កម្ពុជា-ជប៉ុនសហការគ្នាលើកកម្ពស់ការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា

ភ្នំពេញ៖ មន្រ្តីជំនាញខាងកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មរបស់ប្រទេស ជប៉ុនបានសហការជាមួយក្រសួង ពាណិជ្ជកម្មនៃប្រទេសកម្ពុជាផ្តល់វគ្គបណ្តុះបណ្តាល ដល់មន្រ្តី កម្ពុជាអំពីការចុះបញ្ជីម៉ាក និងយន្តការ ដោះស្រាយ វិវាទកម្មសិទ្ធិបញ្ញាតាមនីតិវិធីរដ្ឋបាលក្នុងគោលបំណងដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសកម្ពុជាឱ្យកានតែមានសមត្ថភាពនិងជំនាញកាន់តែខ្ពស់បន្ថែមទៀត។

វគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ដោយមានអ្នកចូលរួមពីមន្រ្តីរបស់ ក្រសួង ពាណិជ្ជកម្ម និងអ្នកជំនាញពីការិយាល័យប៉ាតង់នៅប្រទេសជប៉ុនចំនួនប្រមាណ ៦០នាក់នៅទីស្តីការក្រសួង ពាណិជ្ជកម្មកម្ពុជា។

លោក អូកាម៉ូតូ ម៉ាសាគី (OKAMOTO Masaki) នាយកនៃការិយាល័យកិច្ចសហប្រតិបត្តិការប្រចាំតំបន់ នៃការិយាល័យប៉ាតង់នៃប្រទេសជប៉ុន បានមានប្រសាសន៍ក្នុងកម្ម វិធីវគ្គបណ្តុះបណ្តាលនោះថា ការពង្រឹង ធនធានមនុស្សក្នុងវិស័យនេះគឺពិតជាមានសារៈសំខាន់ណាស់ដើម្បីឱ្យពួកគេមានការយល់ដឹងកាន់តែច្បាស់លាស់អំពីដំណើរវិវត្តន៍ និងរបៀបដោះស្រាយបញ្ហានានាដែល កើតមានឡើង។

លោកបានគូសបញ្ជាក់ថា៖«សិក្ខាសាលា ស្តីពី ការចុះបញ្ជីម៉ាក និងយន្តការដោះស្រាយវិវាទ កម្មសិទ្ធិបញ្ញាតាម នីតិវិធីរដ្ឋបាលគឺជាការសហការគ្នាដ៏ល្អមួយជាមួយក្រសួងពាណិជ្ជកម្ម កម្ពុជាដើម្បីផ្តល់ជំនាញនិងចំណេះដឹងបន្ថែម ក៏ដូចជាអាចធ្វើការផ្លាស់ប្តូរបទពិសោធន៍រវាងកម្ពុជា-ជប៉ុនសំដៅបង្ករលក្ខណៈងាយស្រួលក្នុង ការសម្រួល ដល់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ»។

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងនៃក្រសួងពាណិជ្ជកម្មដែលបាន ធ្វើជាអធិបតីភាពក្នុង កម្មវិធីនោះបាន ថ្លែងថា កម្ពុជា បាន ចូលជា សមាជិករបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកតាំងពីឆ្នាំ១៩៩៥ ដែលនេះ ជា មូលដ្ឋានគ្រឹះនៃ របបកម្ម សិទ្ធិបញ្ញា នៅកម្ពុជា និងបានត្រួសត្រាយផ្លូវសម្រាប់កម្ពុជាក្នុងការកសាងឡើងវិញ នូវបទប្បញ្ញត្តិនានា ដើម្បីចូលរួមក្នុង ប្រព័ន្ធ កម្មសិទ្ធិបញ្ញាជាសាកល ដោយក្នុងនោះកម្ពុជា បានបង្កើតនូវ ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងនានាច្រើនទៀតផងដែរ។

លោកបានគូសបញ្ជាក់ថា៖ «នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មក៏បានខិតខំធ្វើការកែទម្រង់ និងបានអនុវត្ត យ៉ាង ខ្ជាប់ខ្ជួន នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុង ការលើកកម្ពស់វិស័យ កម្មសិទ្ធិបញ្ញា ក្នុង នៅកម្ពុជា ដោយបានរៀបចំច្បាប់លិខិតបទដ្ឋានគតិយុត្តផែនការសកម្មភាពការងារ កម្មសិទ្ធិ បញ្ញា សម្រាប់រយៈពេល៣ឆ្នាំ សេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិ បញ្ញា២០២២-២០២៧ ការពង្រឹង ស្ថាប័នកម្ម សិទ្ធិបញ្ញា ក្នុងការ គ្រប់គ្រងច្បាប់ និងប្រព័ន្ធកម្មសិទ្ធិបញ្ញា ឱ្យមានប្រសិទ្ធភាពនិងមានតុល្យភាព ការកសាងហេដ្ឋារចនាសម្ព័នរូបវន្ត ដើម្បីលើកកម្ពស់ការការពារកម្មសិទ្ធិបញ្ញា និងការអភិវឌ្ឍសមត្ថភាព របស់ស្ថាប័នសាធារណៈ និងវិស័យឯកជន»។

លោកថា នាយកដ្ឋានកម្មសិទ្ធិបញ្ញាក៏កំពុងសហការជាមួយភាគីពាក់ព័ន្ធដើម្បីសិក្សាលទ្ធភាពក្នុងការបន្តចូល ជាសមាជិកនៃ កិច្ចព្រមព្រៀងសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាដទៃទៀត ដើម្បីឱ្យ ស្របតាមកាតព្វកិច្ចអន្តរជាតិ និងការវិវត្តយ៉ាងលឿន នៃសេដ្ឋកិច្ច-សង្គមឌីជីថល បដិវត្តន៍ឧស្សាហ កម្មជំនាន់ ទី៤ និងបរិបទនៃសាកលភាវូនីយកម្ម ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច។ ចំណែកឯការលើកកម្ពស់ ចំណេះដឹង សាធារណៈដែលជាសរសរស្តម្ភ ទ្រទ្រង់ប្រព័ន្ធកម្មសិទ្ធិបញ្ញាក៏នៅតែជាកិច្ចការសំខាន់ផងដែរ យើង អាច និយាយ បានថាប្រព័ន្ធកម្មសិទ្ធិ បញ្ញាដែលរឹងមាំមិនត្រឹមតែត្រូវការគោលនយោបាយ ច្បាប់ បទដ្ឋាន គតិយុត្តហេដ្ឋា រចនា សម្ព័ន្ធសេវាសាធារណៈល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវមានការចូលរួមផងដែរពី សាធារណៈជន ទើបអាច ធានាបាននូវសង្គមមួយដែលផ្តល់តម្លៃ និងគោរពកម្មសិទ្ធិបញ្ញាដែលជាផ្នែកមួយនៃ ការលើកទឹកចិត្ត ឱ្យមានការ អភិវឌ្ឍន៍គ្រប់វិស័យ។

ឯកឧត្តមបានថ្លែងថា៖ «ចំពោះការរៀបចំសិក្ខាសាលានេះ សបញ្ជាក់ឱ្យឃើញអំពីសន្ទុះរីកចម្រើនក្នុងផ្នែកកម្មសិទ្ធិ បញ្ញា និង កិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអន្តរជាតិក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យកម្មសិទ្ធិ បញ្ញារបស់ កម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ស្ថាប័នពាក់ព័ន្ធក្នុងការធ្វើ ឱ្យប្រសើរឡើង នូវកិច្ចការពារ កម្មសិទ្ធិបញ្ញា ការសម្របសម្រួលដោះស្រាយវិវាទ និងជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ក្នុងការអភិវឌ្ឍវិស័យ កម្មសិទ្ធិបញ្ញា នៅកម្ពុជា»។

បើយោងតាមឯកឧត្តម អ៊ុក ប្រជា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ និងជា ប្រធាន នៃ គណៈ កម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាកម្ពុជា ក៏បានបន្តចូលរួមជា ភាគីហត្ថលេខី នៃសន្ធិសញ្ញា មួយចំនួន ដែលគ្រប់គ្រងដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោកផងដែរ រួមមាន ពិធីសារក្រុងម៉ាឌ្រីដ ឆ្នាំ២០១៥; សន្ធិសញ្ញា សហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (PCT) ឆ្នាំ២០១៦; កិច្ចព្រមព្រៀង ទីក្រុងទ្បា អេស្តីពីកិច្ច ការពារ គំនូរឧស្សាហកម្ម ឆ្នាំ២០១៧; កិច្ចព្រមព្រៀងទីក្រុងលីស្បោន ស្តីពីការហៅឈ្មោះតាមប្រភព ដើមនៃ ទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្ត ទំនិញ ២០១៨; សន្ធិសញ្ញាទីក្រុងប៉េកាំងស្តីពីការសម្តែង សោត ទស្សន៍ ឆ្នាំ២០១៩; និង អនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ២០២២៕ ដោយ៖ យុទ្ធ វិរ:

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner