ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល ចែកស្រូវពូជ និងស្បៀង ជូនប្រជាពលរដ្ឋជិត ៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ

កំពង់ធំ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល ចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តកំពង់ធំ ៦,៨៤៤គ្រួសារ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលស្រូវពូជ និងស្បៀងអាហារនេះ មានចំនួន ៦,៨៤៤គ្រួសារ មកពី ៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ២៩៨ភូមិ។ ស្រូវពូជដែលប្រគល់ជូនប្រជាពលរដ្ឋមានចំនួន ៦៨៤,៤០០គីឡូក្រាម រួមនឹងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ អង្ករ ត្រីខ មី និងថវិកាមួយចំនួនទៀត។

អភិបាលខេត្តកំពង់ធំ បានឱ្យដឹងទៀតថា ខេត្តកំពង់ធំ ដែលជាតំបន់វាលទំនាបកណ្តាល បានទទួលរងគ្រោះទឹកជំនន់ និងប៉ះពាល់ចំនួន ៩ក្រុង ស្រុក ៥១ឃុំ សង្កាត់ និង ២៩២ភូមិ។ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ២៩,៣៣៦គ្រួសារ ក្នុងនោះ ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពចំនួន ១,៥០១គ្រួសារ។ ទឹកជំនន់ បានប៉ះពាល់ដំណាំស្រូវ ២៥,៣៩៥ហិកតាខូចខាត ១២,៣០៧ហិកតា និងដំណាំរួមផ្សំ ១,៧៦៦ហិកតា ខូចខាត ១,២៥៦ហិកតា និងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ខូចខាតស្ពានទាំងស្រុងចំនួន ០២កន្លែង ផ្លូវជនបទមួយចំនួនទទួលរងការខូចខាតប៉ះពាល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀត។

ដើម្បីឆ្លើយតប និងដោះស្រាយបន្ទាន់ រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ បានត្រៀមប្រចាំការ និងចុះពិនិត្យមើលទីតាំងដែលកំពុងតែប្រឈមនឹងគ្រោះទឹកជំនន់ជាប្រចាំ។ ក្រៅពីនោះរដ្ឋបាលខេត្ត បានធ្វើការផ្សព្វផ្សាយដល់សាធារណជន និងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំ តាមរយៈការប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ដើម្បីឱ្យប្រជាជនមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈទុកជាមុន។ ព្រមទាំងបានជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសែន និងស្ទឹងស្ទោង ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមបង្ការចំពោះគ្រោះទឹកជំនន់។

រដ្ឋបាលខេត្ត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចែកជូនគ្រឿងឧបភោគ បរិភោគ ដែលជាស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល និងសប្បុរសជននានា ជូនប្រជាពលរដ្ឋបានចំនួន ១៥,៤៩៤គ្រួសារ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងទទួលរងដោយគ្រោះទឹកជំនន់។ ដោយឡែក ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ក៏បានផ្ដល់ជូនថ្នាំពេទ្យចំនួន ១,០០០កញ្ចប់ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋផងដែរ។ ជាមួយនឹងការដោះស្រាយផលប៉ះពាល់នៃទឹកជំនន់ខាងលើ ពិសេសការដោះស្រាយជីវភាពជូនបងប្អូនដែលមានជីវភាពខ្វះខាត ជាគ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យខាងលើ សម្តេចតេជោ ក៏បានផ្ដល់អង្ករចំនួន ៣០០តោន និងថវិកាចំនួន ១៥ម៉ឺនដុល្លារបន្ថែមទៀតដើម្បីឱ្យរដ្ឋបាលខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បន្តផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយសារទឹកជំនន់។

ចំពោះការស្ដារឡើងវិញ នូវការខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋ លើផ្ទៃដី ១១,៥៣០ហិកតា ដែលត្រូវការស្រូវពូជជាចាំបាច់ចំនួន ៩៥៩តោន ក្នុងនោះ ទេសរដ្ឋមន្តីគន់ គីម, ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម និងរដ្ឋបាលខេត្ត បានផ្ដល់ជូនប្រជាពលរដ្ឋលើកទី១ បានចំនួន ២៧៤តោន ស្មើនឹង ៤,១៩៦គ្រួសារ ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner