សហភាពអឺរ៉ុបសន្យាជួយស៊ែប៊ី ចំពេលមានវិបត្តិថាមពល
នីស៖ ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន ក្នុងថ្ងៃសុក្រសប្តាហ៍នេះថ្លែងថា សហភាពអឺរ៉ុប (EU) បានសន្យាបែងចែកប្រាក់ចំនួន ១៦៥លានអឺរ៉ូ ឬស្មើនឹងប្រមាណ ១៦៥លានដុល្លារអាមេរិកដើម្បីជួយស៊ែប៊ី ចំពេលមានវិបត្តិថាមពលដែលកំពុងបន្ត។
លោកស្រី វ៉ុន ដឺ ឡេយែន បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីលោកស្រីបានជួបជាមួយប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic នៅឯការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធឧស្ម័ននៅជិតទីក្រុង Nis ក្នុងប្រទេសស៊ែប៊ី។
ការិយាល័យប្រធានាធិបតីស៊ែប៊ីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោក Vucic និងលោកស្រី វ៉ុន ដឺ ឡេយែន បានទស្សនាការងារសាងសង់នៅទីតាំងតម្លើងឧបករណ៍ភ្ជាប់ឧស្ម័នរវាងស៊ែប៊ី និងប៊ុលហ្គារី ដែលត្រូវបានរំពឹងថា នឹងរួចរាល់ទាំងស្រុងនៅខែកញ្ញា ឆ្នាំ២០២៣។
ជាមួយគ្នានេះ លោកស្រី វ៉ុន ដឺ ឡេយែន បានអំពាវនាវទៅកាន់ប្រទេសស៊ែប៊ី ឱ្យចូលរួមក្នុងលទ្ធកម្មរួមនៃឧស្ម័នធម្មជាតិរបស់សហភាពអឺរ៉ុប និងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការធ្វើពិពិធកម្ម នៃលទ្ធកម្មឧស្ម័នផងដែរ។
ទន្ទឹមគ្នា លោក Vucic បានសាទរថា សហភាពអឺរ៉ុបបានបែងចែកការគាំទ្រដែលមានតម្លៃ ៥០០លានអឺរ៉ូសម្រាប់តំបន់បាល់កង់លោកខាងលិច ដែលទាក់ទងនឹងការវិនិយោគលើការតភ្ជាប់អន្តរការបញ្ជូនអគ្គិសនី រវាងប្រទេសនៅក្នុងតំបន់ ហើយសហភាពអឺរ៉ុបបានសហការផ្តល់ហិរញ្ញប្បទានដល់ការសាងសង់បំពង់បង្ហូរឧស្ម័នធម្មជាតិជាមួយប៊ុលហ្គារីផងដែរ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា