ស្ថានទូតខ្មែរនៅកូរ៉េខាងត្បូង ស្នើពលរដ្ឋខ្មែរដែលពាក់ព័ន្ធព្រឹត្តិការណ៍ជាន់គ្នាស្លាប់ ឱ្យទាក់ទងស្ថានទូត ដើម្បីទទួលបានអន្តរាគន៍បន្ទាន់
ភ្នំពេញ៖ ស្ថានទូតខ្មែរនៅកូរ៉េខាងត្បូងអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលពាក់ព័ន្ធនឹងព្រឹត្តិ ការណ៍ជាន់គ្នាស្លាប់ជាង១៥០នាក់ក្នុងពិធីបុណ្យហាឡូវីន ឱ្យទាក់ទងទៅកាន់ស្ថានទូតដើម្បីទទួលបានអន្តរាគន៍បន្ទាន់។នេះបើតាមសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយរបស់ស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី៣០ខែ តុលាឆ្នាំ២០២២។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ លើកឡើងថា មន្ត្រីស្ថានទូតកំពុងតាមដាន ព័ត៌មាន យ៉ាង យកចិត្តទុកដាក់ ជាមួយនឹង អាជ្ញាធរ មាន សមត្ថកិច្ច ដើម្បី ពិនិត្យមើល ថាតើ មាន បង ប្អូន ខ្មែរ យើង នៅ ក្នុង ចំណោម ជន រងគ្រោះ ដែរនោះទេ ។ ស្ថានទូតបញ្ជាក់ថា៖«ប្រសិន បើ បងប្អូនមានព័ត៌មានអំពីប្រជា ពលរដ្ឋ ខ្មែរ យើងដែលជាប់ ពាក់ព័ន្ធ ឬបាត់ខ្លួនក្នុងហេតុការណ៍នេះ សូមផ្តល់ ដំណឹង មកស្ថានទូតឱ្យបានឆាប់បំផុត ដើម្បី ស្ថានទូត ចុះ ធ្វើ អន្តរាគមន៍ ជួយជាបន្ទា ន់ តាមលេខទូរស័ព្ទ 01075104324»។
សារព័ត៌មានអន្តរជាតិជាច្រើន ផ្សាយថាគិតមកដល់ត្រឹមវេលាថ្ងៃត្រង់ថ្ងៃទី៣០ខែតុលា មានមនុស្សស្លាប់ចំនួន១៥១នាក់ និងរងរបួស៨២នាក់ផ្សេងទៀត បណ្ដាលមកពីហេតុការណ៍ផ្អើលជាន់គ្នាស្លាប់ក្នុងការប្រារព្ធពិធីបុណ្យ Halloweenនៅ តំបន់ អ៊ីថេវ៉ុន នាទីក្រុងសេអ៊ូល។
ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េអ្នកស្រី ជ្រឹង បុទមរង្សី លើកឡើងក្នុងផេកហ្វេសប៊ុកផ្លូវការថា អ្នកស្រីកំពុងតាមដានពីព្រឹត្តិការណ៍នេះ ។អ្នកស្រីបន្តថា៖« យើងបានទទួលព័ត៌មានពី អាជ្ញាធរ មាន សមត្ថកិច្ច មក ថា មានជនបរទេស ចំនួន១៩នាក់ ដែលបាន ទទួល មរណភាព ក្នុង ឧប្បត្តិហេតុ នៅតំបន់ អ៊ីថេវ៉ុន នៅយប់ថ្ងៃទី២៩ រំលង ចូលអាធ្រាត ថ្ងៃ ទី ៣០ ខែតុលា នេះ ។ក្នុង ចំណោម ជន បរទេស ដែល អាជ្ញាធរ បានរក ឃើញ អត្តសញ្ញាណ គឺមិនមាន ជន ជាតិខ្មែរ ទេ»។
ទោះជាយ៉ាងណាក្ដីអ្នកស្រី ជ្រឹង បុទមរង្សី នៅតែប្រកាសឱ្យពលរដ្ឋខ្មែរដែលបាត់បង់មិត្ត
ភ័ក្តិឬសមាជិកគ្រួសារឱ្យទាក់ទងទៅកាន់ស្ថានទូត។
អ្នកស្រីជ្រឹង បុទមរង្សី៖«បើបងប្អូនណាមាន ព័ត៌មាន អំពីការបាត់ ដំណឹង មិត្តភ័ក្ដិ ឬបងប្អូន នៅ ក្នុង ហេតុការណ៍ នេះ សូម មេត្តា ផ្តល់ ព័ត៌មាន មក ស្ថានទូត ជា បន្ទាន់ ដើម្បី យើង ធ្វើ ការ អន្តរាគមន៍ »។
ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ Choi Seong-bum បានថ្លែងប្រាប់អ្នកកាសែតថា ព្រឹត្តិ ការណ៍ដ៏សង្វេគនេះគេរកឃើញមានជនបរទេស១៩នាក់បានស្លាប់ ក្នុងនោះមានជនជាតិអ៊ីរ៉ង់ ន័រវេស ចិន និង អ៊ូសបេគីស្ថាន។អាជ្ញាធរកូរ៉េកំពុងស៊ើបអង្កេតជុំវិញហេតុការណ៍នេះ។
ពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ លោក សេង សុផល និយាយថា ខ្លួនកំពុងតាមដានព័ត៌មាននៃព្រឹត្តិការណ៍នេះដែរនិងមានអារម្មណ៍សង្វេគជាពន់ពេក។
លោក សេង សុផល៖«ខ្ញុំនៅធ្វើការនេះខ្មែរយើងជាង១០នាក់រស់នៅក្បែរៗគ្នា អត់មានអ្នកណាទៅលេងនៅកន្លែងហ្នឹងទេ តាមដឹងកន្លែងហ្នឹងជាកន្លែងល្បីមួយដែរបង។ពួកយើងឃើញព័ត៌មានហើយរន្ធត់ណាស់ នឹកឃើញកាលជំនាន់ខ្មែរយើងស្លាប់នៅកោះពេជ្រអីចឹងដែរ។ ក្នុងនាមពលករម្នាក់នៅនេះ(កូរ៉េ) សូមបួងសួងឱ្យអ្នករបួសឆាប់ជាសះស្បើយនិងអ្នកស្លាប់ឱ្យពួកគាត់ទៅកាន់សុគតិភព»។
ប្រទេសកូរ៉េខាងត្បូង ជាប្រទេសមួយដែលមានពលរដ្ឋខ្មែរជាច្រើនរស់នៅនិងបំពេញការងារនៅទីនោះ។របាយការណ៍ពីក្រសួងការងារបង្ហាញថា គិតចាប់តាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២កម្ពុជាបានបញ្ជូនពលករជិត៧ម៉ឺន(៦៨,២៩៤ )នាក់ ទៅធ្វើការនៅប្រទេស កូរ៉េខាងត្បូង៕ ដោយ៖ វណ្ណ ស័ក្កិ