ហ្វាំងឡង់ និងស៊ុយអែត ប្តេជ្ញាចិត្តចូលជាសមាជិកណាតូជាមួយគ្នា

ហែលស៊ិនគី៖ នាយករដ្ឋមន្រ្តីហ្វាំងឡង់ លោកស្រី Sanna Marin នៅថ្ងៃសុក្រសប្តាហ៍នេះ បានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍នាយករដ្ឋមន្ត្រីទើបជាប់ឆ្នោតស៊ុយអែត លោក Ulf Kristersson សម្រាប់កិច្ចពិភាក្សាទៅលើមធ្យោបាយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសនៅលើផ្លូវរបស់ពួកគេ ឆ្ពោះទៅកាន់សមាជិកភាពនៃអង្គការណាតូ។

នាយករដ្ឋមន្ត្រីទាំងពីរបានលើកឡើងពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងហ្វាំងឡង់ និងស៊ុយអែត ជាពិសេសនៅក្នុងសមាជិកភាពអង្គការណាតូនាពេលអនាគត។ រដ្ឋាភិបាលហ្វាំងឡង់បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ទំនាក់ទំនងនេះដើរតួយ៉ាងសំខាន់ ជាពិសេសនៅក្នុងវិបត្តិបច្ចុប្បន្ន (សង្គ្រាមអ៊ុយក្រែន)។

វិស័យស្នូលដែលកិច្ចសហប្រតិបត្តិការគួរតែត្រូវបានពង្រឹង ក្នុងនោះរួមមានការគាំទ្រដល់ការអភិវឌ្ឍន៍ផ្នែកសន្តិសុខ ក៏ដូចជាប្រឆាំងនឹងការគំរាមកំហែងនៃសង្គ្រាមកូនកាត់។ ជាមួយគ្នានេះ លោក Kristersson បាននិយាយថា កិច្ចព្រមព្រៀងត្រីភាគីរវាងហ្វាំងឡង់ ស៊ុយអែត និងតួកគី គឺមានសុពលភាព ហើយយើងប្តេជ្ញាបំពេញកាតព្វកិច្ចរបស់យើង តាមកិច្ចព្រមព្រៀងនោះ។

លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ បើកផ្លូវឱ្យសម្ព័ន្ធមិត្តណាតូអញ្ជើញហ្វាំងឡង់ និងស៊ុយអែតឱ្យចូលរួមក្នុងជួរយោធារបស់ពួកគេ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងហើយសម្រាប់លោក Kristersson នៅក្រៅប្រទេស ចាប់តាំងពីក្លាយជានាយករដ្ឋមន្ត្រីស៊ុយអែតថ្មីកាលពីសប្តាហ៍មុន។ លោកក៏បានជួបជាមួយប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto ផងដែរ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner