ប្រមុខគណបក្សប្រជាជនកម្ពុជាអបអរលោក ស៊ី ជីងពីង បន្តកាន់តំណែងជាអគ្គលេខាបក្សកុម្មុយនីស្តចិន
ភ្នំពេញ៖ប្រធានគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្ញើរសារអបអរសាទរចំពោះលោកស៊ី ជីនពីង ក្នុងខណៈបានជាប់ឆ្នោតបន្តជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនក្នុងអាណត្តិទី៣ហើយសង្ឃឹមថាទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នឹងកាន់តែស្អិតរមួតថែមទៀតដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រោយកម្ពុជានិងចិន។ទន្ទឹមនេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា សារមានគោលដៅពង្រឹងទំនាក់ទំនងជាមូលដ្ឋាន។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅចំខួបទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសម្រាប់កម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរចំពោះលោកស៊ី ជីនពីង ក្រោយពេលលោកស៊ីបន្តជាប់ឆ្នោតជាអគ្គលេខាបក្សកម្មុយនីស្តចិន(CPC) ក្នុងអាណត្តិទី៣ តាមរយៈការបោះឆ្នោតនៃគណៈមជ្ឈិមបក្សនាសមាជបក្សនៃគណបក្សកុម្មុយនីស្តចិនលើកទី២០ ។
តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីសោមនស្សជាខ្លាំងដោយបានទទួលដំណឹងថា លោក ស៊ី បានបន្តតំណែងក្នុងអាណត្តិទី៣ ជាបន្តនិងបានសម្តែងអំណរសាទរយ៉ាងស្មោះស្ម័គ្រដល់លោកស៊ី ជីនពីង ព្រមទាំងអបអរដល់ថ្នាក់ដឹកនាំ និងសមាជិកនៃគណបក្សកុម្មុយនីស្តដែលជាគណបក្សតែមួយគត់របស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងជោគជ័យនៃការបិទបញ្ចប់សមាជបក្សលើកទី២០។
ប្រមុខគណបក្សប្រជាជនកម្ពុជាបានកោតសរសើរចំពោះមេដឹកនាំចិនស៊ី ជីនពីង ក្នុងភាពជាអ្នកដឹកនាំប្រជាជាតិចិនក្នុងអាណត្តិចំនួន២ កន្លងទៅដែលសម្រេចបាននូវភាពជោគជ័យដ៏ធំធេងតួយ៉ាង ការកាត់បន្ថយភាពក្រីក្រ នវានុវត្តន៍បច្ចេកវិទ្យា វឌ្ឍនភាពផ្នែកវិទ្យសាស្រ្តនិងការកសាងសង្គមនិយមតាមបែបផែនពិសេសរបស់ចិន ដែលសម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា៖« សមិទ្ធផលជាប្រវត្តិសាស្រ្តនេះ បានផ្តល់ផលប្រយោជន៍ មិនត្រឹមតែដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានដល់ពិភពលោកទាំងមូលផងដែរ »។
សម្តេចតេជោ ហ៊ុន សែន បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្រោមការដឹកនាំរបស់លោកស៊ីតាមរយៈលិខិតអបអរនេះ ដូច្នេះថា៖« ខ្ញុំទន្ទឹងរង់ចាំបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម[ស៊ី ជីនពីង] ដើម្បីពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណីរវាង CPP និង CPC និងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ទៅកាន់កម្រិតថ្មីមួយទៀត» ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា តាមរយៈទំនាក់ទំនងដ៏ស្អិតរមួតរវាងគណបក្សប្រជាជនកម្ពុជា និងគណៈបក្សកុម្មុយនីស្តចិន ក្នុងរវាងប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏បានជំរុញដល់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ផងដែរ។
ជុំវិញសារអបអរសាទរមេដឹកនាំចិន នាខណៈនេះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសដៃគូមិត្តដែកថែប កម្ពុជានិងចិន ត្រួវមានការគាំទ្ររវាងគ្នានិងគ្នាទៅវិញទៅមកបែបនេះ មិនដែលខកខានទេ ។
ឯកឧត្តមបានបន្ថែមថា៖«យើងអបអរសារទរចំពោះឆន្ទៈរបស់ប្រជាជនចិនតាមរយៈអង្គសមាជបក្សកុម្មុយនីស្តចិន សេចក្តីសម្រេចរបស់ប្រជាពលរដ្ឋចិនក្នុងការ ជ្រើសតាំងមេដឹកនាំរបស់ខ្លួន យើងមិនបានលុកលាន់កិច្ចការផ្ទៃក្នុងអីផ្សេងៗ របស់ចិននោះទេ »។
ដោយឡែកឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានពណ៌នាថា ទង្វើនេះជាការបង្ហាញនូវសាមគ្គីភាពក្នុងទំនាក់ទំនងរដ្ឋនិងរដ្ឋរវាងកម្ពុជានិងចិនដែលជាមរតកតាំងពីសម័យសង្គមរាស្រ្តនិយមរបស់សម្តេចនរោត្តម សីហនុ មកម្ល៉េះ ។
លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ការផ្ញើអបអរសាទរនេះជាការពង្រឹងទំនាក់ទំនងបុគ្គលនិងបុគ្គលរវាងមេដឹកនាំចិនលោកស៊ី ជីនពីង និងមេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាកត្តាចូលរួមចំណែកក្នុងទំនាក់ទំនងការបរទេសផង ដែលនាំឲ្យទំនាក់ទនងកម្ពុជា-ចិន កាន់តែមានភាពស៊ីជម្រៅ។
លោកបណ្ឌិតគិន ភា មើលឃើញពីលក្ខណៈពិសេសរបស់លោកជីន ស៊ីពីង ដែលបានពង្រីកឥទ្ធិពលចិនសឹងគ្រប់ជ្រុងជ្រោយនៃពិភពលោក ជាពិសេសផែនការសេដ្ឋកិច្ចតួយ៉ាង គម្រោងខ្សែក្រវ៉ាត់និងផ្លូវ(BRI) ដែលវិនិយោគទុនចិនបានរីកសាយភាយសឹងគ្រប់ប្រទេស។
លោក គិន ភា៖ «សម្រាប់កម្ពុជា ក្នុងអាណត្តិចំនួន២ ដែលលោកស៊ី ជីនពីង បានដឹកនាំនោះ លោកបានយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយកម្ពុជា ដោយបានគាំទ្រកម្ពុជាទាំងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសការដាក់បញ្ចូលការវិនិយោគខ្នាតធំជាច្រើនមកកម្ពុជា តួយ៉ាង គម្រោងផ្លូវល្បឿនលឿន និងគម្រោងអាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាបនិងគម្រោងនានាទៀត ដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ»។
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ អង្គសមាជបក្សកុម្មុយនីស្តចិនលើកទី២០ នៅរដ្ឋធានីប៉េកាំង គណៈមជ្ឈឹមបក្សកុម្មុយនីស្តចិនបានបោះឆ្នោតជ្រើសរើសលោកស៊ី ជីនពីង ឱ្យនៅបន្តកាន់ដំណែងជាអគ្គលេខាបក្ស ក្នុងអាណត្តិទី៣ ដែលជាស្ពាននាំលោកទៅកាន់តំណែងជាប្រធានាធិបតីចិនបន្តមួយអាណត្តិទៀត នាឆ្នាំ២០២៣ ខាងមុខ ដែលនាំឱ្យស៊ីក្លាយជាមេដឹកនាំកំពូលដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រចិនចាប់តាំងពីសម័យកាលរបស់លោកម៉ៅ សេទុង មក៕ ដោយ៖ សំបាន ច័ន្ទដារ៉ា