មន្ដ្រី​ជំនាញ​៖ ការ​ប្រើ​ប្រាស់​ពូជ​ស្រូវ​ ថ្នាំ​បំប៉ន និង​ជី​សម្លាប់​សត្វ​ចង្រៃ​ច្រើន ធ្វើ​ឱ្យ​ថ្លៃ​ផលិត​ស្រូវមាន​តម្លៃ​ខ្ពស់

បាត់ដំបង៖ ការ​ប្រើ​ប្រាស់​ពូជ​ស្រូវ​ច្រើន ថ្នាំ​បំប៉នច្រើន និង​ជី​សម្លាប់​សត្វ​ចង្រៃ​ក្នុង​បរិមាណ​ច្រើន ទំនង​ជា​ដើម​ចម​ដែល​ធ្វើ​ឱ្យ​ថ្លៃ​ដើម​នៃ​ការ​ផលិត​ស្រូវ​នៅ​ភូមិ​គ្រួស ឃុំ​អន្លង់​រុន ស្រុក​ថ្ម​គោល ខេត្ត​បាត់​ដំបង មាន​តម្លៃ​ថ្លៃ​។ នេះ​គឺជា​ការ​វាយ​តម្លៃ​បឋម​ពី​មន្ដ្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម ​និង​មន្ទីរ​កសិកម្ម​ប្រចាំ​ខេត្ត​បាត់ដំបង នា​ឱកាស​ដែល​ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋានកសិកម្ម​ បាន​ចុះ​ទៅ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាកសិករ​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀងនៅភូមិគ្រួស ឃុំអន្លង់រុនកាលពី​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​តុលា ឆ្នាំ​២០២២។

ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋានកសិកម្ម​ នា​រសៀល​ថ្ងៃអាទិត្យ ទី២៣ ខែតុលា  បានអញ្ជើញចុះជាក់ស្តែងនៅភូមិគ្រួស ឃុំអន្លង់រុនដើម្បី​ស្វែង​យល់និង​វាយ​តម្លៃ​ពី​ផ្ទៃដី​ស្រែរបស់ប្រជាពលរដ្ឋដែល​រងប៉ះពាល់​ដោយ​សារ​ជំនន់ទឹកភ្លៀងនៅ​តំបន់​នេះ។

នៅ​ក្នុង​ដំណើរ​ចុះជួប​សំណេះសំណាល​របស់​ប្រជាកសិករ​នៅ​ឃុំ​អន្លង់រុនឯកឧត្តម ងិន ឆាយ បានសាកសួរ​ប្រជាពលរដ្ឋ ដើម្បីស្វែង​យល់​អំពី​ថ្លៃ​ដើមនៃ​ការ​ផលិតដំណាំស្រូវ​របស់​ពួក​គាត់ ដោយ​បាន​ជួបជាមួយភាគី​ពាក់ព័ន្ធ​ទាំង​អស់ រាប់​ចាប់​តាំង​ពីប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់ ​សមាគម​ទទួល​បន្ទុក​ផ្គត់ផ្គង់​ទឹក​ដល់​ដំណើរការ​កសិកម្ម ព្រមទាំង​ឈ្មួញ​អ្នក​បញ្ជាទីញស្រូវពីប្រជាកសិករ​ផង​ដែរ​។

ស្ថានភាព​ជាក់​ស្ដែង​នៅក្នុង​ភូមិសាស្ត្រ​នៃ​ស្រុក​មង្គល​បុរី​ ដែលក្រៅ​តែពី​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំនន់​ទឹកភ្លៀង​ហើយ ក៏​មាន​ផង​ដែរ គឺបញ្ហាសត្វ​ខ្យង​ក្រហម​បំផ្លាញ​ស្រូវ។ បើ​តាម​ការ​រៀបរាប់​របស់​ប្រជាកសិករ គឺដោយ​សារ​តែ​សត្វខ្យងក្រហមនេះ ពួក​គាត់ត្រូវ​បង្ខំ​ចិត្ត​ប្រើ​ពូជ​ស្រូវ​ច្រើន ដើម្បី​កាត់កង​ជាមួយ​ការ​បំផ្លាញ​របស់​សត្វ​ខ្យង​ចង្រៃ​នេះ។ ជាលទ្ធផល ​ពួក​គាត់ត្រូវ​ចំណាយ​កាន់​តែ​ច្រើន​នៅ​ក្នុង​ដំណាក់​កាល​ដាក់​ជីបំប៉ន​ ហើយ​នៅ​តែ​ត្រូវ​ប្រើ​ថ្នាំ​កម្ចាស់​សត្វ​ល្អិត​ចង្រៃ​ថែមទៀត។

តាម​រយៈ​ការ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ឯកឧត្តម ងិន ឆាយ បាន​ផ្ដល់​អនុសាសន៍ដល់​ប្រជាកសិករ​អំពី​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បីទទួល​បាន​​ប្រសិទ្ធផល​ខ្ពស់ ដើម្បី​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​ការ​ចំណាយ​ជា​អតិបរមា និងទទួល​បាន​មក​វិញ​នូវ​ផល​ចំណេញ​ច្រើន​ជាង​មុន​។ អនុសាសន៍​របស់​ឯកឧត្តម ងិន ឆាយ គ្រប​ដណ្ដប់​តាំង​ពី​ការ​រើស​ពូជ​ស្រូវ ការ​ប្រើ​ប្រាស់​ជី ព្រមទាំង​វិធី​សាស្ត្រ​មួយ​ចំនួន​សម្រាប់​កាត់​បន្ថយ​ប្រជាសាស្ត្រ​ខ្យង​ក្រហមដោយ​ពុំ​ចាំ​បាច់​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វ​ចង្រៃ ដែល​ប្រសិន​បើ​ធ្វើ​បាន វា​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាកសិករ​របស់​យើង​បាន​មួយ​កម្រិត​ដែរ​៕

ដោយ៖កែវ កិរិយា

ads banner