អ្នកនិពន្ធបង្កើតសៀវភៅផ្នត់គំនិតវិជ្ជមានសម្រាប់សង្គមហ៊ួន ស៊ីឡូន

អត្ថបទដោយ៖
CPA

រយៈពេល៤ឆ្នាំមកនេះ លោក ធឿន សុធា បានចេញផ្សាយស្នាដៃជាបន្តបន្ទាប់។ អ្នកអានភាគច្រើនប្រហែលជាធ្លាប់អានស្នាដៃរបស់លោករួចមកហើយដែលសៀវភៅដំបូងមានចំណងជើងថា «មនុស្សខ្មៅ» បានចេញផ្សាយជាផ្លូវការនៅចុងខែមករា ឆ្នាំ២០២១។

«មនុស្សខ្មៅ» ជាប្រភេទសៀវភៅលើកទឹកចិត្ត ដែលនិយាយអំពីដំណើរជីវិតរបស់អ្នកនិពន្ធផ្ទាល់ ដោយបានរៀបរៀងទៅតាមលំដាប់លំដោយនៃសាច់រឿង តាំងពីកុមារភាព រហូតមកដល់បច្ចុប្បន្ន។ រាល់អត្ថបទនីមួយៗ គឺបានឆ្លុះបញ្ចាំងអំពីបញ្ហា ឱកាស និងការសម្រេចចិត្ត ដោយផ្អែកលើរឿងរ៉ាវពិត និងបទពិសោធជីវិតជាក់ស្តែងដែលបានកើតមាននៅក្នុងសង្គមខ្មែរយើង។

ក្រោយពីបានចេញផ្សាយស្នាដៃទីមួយរួច លោកសង្កេតឃើញសន្ទុះអ្នកអានយ៉ាងច្រើន ដែលនេះជាកម្លាំងចិត្តបន្ថែមជួយឱ្យលោកបង្កើតស្នាដៃបន្ត។ នៅចុងខែកក្កដា ឆ្នាំ២០២១ លោកបាននិពន្ធសៀវភៅមួយក្បាលទៀត ដែលស្នាដៃទី២មានចំណងជើងថា «នាងសាខន» ជាប្រភេទសៀវភៅប្រលោមលោកបែបលើកទឹកចិត្ត ដែលនិយាយអំពីដំណើរជីវិតក្មេងស្រីម្នាក់រស់នៅត្រូវឆ្លងកាត់ស្ទើរតែគ្រប់រសជាតិ ជាពិសេសភាពល្វីងជូរចត់ និងជីវិតមិនសមប្រកប។ រាល់សាច់រឿងនីមួយៗ គឺផ្អែកលើបទពិសោធជីវិតជាក់ស្តែងដែលកើតមាននៅក្នុងសង្គមខ្មែរយើង។

ចុងខែមករា ឆ្នាំ២០២២ លោកបានចេញផ្សាយស្នាដៃមួយទៀតមានចំណងជើងថា «អ្នកជាមនុស្សដ៏អស្ចារ្យបំផុត» ជាប្រភេទសៀវភៅលើកទឹកចិត្ត និងអភិវឌ្ឍខ្លួន ដែលបានបរិយាយអំពីគំនិត ទស្សនៈ និងការយល់ឃើញនានា ដោយផ្សារភ្ជាប់ជាមួយឧទាហរណ៍ជាក់ស្តែងកើតមានក្នុងសង្គមខ្មែរយើង។ រាល់ការរៀបរាប់ គឺក្នុងន័យបណ្តុះផ្នត់គំនិត ថាមពល ឆន្ទៈ ពេញចិត្តនូវអ្វីដែលខ្លួនមាន និងហ៊ានធ្វើអ្វីដែលខ្លួនចង់បាន ដើម្បីអាចសម្រេចគោលដៅក្លាយជាបុគ្គលមានតម្លៃសម្រាប់សង្គមជាតិ និងភពផែនដីមួយនេះ។
ដោយសេចក្ដីស្រឡាញ់អាជីពអ្នកនិពន្ធ និងដោយការខិតខំដោយមិនរាថយ ក្នុងឆ្នាំ២០២២ ខែកញ្ញា កន្លងទៅថ្មីៗនេះ លោកក៏បានចេញផ្សាយស្នាដៃថ្មីមួយទៀត។ នេះជាស្នាដៃទី៤ របស់លោកក្នុងនាមជាអ្នកនិពន្ធជំនាន់ថ្មី។ សៀវភៅថ្មីនេះមានចំណងជើងថា «បើអ្នកក្រហើយ» ជាប្រភេទសៀវភៅលើកទឹកចិត្ត ដែលរៀបរាប់អំពីភាពខ្មៅងងឹតនៃដំណើរជីវិតរបស់អ្នកក្រ ដោយផ្សារភ្ជាប់ជាមួយឧទាហរណ៍ជាក់ស្តែងកើតមានក្នុងសង្គមខ្មែរយើង។ រាល់ការលើកឡើង គឺក្នុងន័យផ្តល់ជាសារដាស់តឿនក្រើនរំលឹកដល់ជនផងទាំងឡាយ បានសិក្សាឈ្វេងយល់ពីផលលំបាក បុគ្គលិកលក្ខណៈ និងសកម្មភាពនានា ដែលបណ្តាលឱ្យធ្លាក់ក្នុងជ្រោះជ្រៅដោយពុំដឹងខ្លួន។ ជាពិសេសជួយឱ្យអ្នកមានថាមពលអាចតស៊ូ ខិតខំ ព្យាយាមជម្នះ ហើយធ្វើយ៉ាងណាគេចផុតពីភាពក្រីក្រ លំបាក តោកយ៉ាក ដាច់យ៉ៃ។ល។

លោកបានបង្ហាញចំណាប់អារម្មណ៍ក្នុងវិថីអ្នកនិពន្ធដូច្នេះថា «ខ្ញុំមានក្តីស្រមៃធំ ចង់ក្លាយជាអ្នកនិពន្ធល្បីឈ្មោះមួយរូប ចង់ធ្វើជាអ្នកចែករំលែកចំណេះដឹង ផ្តល់ជាផ្នត់គំនិតវិជ្ជមាន និងបទពិសោធជីវិតដល់ក្មេងៗជំនាន់ក្រោយ អ្នកទន់ខ្សោយ ឬអ្នកដែលគ្មានឱកាស»។ លោកបានបន្ថែមថា «ជាដំបូង ខ្ញុំគ្រាន់តែជាអ្នកចូលចិត្តអានសៀវភៅធម្មតាៗ ហើយក៏ទទួលបានចំណេះដឹង ក៏ដូចជាគំនិតជាច្រើន រួចក៏ចាប់ផ្តើមចេះចែករំលែកពីសារៈសំខាន់នៃអំណានដល់មនុស្សជុំវិញ។ បន្ទាប់មកដោយឃើញថាវាមានប្រសិទ្ធិភាព ហើយចង់បំផុសស្មារតី និងចូលរួមលើកស្ទួយការអាន ជាពិសេសចង់ឱ្យអ្វីដែលខ្ញុំបានដឹង បានយល់ និងគិតថាមានប្រយោជន៍បានទៅដល់ដៃមនុស្សជាច្រើនផង ក៏សម្រេចសរសេរជាសៀវភៅទាំងនេះឡើង។ បន្ថែមពីនេះ ដោយយោងទៅលើបទពិសោធជីវិត ចំណេះជំនាញ និងផ្នត់គំនិតដែលខ្លួនបានឆ្លងកាត់ ហើយក៏មិនសូវឃើញមានស្នាដៃបែបនេះមានច្រើននៅទីផ្សារ ដែលលើកយករឿងវ៉ាវជីវិត និងឧទាហរណ៍នានាចេញពីសង្គមខ្មែរពិតជាក់ស្តែង ទើបបង្កើតចេញជារូបរាងសៀវភៅ៤ចំណងជើងនេះ គឺគិតក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ»។

សូមរម្លឹកថា លោក ធឿន សុធា កើតនៅឆ្នាំ១៩៨៥ ជាកូនទី២ ក្នុងចំណោមបងប្អូន ៦នាក់ (ប្រុស៣ ស្រី៣) ជាកូនកសិករមួយ ដែលមានទីលំនៅ ភូមិថ្មី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពី។ លោកបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០០៦ នៅវិទ្យាល័យឧដុង្គ និងបានបញ្ចប់បរិញ្ញាបត្រជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ នៅឆ្នាំ២០១០ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។

នាពេលរយៈកន្លងមក លោកបានផ្ដល់ស្នាដៃរបស់លោកទៅចែករំលែក ឬធ្វើជាធម្មទាន នៅតាមបណ្ណាល័យ សាលា អង្គការ និងចែកជូនជាកាដូអនុស្សាវរីយ៍ដល់អ្នកស្រឡាញ់ការអានជាច្រើនដោយឥតគិតថ្លៃ ក្នុងន័យរួមចំណែកចែករំលែកចំណេះដឹងដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

សម្រាប់ព័ត៌មានបន្ថែម មិត្តអ្នកអានអាចតាមដានការចែករំលែកគំនិតល្អៗ តាមផេកផ្លូវការ(មនុស្សខ្មៅ) ឬតាមដានហ្វេសប៊ុកផ្ទាល់ខ្លួនលោក (ធឿន សុធា)។
ប្រសិនបើមិត្តអ្នកអានចាប់អារម្មណ៍ចង់ជាវសៀវភៅ សូមទំនាក់ទំនងតាមរយៈ 077 / 070 97 87 17៕ ដោយ:ហ៊ួន ស៊ីឡូ

ads banner