មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិជាដៃគូសន្ទនាដ៏ល្អ ក្នុងការរួមសាមគ្គីគ្នា ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាននិងអភិរក្សធនធានធម្មជាតិ
ភ្នំពេញ៖ បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ជាដៃគូសន្ទនាដ៏ល្អ រវាងប្រជាសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ និងរាជរដ្ឋាភិបាល ក្នុងការរួមសាមគ្គីគ្នា ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ឱ្យកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថាការថ្លែងបញ្ជាក់បែបនេះធ្វើឡើងពីសំណាក់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅក្នុងវេទិកាបូកសរុបការងារបណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ នាទីស្ដីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញនូវសកម្មភាពនានា សំដៅធ្វើឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និងមុខរបរថ្មី ដូចជាការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍។
ក្នុងឱកាសនោះ ឯកឧត្ដម ខៀវ បូរិន អគ្គនាយកសហគមន៍មូលដ្ឋាន និងជាប្រធានបណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ បានបញ្ជាក់បន្ថែមថា សហគមន៍តំបន់ការពារធម្មជាតិ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងអាស្រ័យផងពីការងារអភិរក្សនេះ។
ឯកឧត្តម ខៀវ បូរិន បានលើកឡើងថា បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ជាដៃគូសន្ទនា និងកិច្ចសហការកាន់តែប្រសើរឡើង រវាងសហគមន៍ អាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ ជាមួយគ្នានេះ បណ្តាញសហគមន៍ ចែករំលែកព័ត៌មាន បទពិសោធន៍ បង្កើនចំណេះដឹង និងជំនាញ រវាងសហគមន៍និងអ្នកពាក់ព័ន្ធនានា ទាក់ទងទៅនឹងជីវភាព និងការគ្រប់គ្រងធនធានធម្មជាតិរបស់សហគមន៍មូលដ្ឋាន។
ឯកឧត្តម ខៀវ បូរិន បានបន្ថែមថា បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ បានបង្កើតសាមគ្គីភាពផ្ទៃក្នុងដែលធ្វើឱ្យការងារអភិរក្សទទួលបានជោគជ័យកាន់តែប្រសើរឡើង រួមផ្សំទាំងការទទួលបានការសិក្សាអប់រំបានខ្ពស់ ធ្វើឱ្យមានការផ្លាស់ប្តូរទៅលើការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា ដែលជាកេរ្តិ៍មរតកសម្រាប់ខ្មែរគ្រប់ជំនាន់។
គួរបញ្ជាក់ថាក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងដែរថា គិត
រហូតមកដល់ខែតុលា ឆ្នាំ២០២២ នេះ សហគមន៍តំបន់ការពារធម្មជាតិត្រូវបានបង្កើតឡើង និងទទួលស្គាល់ ដោយក្រសួងបរិស្ថាន សរុបចំនួន ១៩០ ដែលមានប្រជាពលរដ្ឋជាសមាជិកទាំងអស់ ៧១ ៧៣២ គ្រួសារ នៅជុំវិញនិងក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។
កិច្ចប្រជុំបណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ បានរៀបចំឡើង ដោយមានចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្តនានា បណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ ថ្នាក់មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្នុងគោលបំណង៖
១.ពិនិត្យមើលវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ក្នុងឆ្នាំ ២០២២។
២.កំណត់ផែនការសកម្មភាពយុទ្ធជាសាស្រ្តសម្រាប់អនុវត្តក្នុងឆ្នាំ២០២៣។
៣.ពិគ្រោះយោបល់ និងអនុម័តលើលក្ខន្តិកៈបណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិ ។
៤.ដោះស្រាយបញ្ហាចំបងៗដែលកំពុងកើតមានឡើងក្នុងសហគមន៍៕ដោយ៖ម៉ាដេប៉ូ


