សម្ដេចតេជោ ហ៊ុន សែន សម្ដែងការសោកស្ដាយ ពេលចេញដំណើរពីខេត្តសៀមរាបទៅកាន់ខេត្តបន្ទាយមានជ័យ ដោយសារក្មួយស្រីម្នាក់
បន្ទាយមានជ័យ៖ ក្នុងពិធីសំណេះសំណាលចែកស្រូវពូជ និងស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៥ពាន់គ្រួសារនៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣តុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញ៉ំមានវិប្បដិសារីតាំងពីចេញពីខេត្តសៀមរាបមកកាន់ខេត្តបន្ទាយមានជ័យ ដោយសារក្មួយស្រីម្នាក់ ព្រោះភ្លេចឲ្យលុយទៅដល់ក្មួយស្រីដែលបាននិយាយឆ្លើយឆ្លងជាមួយខ្ញ៉ំ កាលពីសំណេះសំណាលជាមួយពលរដ្ឋនៅក្នុងឃុំពាក់ស្នែង ខេត្តសៀមរាប »។

សម្តេចបន្តថា «ខ្ញុំគិតថាពេលចប់កម្មវិធី ខ្ញុំនឹងចុះទៅដើម្បីជួបគាត់ ប៉ុន្តែគាប់ជួនអីពេលចប់កម្មវិធី ខ្ញ៉ំចុះទៅ ក៏មានស្ត្រីពរកូនម្នាក់ក៏មកសុំជំនួយពីខ្ញ៉ំដើម្បីជួយសង្រ្គោះកូន ព្រមទាំងដោះស្រាយឲ្យបានទៅព្យាបាលនៅពេទ្យកាល់ម៉ែត្រហើយ »។

សម្តេចបន្តទៀតថា «ដូច្នេះខ្ញុំក៏ភ្លេចឱ្យលុយក្មួយស្រីនោះ ដែលគាត់ក៏បានលើកឡើងដែរថា គាត់មានជំងឺដែរ»។ សម្ដេចបានបញ្ជាក់ថា «ដល់ពេលយប់មិញនេះ ខ្ញ៉ំមិនអស់ចិត្តក៏ឲ្យគេស្វែងក្មួយនោះដើម្បីផ្តល់ថវិកា ១ពាន់ដុល្លារជូនគាត់»។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលតែងជួយសង្រ្គោះពលរដ្ឋដែលមានទុក្ខលំបាក ។ សម្តេចខ្លួនឯងផ្ទាល់ ក៏ធ្លាប់លើកឡើងដែរថា ទីណាមានទុក្ខលំបាកគឺ ខ្ញ៉ំនឹងកាន់តែទៅជិតប្រជាជន មិនទំលាប់រត់ចោលប្រជាជនឡើយ៕ ស៊ូ វណ្ណលុក

