យ៉ែម ប៉ុញ្ញាឬទ្ធិ និងលោក ញឹក ប៊ុនឆៃ រួមគ្នាជាផ្លូវការដើម្បីដណ្ដើមកៅអីសភា ក្នុងនាមបក្សខ្មែររួបរួមជាតិ
ភ្នំពេញ៖ មេដឹកនាំគណបក្សកម្ពុជានិយមនិងជាអតីតមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិលោកយ៉ែមប៉ុញ្ញាឬទ្ធិ ប្រកាសរួមគ្នាជាផ្លូវការជាមួយ អ្នកនយោបាយយូរឆ្នាំប្រធានគណបក្សខ្មែររួបរួមជាតិរបស់លោកញឹក ប៊ុនឆៃ ដោយបញ្ចូលសមាជិកថ្នាក់ដឹកនាំ ក្នុងគណបក្សខ្មែររួបរួមជាតិ ក្នុងបំណងចូលរួមដណ្ដើមកៅអីសភានៅឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោកយ៉ែម ប៉ុញ្ញាឬទ្ធិ នៅថ្ងៃទី៣០ខែតុលាឆ្នាំ២០២២។

លោក យ៉ែម ប៉ុញ្ញាឬទ្ធិ មានប្រសាសន៍ថា លោកនឹងកាន់តួនាទីថ្មីជាអនុប្រធានគណបក្សខ្មែររួបរួមជាតិ។ លោកបន្តថា គណបក្សខ្មែររួបរួមជាតិ ដែលមានសហការីពីគណបក្សកម្ពុជានិយមមកចូលរួមផងនោះ សម្រេចថាត្រូវកែទម្រង់ផ្ទៃក្នុង ឈានទៅដណ្ដើមកៅអីសភានាពេលខាងមុខ។
លោក យ៉ែម ប៉ុញ្ញាឬទ្ធិ៖«ផ្អែកតាមសមាជិកនៅថ្ងៃនេះ យើងមិនមែនសហការគ្នាទេ តែយើងបញ្ចូលសមាជិកក្នុងបក្សតែមួយតែម្ដង។ បក្សតែមួយនោះគឺបក្សខ្មែររួបរួមជាតិ ហើយយើងឯកភាពគ្នាថានឹងកែទម្រង់ការងារចាំបាច់និងយុទ្ធសាស្ត្រមួយចំនួន ដើម្បីបង្ហាញឱ្យពលរដ្ឋម្ចាស់ឆ្នោតឃើញ ឈានទៅដណ្ដើមអសនសភា»។
លោកបន្ថែមថា គណបក្សខ្មែររួបរួមជាតិអាចនឹងត្រូវផ្លាស់ប្ដូររូបសញ្ញាបក្ស ពាក្យស្លោកបក្សរហូតដល់ឈ្មោះគណបក្សនៅក្រោយការបោះឆ្នោតជ្រើសសភានាខែកក្កដាខាងមុខ។
គណបក្សខ្មែររួបរួមជាតិបានធ្វើសមាជវិសាមញ្ញរបស់ខ្លួននៅថ្ងៃទី៣០ខែតុលា។សមាជវិ សាមញ្ញនេះសម្រេចលើសំខាន់ៗដែលរួមមាន អនុម័តសេចក្ដីព្រាង វិសោធនកម្មគោលនយោបាយ និងលក្ខន្តិកៈគណបក្ស ជ្រើសរើសបន្ថែមថ្នាក់ដឹកនាំគណបក្ស និងលើកទិសដៅអនុវត្តភារកិច្ចសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោត។គណបក្សខ្មែររួមរួមជាតិ ក៏បានអនុម័តគោលនបាយអាទិភាពប្រាំចំណុច រួមមាន ការផ្ដល់ឥណទានដល់កសិករក្នុងអត្រាការប្រាក់២%ក្នុង១ឆ្នាំ (ខ្ចីបាន១លានដល់៤លានរៀល) មន្ទីរពេទ្យរដ្ឋព្យាបាលជនពិការចាស់ជរា ស្ត្រីមានផ្ទៃពោះដោយមិនគិតថ្លៃ កែទម្រង់ឱ្យសិស្សមធ្យមសិក្សានិងបឋមសិក្សារៀនពេញមួយថ្ងៃព្រមទាំងផ្ដល់ថវិកាសម្រាប់សិស្សថ្នាក់ឧត្តមសិក្សា សង់លំនៅឋានលក់ឱ្យពលរដ្ឋដែលមានចំណូលទាប(បង់៤ពាន់រៀលក្នុង១ថ្ងៃឬ៣០ដុល្លារក្នុងខែ) ធនាប្រាក់ខែគោលទាបបំផុត១លានរៀល។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន ធ្លាប់ប្រាប់អ្នកកាសែតថា គណបក្សកាន់អំណាចមួយនេះមិនបារម្ភចំពោះការចងសម្ព័ន្ធភាពឬការរួមបញ្ចូលគ្នារវាងគណបក្សក្រៅរដ្ឋាភិបាលឡើយ។
លោក យ៉ែមប៉ុញ្ញាឬទ្ធិ បញ្ជាក់ថា ការណ៍ដែលបក្សរបស់លោកមករួមបញ្ចូលជាមួយលោកញឹក ប៊ុនឆៃ ក្រោមស្លាកបក្សខ្មែររួបរួមជាតិ នៅពេលនេះគឺធ្វើឡើងដើម្បីប្រយោជន៍ជាតិមិនមែនប្រយោជន៍បុគ្គលណាឡើយ។
លោក យ៉ែមប៉ុញ្ញាឬទ្ធិ៖«យើងរួមគ្នារួច យើងប្រកាន់នយោបាយកណ្ដាលនិយម អហិង្សា មិនយកខ្មែរណាជាសត្រូវ ដោយសា្វគមន៍អ្នកនយោបាយពីគ្រប់ទិសទី ធ្វើការជាមួយគ្នាដើម្បីលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិសេរីភាពពលរដ្ឋនិងជំរុញឱ្យមាននិតិរដ្ឋជាដើម»។
បើតាមលោកយ៉ែម ប៉ុញ្ញាឬទ្ធិ បន្ទាប់ពីសមាជវិសាមញ្ញរួច ថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិប្រមាណមួយភាគបី ជាក្រុមមនុស្សដែលមកពីគណបក្សកម្ពុជានិយមរបស់លោក។
គណបក្សខ្មែររួបរួមជាតិជាគណបក្សនយោបាយមួយដែលបែកចេញពីគណបក្សហ្វ៊ិនស៊ិនប៉ិច។ គណបក្សនេះបង្កើតឡើងកាលពីឆ្នាំ២០១៦ដែលមានលោកញឹក ប៊ុនឆៃ ជាអ្នកដឹកនាំ ក្រោយពេលដែលបក្សរាជានិយមហ៊ុនស៊ិនប៉ិចមិនបានទទួលអសនសភាសោះក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលសម្លេងជំទាស់ទាំងអស់បានលើអតីតគណបក្ស សង្គ្រោះជាតិដែលដឹកនាំដោយលោកសមរង្ស៊ីនិងលោក កឹម សុខា។
ទាក់ទងនឹងការរួមគ្នារបស់បក្សក្រៅរដ្ឋាភិបាល កាលពីខែកញ្ញាគណបក្សឆន្ទៈខ្មែរ និងបក្សភ្លើងទៀនបានប្រកាសរួមគ្នាដែរ ប៉ុន្តែមិនទាន់បញ្ចូលគ្នាក្នុងរចនាសម្ព័ន្ធផ្លូវការនៅឡើយ៕
ដោយ:វណ្ណ ស័ក្កិ