បារាំងនៅ​តែ​គាំ​ទ្រ និង​បន្ត​ផ្ដល់​ជំនួយ​ដល់​​កម្ពុជា សម្រាប់​វិស័យ​ប្រតិបត្តិ​សន្តិសុខ និង​សន្តិសុខ​អន្តរ​ជាតិ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ប្រទេស​បារាំង​នៅ​តែ​ឈរ​ក្បែរ​កម្ពុជា​ ក្នុង​ការ​ផ្ដល់​ជំនួយសម្រាប់​វិស័យ​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព និង​សន្តិសុខ​អន្តរ​ជាតិ។ នេះបើ​តាម​លោក Fabrice ETIENNE លេខា​ទី១ អម​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជាបានថ្លែងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ក្នុងបិទវគ្គហ្វឹកហ្វឺនបំប៉នបន្ថែមជំនាញអាវុធហត្ថនៅឧដុង្គ ខេត្តកំពង់ស្ពឺ ។ ។លោក​ថា ប្រទេស​បារាំង​នឹង​ឈរ​ក្បែរ​កម្ពុជា​ជា​និច្ច ក្នុង​គ្រា​លំបាក​ដូច​មាន​ចែង​ក្នុង​ប្រវត្តិ​សាស្ត្រ ហើយ​ប្រទេស​បារាំង នឹង​បន្ត​ផ្ដល់​ជំនួយដ​ល់​កម្ពុជា ជា​ពិសេស​ក្នុង​វិស័យប្រ​តិបត្តិ​ការ​រក្សា​សន្តិភាព និង​សន្តិសុខ​អន្តរ​ជាតិ ដែល​ជា​បញ្ហា​អន្តរ​ជាតិ​ដ៏​សំខាន់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ក្នុង​ពិធី​នេះ​ដ​ដែល ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិក៏​បាន​ថ្លែង​បន្ទាប់​ពី​មាន​ការ​បញ្ជាក់​របស់​លោក​ Fabrice ETIENNE លេខា​ទី១ អម​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា​ថា ការ​ថែរក្សា​សន្តិភាព ជា​ការ​ងារ​ដ៏​ថ្លៃ​ថ្លូរ​មួយ​ដែល​ត្រូវ​ការ កម្លាំង​យោធា លើស​ពី​នេះ​ក៏​ត្រូវ​មាន​ជំនាញ​ផង​ដែរ។ យោធាត្រូវ​បាន​ស្ម័គ្រ​ចិត្ត​ចេញ ទៅ​ធ្វើ​ការ​ដើម្បី​​សន្តិ​ភាព លះ​បង់​កម្លាំង​កាយ​ចិត្ត និង​សូម្បី​តែ​ជីវិត​របស់​គាត់។ពួក​គាត់​រស់​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់ និង​បទ​បញ្ញត្តិ​ដែល​បាន​កំណត់។ សេចក្ដី​ត្រូវ​ការ​បង្កប់​ន័យ ​នូវ​ភាព​ជឿ​ជាក់​ដ៏​រឹង​មាំ ហើយ​ទាម​ទារ​ឱ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ប៉ុន្តែ​មិន​ដាច់​ខាត។

លើស​ពី​នេះ​ទៅ​ទៀត ឯកឧត្តមបន្ត​ថា អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដែល​កង​យោធពល ខេមរ​ភូមិន្ទ និង​មជ្ឈ​មណ្ឌល​ជាតិ បង្ហាញ​ពី​ការ​រួម​ចំណែក​យ៉ាង​​សំខាន់ ក្នុង​ប្រតិបត្តិ​ការ រក្សា​សន្តិភាព ​បរិមាណ​ដ៏​លើស​លុប កម្ពុជា​សព្វ​ថ្ងៃ​មាន​កង​កម្លាំង​ប្រមាណ​​ជាង​៨០០នាក់ បាន​កំពុង​មាន​វត្ត​មាន​នៅ​ក្នុង​តំបន់​បេសកកម្ម ទន្ទឹម​នឹង​នោះ​គុណភាព​នៃ​ការ​ហ្វឹក​ហ្វឺន​ក៏​ត្រូវ បាន​ពង្រឹង​ផង​ដែរ។

ឯកឧត្តម អ៊ុច បូររិទ្ធ បញ្ជាក់ថា​៖ «ខ្ញុំ​សូម​រំលឹក​ឡើង​វិញ​នូវ​ចំណង​មិត្តភាព​​​រឹង​មាំ​ នៃ​ប្រទេស យើង​ទាំង​ពីរ​ បារាំង-កម្ពុជា។ ប្រទេស​បារាំង​ឈរ​ក្បែរ​ប្រទេស​កម្ពុជា​ជា​និច្ច ក្នុង​គ្រាលំបាក​ដូច​មាន​ចែង​ក្នុង​ប្រវត្តិសាស្ត្រ បារាំង​នឹង​បន្ត​ផ្ដល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​វិស័យ ប្រតិបត្តិ​ការ​រក្សា​សន្តិភាព សន្តិសុខ​អន្តរ​ជាតិ ដែល​ជា​បញ្ហា​អន្តរ​ជាតិ សំខាន់​នា​ពេល​បច្ចុប្បន្ន ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រទេស​បារាំង​ ប្រទេស​យើង​ទាំង​ពីរ​ជា​អ្នក​រួម​ចំណែក​ដ៏​សំខាន់​ក្នុងបុព្វ​ហេតុ​សន្តិភាព។ ដូច្នេះ ហើយ​ការ​ប្ដេជ្ញា​ចិត្ត មិន​ប្រែ​ប្រួល ប្រទេស​របស់​ខ្ញុំ គឺ​ផ្តល់​ហិរញ្ញ​ប្បទាន សម្ភារ និង​ប្រតិបត្តិ​ការ​សម្រាប់​រៀប​ចំ​វគ្គ​សិក្សា កង​រាជ​អាវុធ​ហត្ថនេះឡើង​»។

លោក​បន្ត​ថា ប្រទេស​បារាំង បាន​ផ្ដល់​ជំនួយ​ដល់ NPMEC និង​កងរាជ អាវុធ​ហត្ថ​ផ្ទៃ​ប្រទេស វគ្គ​សិក្សា​កង​រាជ​អាវុធ​ហត្ថ​នេះ បាន​បំពេញ​តាម​តម្រូវ​ការ​របស់​អង្គការ​សហ​ប្រជា​ជាតិ ហើយ​វគ្គ​សិក្សា​នេះ ផ្តោត​សំខាន់​លើ​មូល​ដ្ឋាន​ច្បាប់ បច្ចេកទេស អន្តរាគមន៍ និង​ជំនាញ​នគរបាល​យុត្តិធម៌ សន្តិសុខ ស្រប​តាម​យុទ្ធ​វិធី និង​ការ​ងារ​របស់​មន្ត្រី​ប៉ូលិស អង្គការ​សហ​ប្រជា​ជាតិ។

ដោយឡែកនៅ​ឆ្នាំ​២០២២​នេះ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា គឺ​ជា​ខួប​លើក​ទី​៣០ ដែល​កម្ពុជា​ធ្លាប់ជា​​ប្រទេស​ទទួល​ទាហាន​មួក​ខៀវ​របស់​អង្គការ​សហ​ប្រជា​ជាតិ ដែល​ក្នុង​នោះ​ក៏​មាន​កង​កម្លាំងរក្សា​សន្តិភាព​បារាំង ដើម្បី​ចូល​រួម​ចំណែក​ស្វែងរ​ក​សុខ​សន្តិភាព​នៅ​លើ​ទឹក​ដី​ដ៏​កម្សត់ ដែល​ពោរ​ពេញ​ដោយ​ជម្លោះ និង​ការ​ហែក​ហួរ​ដោយ​សង្គ្រាម។ ក្នុង​អំឡុង​ពេល​បំពេញ​បេសកកម្ម​ទាហាន​បារាំង​ដ៏​អង់​អាច​ក្លាហាន​បួននាក់ បាន​ពលី​ជីវិត ដើម្បី​បុព្វ​ហេតុ​សន្តិភាព​នៅ​កម្ពុជា។

ក្នុង​វគ្គ​ហ្វឹក​ហ្វឺន​ដែល​ទើប​នឹង​បញ្ចប់​នេះ មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​​សម្រាប់​កង​យោធពល​ខេមរ​ភូមិន្ទ​ផង និង​សម្រាប់​ប្រជាជន​កម្ពុជា​ផង​នោះ​គឺ​ទី១. ផ្ដល់​ចំណេះ​ដឹង និង​ចំណេះ​ធ្វើ​បន្ថែម​ផ្នែក​អាវុធ​ហត្ថ និង​ទី២. បង្កើត​បាន​សាមគ្គី​ភាព មិត្ត​ភាព កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​នៃ​យើង​ទាំង​ពីរ កម្ពុជា-បារាំង។

លោក​បន្ថែម​ថា៖ «នៅ​ក្នុង​ឆ្នាំ​នេះ​និង​នា​ពេល​អនាគត កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​ខ្ពស់ បន្ត​សកម្មភាព​មនុស្ស​ធម៌ តាម​រយៈ​ការ​ចូល​រួម​បេសកកម្ម រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ នៅ​ក្នុង​ពិភព​លោក​បន្ត​ទៀត»។

សូម​បញ្ជាក់​ថា រយៈ​ពេល​១៦​ឆ្នាំកន្លង​មក​នេះ កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​មួក​ខៀវ​ទៅ​ចូល​រួម​បំពេញ​ បេសកកម្ម​រក្សា​សន្តិ​ភាព​ក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រជាជាតិ ជាមួយ​ប្រទេស​ចំនួន១២១ នៅ​លើ​ពិភព​លោក។ អ្វី​ដែល​ជា​មោទនភាព​នោះ​គឺ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​ចូល​រួម​បំពេញ​បេសកកម្ម​ចំនួន​៩ប្រទេស​រួម​មាន៖ សាធារណរដ្ឋ​ស៊ូ​ដង់ ស៊ូដង់​ខាង​ត្បូង លីបង់  សាយប្រីស ស៊ីរី ឆាដ ម៉ាលី និង​អាហ្វ្រិក​កណ្តាល សរុប​ចំនួន ៨.៣០២នាក់ ក្នុង​នោះ​នារី ចំនួន ៥៨០នាក់។

បច្ចុប្បន្ន​នេះ កង​ទ័ព​មាន​ចំនួន ​៨០១នាក់ កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព នៅ​ប្រទេស​ចំនួនបួន គឺ ម៉ាលី អាហ្វ្រិក​កណ្ដាល លីបង់ និងស៊ូដង់ ក្នុង​ជំនាញ​បោស​សម្អាត​មីន បោស​សម្អាត​និង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ វិស្វកម្ម​សំណង់ វិស្វកម្ម​ព្រលាន​យន្ត​ហោះ​ នាយ​ទាហាន​សង្កេត​ការណ៍ និង​នាយ​ទាហាន​សនាធិការ៕ ដោយ៖ ជា សុខនី

ads banner