លោក ពូទីន ជូនពរលោក ស៊ី ជីនពីង ដែលជាប់ឆ្នោតអាណត្តិទី៣ជាអគ្គលេខាបក្ស
រុស្ស៊ី៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានថ្លែងសារជូនពរសមភាគីចិន គឺលោក ស៊ី ជីនពីង ដែលត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សបានជ្រើសតាំងជាអគ្គលេខាបក្ស សម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀត តាមរយៈមហាសន្និបាតបក្សលើកទី២០ ដែលបានប្រព្រឹត្តទៅ ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែតុលា ខណៈការបោះឆ្នោតគណៈកម្មាធិការមជ្ឈិមបក្សរៀបចំធ្វើនៅថ្ងៃអាទិត្យ ទី២៣ ខែតុលាម្សិលមិញ។
តាមរយៈគេហទំព័រផ្លូវការនៃវិមានក្រឹមឡាំង ប្រមុខដឹកនាំរុស្ស៊ីបានថ្លែងថា លោកទន្ទឹងរង់ចាំការអភិវឌ្ឍបន្ថែមទៀត នូវភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោក វ្លាឌីមៀ ពូទីន៖ «លទ្ធផលនៃសមាជបក្ស បានសបញ្ជាក់ឱ្យឃើញយ៉ាងពេញលេញនូវសិទ្ធិអំណាចផ្នែកនយោបាយកម្រិតខ្ពស់បំផុតរបស់លោក ស៊ី ជីនពីង ក៏ដូចជាសាមគ្គីភាពនៃគណបក្សកុម្មុយនីស្តចិន ដែលស្ថិតក្រោមការដឹកនាំដោយលោក ស៊ី ជីនពីង»។
គួររំឭកថា សារជូនពររបស់លោក ពូទីន ចំពោះលោក ស៊ី ជីនពីង នាពេលនេះ ធ្វើឡើងបន្ទាប់ពីប្រមុខដឹកនាំនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូគ្មានដែនកំណត់កាលពីខែដើមខែកុម្ភៈ ពោលគឺតែបីសប្ដាហ៍ប៉ុណ្ណោះ មុនពេលដែលរុស្ស៊ីបើក «ប្រតិបត្តិការយោធាពិសេស» នៅប្រទេសអ៊ុយក្រែន។
យ៉ាងណាក៏ដោយ នៅចំពោះមុខការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ដែលបន្តអូសបន្លាយរហូតមកទល់ពេលនេះ ប្រទេសចិនបានបង្ហាញជំហរយ៉ាងប្រុងប្រយ័ត្នជាទីបំផុត។ ចិនបានចេញមុខរិះគន់ទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិចប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែបានប្រកែកអំពីការជាប់ពាក់ព័ន្ធណាមួយទៅនឹងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន មិនថាជាការគាំទ្រ ឬជំនួយយោធានោះឡើយ។
កាលពីខែកញ្ញា ឆ្នាំ២០២២ នៅក្នុងជំនួបផ្ទាល់មុខជាមួយគ្នា លោកពូទីន បានបង្ហើបឱ្យដឹងថា ភាគីចិន គឺលោក ស៊ី ជីនពីង បានចោទសួរ និងបង្ហាញពីក្ដីកង្វល់ ចំពោះស្ថានភាពនៅប្រទេសអ៊ុយក្រែន។ នេះគឺជាការទទួលស្គាល់ជាសាធារណៈដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលចិនជាប្រទេសសម្ព័ន្ធមិត្តនឹងរុស្ស៊ី លើកឡើងពីបញ្ហាទាំងពីរនេះ។
ទីក្រុងមូស្គូបានចាប់ផ្ដើមផ្ដល់តម្លៃកាន់តែខ្លាំងឡើងចំពោះភាពជាដៃគូភូមិសាស្ត្រនយោបាយ រវាងមូស្គូនិងប៉េកាំង និងទំនាក់ទំនងសេដ្ឋកិច្ចដ៏សំខាន់ជាមួយចិន ក្នុងការប្រឈមមុខនឹងការដាក់ទណ្ឌកម្មនិងយុទ្ធសាស្ត្រដាក់ឱ្យនៅឯកោរបស់លោកខាងលិច ហើយលោក ពូទីន បានព្យាយាមពង្រឹងទំនាក់ទំនងផ្ទាល់ខ្លួនដ៏កក់ក្តៅជាមួយលោក ស៊ី។
វិមានក្រឹមឡាំងបានស្រង់ប្រសាសន៍ប្រធានាធិបតីរុស្ស៊ីដែលបានសង្កត់ធ្ងន់ថា លោកមានទំនុកចិត្តថាការតែងតាំងឡើងវិញរបស់លោក ស៊ី ជីនពីង ឱ្យដឹកនាំប្រទេសបន្តនាអាណត្តិថ្មីនេះ នឹងពង្រឹងជំហររបស់ប្រទេសចិននៅលើឆាកអន្តរជាតិផង និងជួយប្រទេសនេះឱ្យសម្រេចបាននូវផែនការវិនិយោគ និងការអភិវឌ្ឍន៍ក្នុងស្រុកដ៏ធំរបស់ខ្លួនផង៕
ដោយ៖កែវ កិរិយា