ជប៉ុន​ពិចារណាទិញ​មីស៊ីលពីអាមេរិក​ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ចិន​និងកូរ៉េខាងជើង

ជប៉ុន៖ ប្រទេសជប៉ុន​កំពុងពិចារណាទិញមីស៊ីល​ស្វ័យប្រវត្តិ ​«តូម៉ាហក»​ (Tomahawk) ដែលផលិតដោយ​សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹង​ការគំរាមកំហែង​នៅក្នុងតំបន់​ដែលកំពុងកើនឡើង ក្នុងនោះរួមមាន​ ទាំង​ការគំរាម​កំហែង​ពីកូរ៉េខាងជើងផងដែរ​។ នេះ​បើតាម​មន្ត្រីរដ្ឋាភិបាល​ជប៉ុន និយាយ​នៅថ្ងៃសុក្រ ទី២៨ តុលា ឆ្នាំ២០២២​។

Tomahawks​ អាចវាយប្រហារគោលដៅពីចម្ងាយច្រើនជាង​ ១ ០០០ គីឡូម៉ែត្រ​។ មីស៊ីលប្រភទនេះ​ ត្រូវបានដាក់ពង្រាយនៅក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក​ ដូចជានៅសង្រ្គាមឈូងសមុទ្រពែក្សឆ្នាំ ១៩៩១​ និងសង្រ្គាមអ៊ីរ៉ាក់ឆ្នាំ ២០០៣​។

មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយនេះ ​នឹង​តំណាង​ឱ្យ​ការ​បោះ​ជំហាន​ដ៏​ធំ​មួយ​ក្នុងពង្រឹង​សមត្ថភាព​របស់​ទីក្រុង​តូក្យូ​ក្នុង​ការ​រារាំងទប់ស្កាត់​គូ​ប្រជែង​ក្នុង​តំបន់ដូចជាចិន និងកូរ៉េខាងជើង​។ នាយករដ្ឋមន្ត្រីជប៉ុន​ លោក ហ្វូមីអូ គីស៊ីដាបាននិយាយថា​ លោកចង់ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពការពារខ្លួនរបស់ជប៉ុន​ ជាពិសេសបន្ទាប់ពី​កូរ៉េខាងជើងបានបាញ់មីស៊ីលហោះលើប្រទេសជប៉ុនកាលពីដើមខែនេះ​ ហើយយោធារបស់ចិន​ បានបង្កើនសកម្មភាពនៅក្បែរប្រទេសជប៉ុន និងកោះតៃវ៉ាន់​។

​ ប៉ុន្តែការទិញមីស៊ីលគឺរឿងចម្រូងចម្រាសមួយនៅក្នុងប្រទេសជប៉ុន​ ដែលបានប្រកាន់ជំហរ​ស្វ័យការពារជាយូរណាស់មកហើយ​ ក្រោមរដ្ឋធម្មនុញ្ញក្រោយចាញ់សង្គ្រាមលោក​លើកទី២​។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិជប៉ុនមួយរូប​ បានទទួលស្គាល់ថា​ ប្រទេសជប៉ុនពិតជាកំពុងគិតគូរអំពីការទិញមីស៊ីលពីអាមេរិកមែន​ ប៉ុន្តែលោកថាទិញបានឬមិនបាននោះ​ គឺវាអាស្រ័យលើថាតើសហរដ្ឋអាមេរិកនឹងព្រមលក់មីស៊ីលឲ្យជប៉ុនដែរឬអត់​?។

ចំណែក​អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក​វិញ​ថា​ មិនអាច​ធ្វើអត្ថាធិប្បាយអ្វីលើការលក់​ ឬបញ្ជូនអាវុធដែលមានសក្តានុពលទៅឱ្យជប៉ុននោះទេ​ មុនពេលសំណើនេះ​ត្រូវបានបញ្ជូនជាផ្លូវការទៅកាន់សភាអាមេរិក​។

គួរជ្រាបថា​ ការចំណាយលើវិស័យការពារជាតិរបស់ប្រទេសជប៉ុនបានកើនឡើងស្ទើរតែរៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ​។ ជាពិសេស​ ជប៉ុនបានគិតគូរលើការចំណាយលើ​វិស័យ​ការពារជាតិកាន់តែខ្លាំង​ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ សម្ពាធកាន់តែខ្លាំងឡើងរបស់ចិនលើកោះតៃវ៉ាន់​ និងការគំរាមកំហែងកាន់តែខ្លាំងឡើងពីកូរ៉េខាងជើង​៕

ដោយ៖ លី លីយ៉ា

ads banner