លោក ហ្សេលេនស្គី ច្រានចោលការចោទប្រកាន់របស់រុស្ស៊ី ពាក់ព័ន្ធនឹងគ្រាប់បែកកខ្វក់
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងអះអាងថា មុខសញ្ញាតែមួយគត់ដែលអាចប្រើអាវុធនុយក្លេអ៊ែនាពេលបច្ចុប្បន្ន នោះគឺរុស្ស៊ីខ្លួនឯង។លោក ហ្សេលេនស្គី ក៏បានបដិសេធការចោទប្រកាន់របស់រុស្ស៊ី ដែលថា អ៊ុយក្រែនកំពុងរៀបចំផែនការវាយប្រហារដ៏ឃោរឃៅ ជាមួយនឹងការប្រើប្រាស់ “គ្រាប់បែកកខ្វក់” ហើយបានយកចង្អុលដៃតម្រង់ទៅកាន់រុស្ស៊ីជំនួសវិញ។
លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសន្ទរកថាតាមវីដេអូបង្ហោះនៅលើបណ្តាញសង្គមថា កន្លែងណាដែលរុស្ស៊ីបាននាំមកនូវការកាប់សម្លាប់ និងការបំផ្លិចបំផ្លាញ… អ៊ុយក្រែនកំពុងនាំត្រលប់មកវិញនូវជីវិតធម្មតា។ លោក ហ្សេលេនស្គី បានបញ្ជាក់យ៉ាងដូច្នេះថា មនុស្សគ្រប់បានយល់យ៉ាងច្បាស់ហើយថា នរណាជាប្រភពនៃអ្វីគ្រប់យ៉ាងដែលកខ្វក់នៅក្នុងសង្គ្រាមនេះ ដោយលោកបានអំពាវនាវឱ្យពិភពលោកចាត់វិធានការតឹងរ៉ឹងបំផុត តាមដែលអាចធ្វើទៅបាន។
ចំណែករដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី ខូលេបា នៅព្រឹកថ្ងៃអាទិត្យម្សិលមិញ ក៏បានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់របស់រុស្ស៊ីផងដែរ ដោយនិយាយថា ការភូតកុហករបស់រុស្ស៊ី អំពីគ្រាប់បែកកខ្វក់ គឺមិនសមហេតុផល និងគ្រោះថ្នាក់។
ការអះអាងបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងជាការឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក សឺហ្គៃ ស៊ុយហ្គូ ដែលក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃអាទិត្យម្សិលមិញ បានចែករំលែកជាមួយសមភាគីបារាំង តួកគី និងអង់គ្លេស អំពីការព្រួយបារម្ភរបស់គាត់ចំពោះការបង្កហេតុ ដែលអាចកើតមានដោយអ៊ុយក្រែន ដោយប្រើ “គ្រាប់បែកកខ្វក់”៕ ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា




