ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែឡើងកម្តៅ ខណៈបងប្អូនកូរ៉េទាំងពីរបាញ់ផ្លោងកាំភ្លើងធំដាក់គ្នានៅព្រំដែនសមុទ្រ
សេអ៊ូល៖ កូរ៉េខាងជើងបានបាញ់ផ្លោងកាំភ្លើងធំចំនួន ១០គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ជាការឆ្លើយតបទៅនឹងការបាញ់ព្រមានរបស់កូរ៉េខាងត្បូង ដែលបានបាញ់ព្រមានកប៉ាល់កូរ៉េខាងជើង ដែលឆ្លងកាត់ព្រំដែនសមុទ្រកូរ៉េទាំងពីរ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ចុះផ្សាយនៅថ្ងៃចន្ទទី២៤ ខែតុលា ឆ្នាំ២០២២។
ការបាញ់ព្រមានដាក់គ្នានៅថ្ងៃចន្ទសប្តាហ៍នេះ បានកើតឡើងចំថ្ងៃតែមួយដែលអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ហើយជួបពិភាក្សាត្រីភាគីជាមួយជប៉ុន និងកូរ៉េខាងត្បូង។ ព្រំដែនសមុទ្រត្រូវបានគេចាត់ទុកថា ជាចំណុចក្តៅ ហើយជាទីតាំងនៃការប៉ះទង្គិចគ្នាជាច្រើនដង រវាងប្រទេសបងប្អូនកូរ៉េទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
អ្នកនាំពាក្យអគ្គសេនាធិការ នៃកងទ័ពប្រជាជនកូរ៉េខាងជើង បានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់ព្រមាននៅម៉ោងប្រហែល៥៖១៥នាទីព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីយោធាកូរ៉េខាងត្បូងបាញ់ព្រមាននៅម៉ោងប្រហែល ៣៖៥០នាទីព្រឹកថ្ងៃដដែល។
ចំណែកអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយដែរថា ខ្លួនបានបណ្តេញកប៉ាល់ពាណិជ្ជករកូរ៉េខាងជើង ដែលឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដែលជាព្រំដែនសមុទ្រជាក់ស្តែងរវាងកូរ៉េទាំងពីរ ។
ភាពតានតឹងបានកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ដោយកូរ៉េខាងជើងបានបាញ់មីស៊ីល និងកាំភ្លើងធំជាច្រើនគ្រាប់ ដែលជាទង្វើបង្កហេតុដល់កូរ៉េខាងត្បូង និងជប៉ុន ហើយនាំឲ្យការព្រួយបារម្ភដល់សម្ព័ន្ធមិត្តលោកខាងលិចផងដែរ ៕ ប្រភព៖ CNA ដោយ៖ ទីណា និងបុត្រា

