រថយន្ត PRIUS បើកលឿនដូចហោះ បានរេចង្កូតបុកបង្គោលភ្លើងបាក់១ដើម
ភ្នំពេញ៖ បុរសម្នាក់ បើករថយន្ត Prius លឿនដូចហោះ បានរេចង្កូតឡើងសួនពុះចែកផ្លូវបុក និងបង្គោលភ្លើងបាក់រៀបដល់ដី រថយន្តមិនទាន់អស់ល្បឿនធ្លាក់មកម្ខាងផ្លូវប្រមាណ៥០ម៉ែត្រ ទៅមុខលែងរួច ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់របួសនោះទេ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២និង៣០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាក TOYOTA PRIUS ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2BC 7660 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ។ មកដល់ចំណុចកើតហេតុ បានរេចង្កូតឡើងសួនច្បារចែកផ្លូវហោះទៅបុកបង្គោលភ្លើងបាក់១ដើម រថយន្តមិនទាន់អស់ល្បឿនឆ្លងមកម្ខាងផ្លូវប្រមាណ៥០ម៉ែត្រវិលមួយជុំផ្ទុះពោងទៅមុខលែងតែម្តង។
ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ ដោយបន្សល់រថយន្តទុកឲ្យសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ធ.ដ