មន្ត្រីក្រសួងបរិស្ថាន ប្រមាណ៦០០នាក់ ទទួលបាន គ្រឿងឥស្សរិយយស រង្វាន់ និង ប័ណ្ណសរសើរ ពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន

រដ្ឋមន្ត្រី្កក្រសួងបរិស្ថាន សរសើរដល់មន្ត្រីដែលមានស្នាដៃជាច្រើននាក់ និងបានបំពាក់ គ្រឿងឥស្សរិយយស ផ្តល់ប័ណ្ណសរសើរ រួមទាំងរង្វាន់ នៅក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម សាយ សំអាល់ ទទួលស្គាល់នូវការលះបង់របស់បងប្អូនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើររបស់កម្ពុជា ដើម្បីចូលរួមកសាង អភិវឌ្ឍន៍ និងស្តារឡើងវិញនូវសង្គមជាតិថ្មី បន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម មិនតែប៉ុណ្ណោះ កិច្ចការ របស់មន្ត្រី មិនត្រឹមតែបានការពារ អភិរក្សធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមកសាងនូវសង្គមជាតិថ្មី ហើយកម្ពុជាត្រូវតែមានឯកភាពជាតិមួយ បើទោះបីជាបុគ្គលម្នាក់ៗមានគំនិតខុសគ្នាក៏ដោយ ប៉ុន្តែសម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន គឺយើងត្រូវតាំងចិត្តខ្ពស់ នេះបើតាម ឯកឧត្តម សាយ សំអាល់។

គ្រឿងឥស្សរិយយស រង្វាន់ និង ប័ណ្ណសរសើរ នៅពេលនេះរួមមាន ជូនដល់អង្គភាពជ័យលាភីក្នុងការប្រឡងប្រណាំងអង្គភាពគំរូ និងផ្តល់ដល់បេក្ខជនជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងសិល្បៈថ្នាក់ជាតិ ថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្តីពីអូហ្សូនចំពោះបរិយាកាស ឆ្នាំ២០២២។

គ្រឿងឥស្សរិយយសឆ្នាំ២០២១ និងឆ្នាំ២០២២ មានចំនួនសរុប ៥៩៦រូប និងប័ណ្ណសរសើរ សរុប ១០១៨រូប សម្រាប់បំពាក់ និងផ្តល់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត រួមបញ្ចូលបុគ្គលិកផ្នែកសន្តិសុខ អនាម័យ អគ្គិសនី និងថែសួន ដែលបានខិតខំបំពេញការងារ និងមានស្នាដៃល្អប្រសើរ ក្នុងនោះរួមមាន៖ មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន២០រូប, មេដាយសុវត្ថារាថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន១១រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា ចំនួន១៥រូប, មេដាយសុវត្ថារាថ្នាក់មហាសេនា ចំនួន៥រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ ចំនួន៦រូប, មេដាយសុវត្ថារាថ្នាក់ធិបឌិន្ទ ចំនួន១៤រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់សេនា ចំនួន១៥រូប, មេដាយសុវត្ថារាថ្នាក់សេនា ចំនួន២៦រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សឬទិ្ធ ចំនួន៤រូប, មេដាយសុវត្ថារាថ្នាក់អស្សឬទ្ធិ ចំនួន៦៧រូប, មេដាយមាសការងារ ចំនួន៦២រូប, មេដាយប្រាក់ការងារ ចំនួន៨៨រូប និងមេដាយសំរឹទ្ធិ ចំនួន២៦២រូប៕ ដោយ / គ្រី សម្បត្តិ រូបភាពក្រសួងបរិស្ថាន

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner