កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី អនុម័ត “សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣”

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រេះរាជាណាចក្រកម្ពុជា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រទី ២៨ ខែ តុលា ឆ្នាំ២០២២ បានអនុម័ត “សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣” ។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣” បានបញ្ជាក់អំពី គោលបំណង សំខាន់ៗ នៃក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងថវិកាឆ្នាំ២០២៣ ដែលមាន ដូចតទៅ៖

  • បន្តពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ
  • បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យមប្រកបដោយបរិយាបន្ន។
  • បន្តស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យត្រឡប់ទៅរកកំណើនជាសក្ដានុពល តាមរយៈការជំរុញការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។
  • ជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងកសាងភាពធន់នៃសង្គមកម្ពុជា សម្រាប់ត្រៀមឆ្លើយតបទៅនឹងគ្រោះអាសន្ន ដែលអាចកើតមាន ជាយថាហេតុ។
  • ដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រាក់ឧបត្ថម្ភមន្រ្តីនៅ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងកម្រិតសមស្រប ដោយផ្អែកលើ សមិទ្ធកម្ម ឬគុណាធិបតេយ្យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន និងគុណភាពនៃការផ្តល់សេវាសាធារណៈ។
  • ដំឡើងប្រាក់សោធន និងកាត់បន្ថយគម្លាតនៃប្រាក់សោធនរវាងអ្នកចូលនិវត្តន៍ចាស់ និងថ្មី ជូនដល់អតីតមន្រ្តីរាជការស៊ីវិល និងអតីតកងកម្លាំងប្រដាប់អាវុធ។
  • បន្តជំរុញការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ ។ ថវិកាឆ្នាំ ២០២៣ ត្រូវបានសន្និដ្ឋានថា អាចជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យ ទាំងក្នុង និងក្រៅប្រទេស សំដៅបន្តការពារអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចកម្ពុជា ទន្ទឹមនឹងការរៀនរស់នៅជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី ហើយអាចប្រសិទ្ធនាមថា “ថវិកាវិត្ថារកម្មចំគោលដៅ ដោយផ្តល់អាទិភាពទី១ ដល់ “មនុស្ស” ជាពិសេសលើសុខភាព ជីវភាព និងសមធម៌ ព្រមជាមួយនឹងអាទិភាពនៃការបន្តជំរុញការងើបឡើងវិញនៃកំណើន សេដ្ឋកិច្ចស្របតាម “ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣” ។

សូមជម្រាបថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នេះ បានអនុម័ត ផងដែរ នូវ “សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២” និង “សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥” ។

ចំពោះកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ ដែលមានតម្លៃសរុប ប្រចាំឆ្នាំ ប្រមាណ ៣ ពាន់ ៦៧លានដុល្លារអាមេរិក ត្រូវបានរៀបចំឡើងដោយផ្អែកលើតម្រូវការចំណាយសរុប សម្រាប់ការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដើម្បីឱ្យបានស្របតាមស្ថាប័នភាពជាក់ស្ដែងនៃការប្រែប្រួលថ្លៃទំនិញ និងអតិផរណាហើយក៏ផ្អែកលើបរិមាណហិរញ្ញប្បទានសហប្រតិបត្តិការដែលដៃគូអភិវឌ្ឍធ្លាប់បានសន្យា។

កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ មាន គម្រោងវិនិយោគ សរុប ៦៦៣ គម្រោង ដែលក្នុងនេះ ១៨៩ គម្រោង ជាគម្រោងកំពុងដំណើរការ ដែលត្រូវការទុនចំនួន ៥ពាន់ ១០៦លានដុលា្លរអាមេរិក និងចំនួន ៤៧៤គម្រោង ជាគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ដែលត្រូវការទុនចំនួន ៤ពាន់ ១១៥លានដុល្លារអាមេរិក ។

ដោយឡែកក្នុងបញ្ហាផ្សេងៗ , គណៈរដ្ឋមន្ត្រី បានយល់ព្រម បញ្ជូនទៅ សុំការអនុម័ត ពីស្ថាប័ននីតិបញ្ញត្តិលើ ៖

១-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មនៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ ដោយបន្ថែមមាត្រា ៣ស្ទួន។
២-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក)នៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ។
៣-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦នៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner