្នុង​ការព្យា​បាលជំងឺ​ មហារីក​ទាំង​នេះ​ក៏ពិត​មែន ប៉ុន្តែបើ​តាម​លោក​ស្រី​ស៊ិន កេត​អរុណ ការ​ព្យាបាល​ជំងឺមហា​រីក ត្រូវ​ការ​ថវិកា​ច្រើន​ជាង​ការព្យា​បាល​ជំងឺ ប្រភេទ​ដទៃទៀ​ត ដោយ​សារ​តែវាទាម​ទារ​នូវ​បច្ចេក​ទេស​ចាំបាច់មួយ​ចំនួនដូច​ជាការ​វះកាត់ ​ការចាក់ថ្នាំ​គីមី ការ​បាញ់​កាំរស្មីឡាស៊ែ​រ ការ​ចាក់ថ្នាំ​បង្កក ជាលិកា​និង​ការ​គ្រប់​គ្រង​ការ​ឈឺ​ចាប់​ជា​ដើម​។

គួរ​រំឭក​ដែរ​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​លោក អ៊ួន បឋម ហៅ សាយ បាន​រៀបចំកម្មវិធី​រត់​ដើម្បី​រៃ​អង្គាស​ថវិកាជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ក្នុង​ខេត្ត​សៀមរាប​។ កាល​ពីឆ្នាំ​ ២០២០ លោក​អ៊ួន បឋម ហៅសាយ​ បានរៀបចំ​កម្មវិធី​រត់​រយៈពេល​ ៩​៧ ​ថ្ងៃ ជុំវិញ​ប្រទេស​កម្ពុជា និង​រៃ​អង្គាស​ប្រាក់​បាន​ចំនួន​៥០​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ដែល​ប្រឈម​នឹង​ការខ្វះ​ខាត​ថវិកា ដើម្បីផ្ដល់​សេវាព្យា​បាលជំងឺ​ដល់​កុមារ។

រាល់​ការ​បរិច្ចាគ​ទាំង​អស់​របស់​សប្បុរ​សជន នឹង​បញ្ជូន​ទៅកាន់គណនី​ធនាគារ​របស់មន្ទីរ​ពេទ្យកុមារ​អង្គរដោយ​ផ្ទាល់​។ ​តារា​ចម្រៀង​លោក​ អ៊ួន បឋម ដែលបាន​ចាប់​ផ្ដើម​បោះ​ជំហានរ​ត់ម្ដង​ទៀត នៅថ្ងៃ​ទី ​២២ ខែតុលា ឆ្នាំ២០២២ បាន​អំពាវ​នាវ​ដល់​សប្បុរស ជន​ជាតិ​និង​អន្ដរ​ជាតិ​ឱ្យជួយ​បរិច្ចា​គថវិកាទៅ​តាម​លទ្ធភាព​របស់​ខ្លួន ដើម្បីរួម​ចំណែក​ក្នុង​បេសក​កម្ម​របស់​មន្ទី​រពេទ្យ​កុមារ​អង្គរ ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​ឱ្យរួច​ផុត​ពីក្រញំា​ជំងឺ​មហារីក​ដ៏កាច​សាហាវ៕ ដោយ៖ កែវ កិរិយា

ads banner