នាយឧត្តមសេនីយ៍ នេត សាវឿន ជួបតំណាង NCA អង់គ្លេស

អត្ថបទដោយ៖
Kien Sereyvuth

អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន បានទទួលជួប តំណាងទីភ្នាក់ងារ ឧក្រិដ្ឋកម្មជាតិ NCA National Crime Agency នៃចក្រភពអង់គ្លេស ដែលបានផ្លាស់ប្តូរប្រធានថ្មី។ ទីភ្នាក់ងារ ឧក្រិដ្ឋកម្មជាតិ NCA នៃចក្រភពអង់គ្លេស គឺជាទីភ្នាក់ងារមួយដែលបានចុះអនុស្សារណៈ MOU ជាមួយនឹង អគ្គស្នងការដ្ឋាននគរជាតិកម្ពុជាក្នុងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ លោក Gerry McGowan ដែលជាប្រធាន ចាស់ចប់អាណ្ណត្តិទទួលបន្ទុកកម្ពុជា វៀតណាម ឡាវ និងម៉ាឡេស៊ី នឹងត្រូវជំនួសដោយប្រធានថ្មីលោក Peter Vernon ។ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ឆ្លងតាមការធ្វើកិច្ចសហការ កន្លងមករវាងស្ថាប័ន NCA និងអគ្គស្នងការដ្ឋាននគរបាលជាតិ ភាគីទាំងបានផ្លាស់ប្តូរកិច្ចសហប្រតិបត្តការ បានយ៉ាងល្អប្រសើរ ក្នុងការប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសកិច្ចសហប្រតិបត្តិការ ប្រឆាំងការជូញដូរកុមារ និងអនីតិជន។ ជាក់ស្តែងនៅពេលថ្មីៗនេះ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការចាប់ខ្លួនក៏ដូចជាបង្ក្រាបនូវជនល្មើស រំលោភផ្លូវភេទលើកុមារតាមសំណើររបស់ NCA ផងដែរ។
នៅក្នុងជំនួបពិភាក្សានេះផងដែរ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានលើកទឹកចិត្តឲ្យ NCA បន្ត ជួយដល់កម្ពុជាលើការងារបណ្តុះបណ្តាល ជាពិសេសពាក់ព័ន្ធទៅនឹងជំនាញប្រឆាំងការជូញដូរមនុស្ស។ ជាការ ឆ្លើយតប ភាគី NCA បានប្តេជ្ញាថា នឹងបន្តជួយកម្ពុជាទៅលើវិស័យនេះ និងសន្យាផ្តល់ព័ត៌មាននានា ពាក់ព័ន្ធនឹង បទល្មើសលើកុមារមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជាមូលដ្ឋានក្នុងការស៊ើបអង្កេតសហការធ្វើយ៉ាង ណាការពារកុមារនៅក្នុងប្រទេសកម្ពុជា។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner