ឆ្នាំនេះជាខួបលើកទី១៨ នៃការឡើងគ្រងរាជ្យរបស់ ព្រះមហាក្សត្រកម្ពុជា

អត្ថបទដោយ៖
ហេង វណ្ណា

ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០០៤-ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០២២ នេះ គឺជាខួបលើកទី១៨ឆ្នាំនៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ គម្រប់ខួប១៨វស្សានៅថ្ងៃនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមេដឹកនាំស្ថាប័នធំៗរបស់ជាតិ សុទ្ធតែបានផ្ញើសារលិខិតថ្វាយព្រះពរដល់ព្រះមហាក្សត្រ។


ព្រះអង្គទ្រង់ ប្រសូតនៅថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ១៩៥៣ នាទីក្រុងភ្នំពេញ ព្រះករុណា សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកឆន្ទឡើងសោយរាជ្យជាព្រះមហាក្សត្រកម្ពុជា ជំនួសព្រះបាទ នរោត្តម សីហនុ ដែលជាព្រះបិតា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤។ ការជ្រើសរើសឱ្យព្រះអង្គឡើងសោយរាជ្យនៅពេលនោះ ធ្វើឡើងនៅខណៈដែលព្រះអង្គកំពុងគង់នៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីថែទាំព្រះរោគព្រះបិតា។ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ព្រះករុណា សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសោយរាជ្យសម្បត្តិជាព្រះមហាក្សត្រកម្ពុជាជាផ្លូវការ។


គិតមកដល់ពេលនេះ គឺរយៈពេល១៨ឆ្នាំគត់នៃការឡើងសោយរាជ្យរបស់ព្រះអង្គ។ ក្នុងរយៈពេល១៨ឆ្នាំមកនេះ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានប្រជានុរាស្ត្រលើកសរសើរទ្រង់ថា ជាព្រះមហាក្សត្រដែលមានព្រះទ័យស្លូតបូត និងមានព្រហ្មវិហារធម៌។ ជាមួយគ្នានេះ ពួកគេក៏បានកោតសរសើរទ្រង់ផងដែរ ដែលបានបំពេញព្រះរាជកិច្ចសម្រាប់ប្រជាជាតិ ប្រកបដោយភាពវិជ្ជមាន។ ព្រះរាជកិច្ចសំខាន់ៗរបស់ទ្រង់ គឺផ្ដោតលើវិស័យពិធីការ ការទូត សង្គមកិច្ច វប្បធម៌ និងសិល្បៈ ដែលព្រះរាជសកម្មភាពទាំងនេះ ដូចគ្នាទៅនឹងអ្វីដែលព្រះបិតារបស់ទ្រង់ គឺព្រះបរមរតនកោដ្ឋ ធ្លាប់បានបំពេញផងដែរ។


យ៉ាងណាក៏ដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងច្បាស់ថា ព្រះមហាក្សត្រទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយទ្រង់ជាប្រមុខរដ្ឋមួយជីវិត។ អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។ លើសពីនេះ ព្រះមហាក្សត្រទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ហើយទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា។ ទ្រង់ក៏ជាអ្នកធនាការគោរពសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។ នេះបើតាមរដ្ឋធម្មនុញ្ញកម្ពុជា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner