សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវគណៈកម្មការស្បៀងបំរុងមួយ ដើម្បីការពារ និងធានានូវសន្តិសុខស្បៀង និងពូជ នៅពេលមានគ្រោះមហន្តរាយផ្សេងៗ
បន្ទាយមានជ័យ៖ ក្នុងពិធីសំណេះសំណាលចែកស្រូវពូជ និងស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៥ពាន់គ្រួសារនៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ តុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវគណៈកម្មការស្បៀងបំរុងមួយ ដើម្បីការពារ និងធានានូវសន្តិសុខស្បៀង និងពូជ នៅពេលមានគ្រោះមហន្តរាយផ្សេងៗ។ សម្ដេចថា ក្នុងការដឹកនាំរាជរដ្ឋាភិបាលជាង ៣៨ឆ្នាំមកនេះ សម្តេចមិនឲ្យគេហៅថា «អាអត់ពូជទេ» ហើយពាក្យថា អត់ពូជនេះ មិនមែនសំដៅលើពូជអំបូរទេ សំដៅដល់ការធានានូវពូជស្រូវ ពូជដំណាំសម្រាប់ចែកជូនប្រជាកសិករ នៅពេលជួបគ្រោះធម្មជាតិនានា ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្តេចតែងតែប្រាប់ដល់រដ្ឋមន្ត្រីក្រសួងកសិកម្មទាំងជំនាន់មុនៗ និងជំនាន់បច្ចុប្បន្ន គឺត្រូវប្រយ័ត្នជានិច្ច កុំឲ្យគេហៅថា «អាអត់ពូជ» ដែលមានន័យថា កុំហូបអស់សូម្បីតែគ្រាប់ពូជ សម្រាប់បង្កបង្កើនផល។
សម្តេច ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើននូវគណៈកម្មការស្បៀងបំរុងមួយ ដែលមានទាំងអង្ករ ស្រូវពូជ ពូជដំណាំផ្សេងៗ ដើម្បីការពារ និងធានានូវសន្តិសុខស្បៀង និងពូជ នៅពេលមានគ្រោះមហន្តរាយផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ខ្ញុំធ្វើនាយករដ្ឋមន្ត្រី ដែលអាចថារដ្ឋាភិបាលរបស់ខ្ញុំ មកដល់ពេលនេះ ជាង៣៨ឆ្នាំហើយ នៅលើពិភពលោកនេះ គ្មាននរណាដែលធ្វើនាយករដ្ឋមន្ត្រីដល់ទៅជិត ៤ទសវត្សរ៍ទេ ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំមិនឲ្យគេហៅថា “អាអត់ពូជទេ” អាអត់ពូជនៅកន្លែងនេះ មិនសំដៅទៅលើពូជអំបូរទេ អាអត់ពូជសំដៅទៅលើថា រដ្ឋាភិបាលខ្ញុំត្រូវធានាពូជស្រូវ និងពូជដំណាំដទៃទៀត សម្រាប់ប្រជាពលរដ្ឋ។ ខ្ញុំតែងតែនិយាយថា រដ្ឋមន្ត្រីរដ្ឋមន្ត្រីកសិកម្ម ដែលនៅជាមួយខ្ញុំតាំងពីឆ្នាំ១៩៨៥ និងមុនខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ខ្ញុំតែងតែប្រាប់ថា ប្រយ័ត្នណា កុំឲ្យគេហៅ “អាអត់ពូជ”។ “អាអត់ពូជ” មានន័យថា យើងស៊ីអត់ទាំងពូជស្រូវ»។

សម្តេតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានបញ្ចេញស្រូវពូជសម្រាប់ជួយអន្តរាគមន៍ចំនួន ៧០០០តោនហើយ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារទឹកជំនន់ ដើម្បីឲ្យពួកគាត់អាចស្តារឡើងវិញ ឲ្យបានឆាប់រហ័ស។

សម្តេចតេជោបានបញ្ជាក់ថា តាមរយៈការចែកពូជស្រូវនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ដែលបានចុះពិនិត្យក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញថាស្រូវពូជបានដុះល្អ ប៉ុន្តែអ្វីដែលជាមចំណុចរកឃើញ គឺប្រជាកសិករខ្លះគាត់ព្រោះពូជស្រូវក្រាស់ពេក ដែលទាមទារឲ្យមានការណែនាំ ពាក់ព័ន្ធបញ្ហាបច្ចេកទេសដាំដុះដល់កសិករបន្ថែម។

សម្តេច បានណែនាំឲ្យរដ្ឋមន្ត្រីកសិកម្មថ្មី ចាត់មន្ត្រីជំនាញកសិកម្ម ចុះជួយពន្យល់ និងណែនាំដល់ប្រជាកសិករ អំពីការព្រោះស្រូវ និងការប្រើប្រាស់ជី ថ្នាំ ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម និងទទួលបានទិន្នផលខ្ពស់៕ ស៊ូ វណ្ណលុក