សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល ចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង ៖ នៅព្រឹក ថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន ១១.៥២៨គ្រួសារ ដែលពិធីនេះធ្វើឡើងនៅព្រលានយន្តហោះខេត្តបាត់ដំបង ។
តាមរបាយការណ៍របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា កន្លងទៅថ្មីៗនេះ នៅភូមិសាស្ត្រខេត្តបាត់ដំបង បានជួបប្រទះគ្រោះទឹកជំនន់ដោយទឹកភ្លៀង បានប៉ះពាល់ដល់១៤ ក្រុង ស្រុក (លើ ៩១ឃុំសង្កាត់ និង៥០២ភូមិ) បណ្ដាលឱ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន ២៩.៣៨៤គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន ១,០៥១ គ្រួសារ គ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ផ្ទះ សម្បែង សរុប ២៩.៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦ កន្លែង មណ្ឌលសុខភាព ០៦ កន្លែង វត្ត ១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ ០៤កន្លែង។ លើសពីនេះ បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជា ពលរដ្ឋ មានចំនួន ៤៥៨១២ ហិកតា និងខូចខាតចំនួន ២៧.២៣៣ហិកតា។ ដោយឡែក តាមការពិនិត្យ និង ស្រាវជ្រាវរបស់មន្ត្រីជំនាញជាក់ស្តែង ផ្ទៃដី ដែលអាចធ្វើការស្តារឡើងវិញបានមានចំនួន ១១.៥២៨ហិកតា ស្មើ ១១.៥២៨គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗមានចំនួន ៣៣.៧៩៧ ហិកតា និងខូចខាត ១៦.២១៩ហិកតា។
នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន សម្ដែងក្ដីរីករាយដែលបានជួបបងប្អូនប្រជាកសិករនាថ្ងៃនេះ និងបានចូលរួមសោកស្ដាយ និងរំលែកការលំបាកជាមួយប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកជំនន់។ សម្តេចតេជោ បាននាំយកនូវព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉ែ សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះបងប្អូនប្រជាកសិករគ្រប់ៗរូប ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិសាលភាពប៉ះពាល់ទឹកជំនន់នៅឆ្នាំនេះធំជាងឆ្នាំ២០២០ ដូច្នេះ រំពឹងថា អាជ្ញាធរ និងប្រជាពលរដ្ឋយើង នឹងរួមគ្នាជម្នះការលំបាកដែលបង្កដោយទឹកជំនន់នាពេលនេះ ។ សម្តេច ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅនេះ។
ជាថ្មីម្តងទៀត សម្តេចតេជោ ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តចែកពូជដំណាំផ្សេងៗជូនប្រជាកសិករ ដែលមិនអាចធ្វើស្រែឡើងវិញបាន និងណែនាំឱ្យរដ្ឋមន្ត្រីកសិកម្មពិចារណាផលិតពូជស្រូវទុកជូនប្រជាកសិករ ដើម្បីបានបង្កបង្កើតផលឡើងវិញ។ សម្តេច បានមានប្រសាសន៍ថា ការធ្វើកសិកម្ម មិនត្រូវធ្វើកសិកម្មបែបធម្មតានោះទេ ត្រូវរិះរកវិធីធ្វើយ៉ាងណាឱ្យប្រជាកសិករមានផលចំណេញច្រើន តាមរយៈវិធីសាស្ត្រធ្វើកសិកម្មបែបទំនើប លឿនរហ័សទាន់ចិត្ត និងទទួលបានផលច្រើន។ សម្ដេច ថា ការផលិតគ្រាប់ពូជស្រូវបានក្នុងស្រុក គឺធានាបាននូវលទ្ធភាពផ្គត់ផ្គង់ពូជស្រូវដែលស្របតាមតំបន់នាថ្ងៃខាងមុខ។ ដោយចាប់ផ្ដើមពីគំនិតផ្តួចផ្តើមរបស់រដ្ឋ នៃការអប់រំមុនទិញផង ហើយអាចប្រជាពលរដ្ឋរបស់យើង គាត់ទិញពូជសុទ្ធ ឬក៏យកស្រូវរបស់យើងក៏ដូចជាមួយនឹងស្រូវពូជ។ សម្តេច ក៏បានជំរុញឱ្យវិស័យឯកជន ចូលរួមក្នុងការចងក្រងកសិករក៏ដូចជារៀបចំជួយដោះស្រាយនូវបញ្ហានេះផងដែរ។ សម្ដេចបន្តថា៖ ពូជដែលបានគឺអាចថារដ្ឋបាលយក ឬក៏ឯកជនប្រមូលទិញ។
ជាមួយគ្នានេះ សម្ដេចតេជោ បានលើកឡើងដែរថា ការប្រើប្រាស់ពូជស្រូវសុទ្ធ នឹងធ្វើឲ្យស្រូវទទួលបានទិន្នផលច្រើន ហើយការផ្លាល់ប្ដូរផ្នត់គំនិតនេះ សម្ដេចថា សម្ដេចបានចំណាយពេលអស់កន្លះជីវិត ដើម្បីជំរុញអោយពលរដ្ឋចេះប្រើប្រាស់ពូជស្រូវ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា៖ តាំងពីខ្ញុំធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ គឺធ្វើកិច្ចការដែលសំខាន់ជាងគេគឺធ្វើយ៉ាងណាឲ្យតូចៗជាកសិកររបស់យើងផ្លាស់ប្ដូរឥរិយាបទ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា ឲ្យរកវិធីសាស្ត្រផលិតពូជស្រូវក្នុងស្រុក ខណៈគ្រាប់ពូជ ៧ពាន់តោន ត្រូវបានចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់។ សម្ដេច ថា៖ នៅបាត់ដំបង យើងដោះស្រាយមួយម៉ឺនគ្រួសារហើយការដោះស្រាយនេះគឺដោះស្រាយចំពោះអ្នកដែលមានលទ្ធភាពស្ដារឡើងវិញ។
លើសពីនេះ សម្ដេចតេជោ បន្ថែមថា រដ្ឋាភិបាលនឹងចែកនូវពូជដំណាំផ្សេងៗដើម្បីចែកជូនដល់ពលរដ្ឋធ្វើការដាំដុះផងដែរ ដោយថាការធ្វើបែបនេះ គឺដើម្បីជួយកាត់បន្ថយការលំបាករបស់ប្រជាជន។ សម្ដេច ក៏បានបញ្ជាឲ្យក្រសួងកសិកម្មសហការជាមួយអាជ្ញាធរដែនដី ដើម្បីពិនិត្យមើលពីទិដ្ឋភាពចែកចាយពូជដំណាំផ្សេងពីស្រូវ ដល់ពលរដ្ឋរងគ្រោះផងដែរ។
ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃម្សិលមិញនេះ មិនមានករណីឆ្លងជំងឺកូវីដ-១៩ថ្មី នោះទេ នេះជាថ្ងៃទី៤ហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩សូម្បីតែម្នាក់។ តែទោះជាមិនមានឆ្លងថ្មីក៏ដោយ យើងនៅតែបន្តអំពាវនាវប្រជាពលរដ្ឋចូលរួមអនុវត្តន៍វិធានការនានា ដើម្បីការពារជំងឺកូវីដ១៩ ពីព្រោះកូវីដមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ៕



