លោក ចូ បៃដិន គ្រោងនឹងធ្វើទស្សន៍កិច្ចមកកាន់កម្ពុជា ឥណ្ឌូនេស៊ី និងអេហ្ស៊ីប ដើម្បីចូលរួមកិច្ចប្រជុំកំពូលៗ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើទស្សនកិច្ចរយៈពេលមួយសប្តាហ៍ ទៅកាន់ប្រទេសចំនួន ៣ នាខែក្រោយនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលៗមួយចំនួន ក្នុងនោះរួមមានទាំងកិច្ចប្រជុំមួយដែលអាចដាក់គាត់នៅក្នុងបន្ទប់តែមួយ ជាមួយសមភាគីចិន លោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានប្រកាសក្នុងថ្ងៃសុក្រសប្តាហ៍នេះថា លោក បៃដិន នឹងធ្វើដំណើរជាលើកដំបូងទៅកាន់ទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខ ដើម្បីចូលរួមសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ COP 27 មុនពេលធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ហើយនឹងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។
បន្ទាប់មក លោក បៃដិន នឹងធ្វើដំណើរទៅកាន់កោះបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ដែលជាការប្រមូលផ្តុំមេដឹកនាំមកពីប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេបំផុតលើពិភពលោក។
បើតាមការរំពឹងទុកនោះ កិច្ចប្រជុំកំពូល G20 អាចនឹងផ្តល់ឱ្យលោក បៃដិន នូវឱកាសដំបូងរបស់គាត់ ក្នុងនាមជាប្រធានាធិបតីអាមេរិក ដើម្បីជួបទល់មុខគ្នាជាមួយសមភាគីចិន លោក ស៊ី ហើយក៏អាចឱ្យគាត់ស្ថិតនៅក្នុងបន្ទប់តែមួយជាមួយសមភាគីរុស្ស៊ី លោក ពូទីន និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman៕ ប្រភព៖ AP ដោយ៖ ទីណា និងបុត្រា