ប្រជាកសិករ កក់ក្ដៅក្នុងចិត្ត ពេលឃើញវត្តមាន រដ្ឋមន្ដ្រីកសិកម្ម នៅតាមវាលស្រែ
បន្ទាយមានជ័យ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានចុះបេសកកម្មទៅតាមបណ្ដាខេត្តនានាដែលមានប្រជាកសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀង។សកម្មភាពរបស់លោកចាប់តាំងពីថ្ងៃទី១៩ ខែតុលា ពោលគឺតែពីរថ្ងៃប៉ុណ្ណោះក្រោយពិធីប្រកាសទទួលតំណែងជាផ្លូវការ នៅថ្ងៃទី១៧ ខែតុលា ។

ផ្ដើមពីខេត្តក្រចេះ ខេត្តត្បូងឃ្មុំ កំពង់ចាម សៀមរាប ឯកឧត្តម ឌិត ទីណា បានចុះចែកស្រូវពូជជូនដល់ប្រជាកសិករ និងបានបន្តចុះពិនិត្យផ្ទៃដីដែលបានស្ដារដោយផ្ទាល់នៅវាលស្រែរបស់ប្រជាកសិករ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វែងយល់ពីការប្រើប្រាស់ជីលើដីស្រែដែលកំពុងស្ដារ និងជូនវេទិកាដល់ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មដើម្បីផ្ដល់ការណែនាំលក្ខណៈបច្ចេកទេសដល់បងប្អូនប្រជាកសិករ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់អាចទាញបានផលជាអតិបរមា ពីស្រូវពូជដែលផ្ដល់ជូនឱ្យប្រជាកសិកររងគ្រោះនាពេលនេះ។

ចេញពីខេត្តសៀមរាបនៅថ្ងៃទី២២ ខែតុលាលោករដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្ម បានធ្វើដំណើរទៅឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីចុះពិនិត្យដំណុះពូជស្រូវ ពន្យល់បច្ចេកទេសដាំដុះ និងជួបសំណេះសំណាលស្វែងយល់ពីស្ថានភាពប្រជាកសិករ ដែលកំពុងស្តារដំណាំស្រូវឡើងវិញ។

អ្នកស្រី សំនៀង ដែលជាកសិករមួយរូបរស់នៅឃុំចំណោម ស្រុកមង្គលបុរី បានជួបសំណេះសំណាលជាមួយលោករដ្ឋមន្ដ្រីវ័យក្មេងមួយសន្ទុះធំ ប៉ុន្តែលោកស្រីមិនទាំងដឹងខ្លួនផងទេថា បុរសសម្បុរស ពាក់វ៉ែនតាដែលកំពុងអង្គុយហាលថ្ងៃជជែកជាមួយអ្នកស្រីរូបនេះ ជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបតែឡើងកាន់តំណែងថ្មី។

អ្នកស្រី សំនៀង៖ «ខ្ញុំឃើញគេមកជុំៗគ្នា ឮថាមានលោកធំមក ប៉ុន្តែខ្ញុំមិនបានដឹងថាលោកជារដ្ឋមន្ដ្រីក្រសួងកសិកម្មថ្មីទេ។ បានលោកមកដល់វាលស្រែ សួរនាំពីទុក្ខលំបាករបស់កសិករពួកខ្ញុំនេះ ខ្ញុំកក់ក្ដៅចិត្តណាស់ ដោយសារពេលនេះកសិករនៅឃុំចំណោមនេះ រងផលប៉ះពាល់ដោយសារតែទឹកជន់លិច»។
ស្ដ្រីកសិកររូបនេះ មានសំណាងជាងបងប្អូនកសិករនៅក្នុងតំបន់តែមួយបន្តិច ដោយសារតែអ្នកស្រីបានប្រមូលផលស្រូវអស់ មុនពេលដែលទឹកជន់លិច។ នៅពេលជជែកជាមួយរដ្ឋមន្ដ្រីកសិកម្ម លោក ឌិត ទីណា អ្នកស្រីពន្យល់ថា អ្នកស្រីមិនអាក់អន់ចិត្តទេ ដែលអ្នកស្រីមិនទទួលបានស្រូវពូជដូចកសិករដទៃទៀត។
សម្រាប់អ្នកស្រី សំនៀង វាជារឿងត្រឹមត្រូវដែលអាជ្ញាធរពាក់ព័ន្ធផ្ដល់ជំនួយស្រូវពូជទៅដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់។ រីឯអ្នកស្រីដែលប្រមូលផលស្រូវទាន់ពេលវេលា និងពុំមានការខូចខាតដោយសារទឹកជំនន់ អ្នកស្រីមិនមានចិត្តច្រណែន ប្រកាន់ ឬអាក់អន់ចិត្តអ្វីឡើយ។

ចំណែកលោក ម៉ៅ មួយ ដែលជាកសិករធ្វើស្រែមួយរូបដែលមានផ្ទៃដីដាំដុះជាងពីរហិកតា បានតាមដានដំណើរចុះទៅកាន់ឃុំចំណោមរបស់លោករដ្ឋមន្ដ្រី ឌិត ទីណា យ៉ាងយកចិត្តទុកដាក់។ លោកមិនទាន់អាចមានយោបល់ ឬការវាយតម្លៃណាមួយចំពោះការងាររបស់រដ្ឋមន្ដ្រីថ្មីរូបនេះទេ ដោយបញ្ជាក់យ៉ាងខ្លីថា៖ «ចាំមើលបន្តទៀតសិន»។ ចាំមើល ចាំតាមដានបន្តទៀត ព្រោះលោក ម៉ៅ មួយ យល់ដែរថា លោករដ្ឋមន្ដ្រីទើបតែឡើងកាន់តំណែងថ្មីថ្មោង។ យ៉ាងណាក៏ដោយ ការចុះមកដល់មូលដ្ឋាន ជួបសំណេះសំណាល និងនាំអ្នកជំនាញមកផ្ដល់ការណែនាំបច្ចេកទេសដល់ប្រជាកសិករ គឺជាការចាប់ផ្ដើមមួយដ៏ល្អ។
លោក ម៉ៅ មួយ៖ «អ្នកខ្លះគេថា លោករដ្ឋមន្ដ្រីសម្ដែង។ តែខ្ញុំបានលេខទូរស័ព្ទគាត់ហើយ។ ខ្ញុំចាំមើលសិន បើគាត់ធ្វើការមិនកើត បានតែពីដំបូងលុះក្រោយមកព្រលែងដៃចោល ឬធ្វើការមិនកើត ខ្ញុំនឹងទូរស័ព្ទទៅផ្ទាល់តែម្ដង»។
បន្ថែមពីលើការធ្វើស្រែ លោក ម៉ៅ មួយ ប្រកបរបរបន្ថែមជាអ្នករត់ម៉ូតូឌុប ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងជាពិសេសគឺការសិក្សារបស់កូនដែលកំពុងរៀននៅសាកលវិទ្យាល័យ។ លោកថា ការងារកសិកម្ម ដ្បិតតែហត់នឿយខ្លាំង ប៉ុន្តែប្រសិនបើគ្មានគ្រោះរាំងស្ងួតឬទឹកជំនន់ ហើយទិន្នផលស្រូវរបស់លោកមិនត្រឹមតែអាចផ្គត់ផ្គង់ការទទួលទានបានទេ តែថែមទាំងនៅសល់បានលក់ឱ្យឈ្មួញបានទៀត។ ប៉ុន្តែឆ្នាំនេះ នៅពេលដែលស្រែរងការជន់លិច លោក មួយ ថ្លែងដោយទឺកមុខស្ងួតថា ទិន្នផលស្រូវក៏ត្រូវខូចខាត ហើយប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់លោកក៏ថមថយទៅតាមនោះដែរ។
នៅចំពោះមុខលោក ម៉ៅ មួយ និងប្រជាកសិករនៅឃុំចំណោម រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឌិត ទីណា បានថ្លែងថា លោកនឹងតាមដានស្ថានការណ៍វិវត្តនៃការស្ដារស្រូវឡើងវិញនៅឃុំចំណោមនេះឱ្យបានដិតដល់និងជាប់លាប់ ដែលការណ៍នេះធ្វើឱ្យលោក ម៉ៅ មួយ បានធូរចិត្តមួយកម្រិតនៅពេលដែលកសិករបានទទួលការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃវិស័យកសិកម្ម។
បេសកកម្មចុះតាមបណ្ដាខេត្តដែលមានប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង ពីសំណាក់រដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមិនទាន់បិទបញ្ចប់ត្រឹមនេះទេ។ បន្ទាប់ពីខេត្តបន្ទាយមានជ័យ លោកនឹងបន្តដំណើរទៅកាន់បណ្ដាខេត្តរងគ្រោះផ្សេងទៀត ដូចជាខេត្ត បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង៕ ដោយ៖ កែវ កិរិយា