សម្តេចតេជោ ហ៊ុ ន សែន អរគុណពលរដ្ឋខេត្តបាត់ដំបង ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាបានសុខសន្ដិភាព និងការអភិវឌ្ឍ
បាត់ដំបង៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរអគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ឈ្នះបានភ្លួកទឹក ភ្លួកដី ក្នុងការបោះឆ្នោតឃុំ-សង្កាត់ នាពេលកន្លងទៅ ហើយដើម្បីធានាសន្ដិភាពបាន ជម្រើសតែមួយគត់ គឺបោះឆ្នោត ឱ្យគណបក្សប្រជាជនកម្ពុជា ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងជាង ១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានជំនឿមុតមាំថា បងប្ងូនប្រជាពលរដ្ឋខេត្តបាត់ដំបង នឹងនៅតែបន្តបោះជូនដល់គណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ ក្នុងការបោះឆ្នោតលើកក្រោយៗបន្តទៀត ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាក។ សម្តេចបញ្ជាក់ថា មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសចាស់ៗដែលធ្លាប់រួមគ្នាជាមួយសម្តេចក្នុងសម័យសង្គ្រាមពីអតីតកាល ស្វែងរកសុខសន្តិភាពដល់ប្រទេសកម្ពុជាទាំងមូល ។
សម្ដេចតេជោ បានបញ្ជាក់ទៀតថា ដើម្បីធានាថា មានសន្ដិភាព រក្សាសន្ដិភាពបាន ជម្រើសតែមួយគត់ គឺបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា អាហ្នឹងសុខទាំងអស់គ្នាហើយ។ គណបក្សប្រជាជន បានគ្រប់គ្រងអំណាច គឺគណបក្សប្រជាជន រកសន្ដិភាពឱ្យប្រទេសបាន គណបក្សប្រជាជនកម្ពុជាកាន់អំណាច គណបក្សប្រជាជនមាន លទ្ធភាពរក្សាសន្ដិភាពបាន សម្រាប់ការពារជីវិតរបស់បងប្អូន។
សូមជម្រាបថា សន្ដិភាព ពិតជានាំមកនូវអ្វីៗ គ្រប់យ៉ាងទាំងអស់ ទាំងការអភិវឌ្ឍន៍ សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសសេចក្ដីសុខសាន្ដជូនប្រជាជន និងប្រទេសជាតិ។ បើគ្មានសន្ដិភាព គ្មានទេពាក្យថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះឡើយ។ ជាក់ស្ដែង ដូចនៅមជ្ឈិបូព៌ា ដែលកំពុងតែឆាបឆេះដោយភ្លើងសង្គ្រាម គឺដោយសារតែបដិវត្ដន៍ពណ៌។ ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ គ្នាត្រូវគាំទ្រសន្ដិភាព ត្រូវអរគុណសន្ដិភាព ត្រូវចូលរួមគ្នាថែរក្សាសន្ដិភាព ត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស ទៅកាន់សន្ដិភាព រឹងមាំជាបន្ដបន្ទាប់រៀងរហូត៕ ស៊ូ វណ្ណលុក

